វិស័យសំណង់កម្ពុជារំពឹងងើបឡើងក្នុងរង្វង់៣ភាគរយក្នុងឆ្នាំ២០២២នេះ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្រោយរង្គោះរង្គើដោយសារតែវិបត្តិនៃកូវីដ១៩ អស់រយៈពេលប្រមាណ២ឆ្នាំកន្លងទៅ សកម្មភាពសេដ្ឋកិច្ចនៅតាមវិស័យនានា គាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា បានចាប់ផ្ដើមមានសកម្មភាពកម្រើកឡើងវិញ។

ក្នុងនោះ វិស័យសំណង់ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចផងដែរនោះ ក៏រំពឹងថានឹងងើបឡើងវិញក្នុងរង្វង់៣ភាគរយ ក្នុងឆ្នាំ២០២២នេះ។ នេះបើតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅចុងសប្ដាហ៍កន្លងទៅនេះ។

តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ក្នុងរយៈពេលមួយត្រីមាស ក្នុងឆ្នាំ២០២២ ការអនុម័តលើគម្រោងសាងសង់សរុបមានចំនួន១០០១គម្រោង បានធ្លាក់ចុះ៦៥គម្រោង ស្មើនឹង៦,១ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ក្នុងនោះ ការធ្លាក់ចុះគម្រោងប្រភេទសំណង់ សាធារណៈ សំណង់លំនៅឋាន ភូមិគ្រឹះ សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍។

ក្នុងព្រឹត្តិបត្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីពេលថ្មីៗនេះ ដែរក៏បានព្យាករថា វិស័យសំណង់រំពឹងថា នឹងងើបឡើងវិញក្នុងអត្រា៣ភាគរយ នៅក្នុងឆ្នាំ២០២២នេះ ដោយសារតែកំណើននៃការផ្ដល់ឥណទានលើវិស័យសំណង់បានបន្តកើនឡើង ស្របពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តតាមដាន និងដាក់ចេញគោលនយោបាយអន្តរាគមន៍ ឱ្យបានទា់ពេលវេលា សំដៅបញ្ចៀសហានិភ័យ ដែលអាចនឹងកើតឡើង។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ការវិនិយោគលើសំណង់ក្នុងប្រទេសកម្ពុជា ភាគច្រើនជាអ្នកវិនិយោគក្នុងស្រុក ដោយមិនទាន់មានការវិនិយោគពីខាងក្រៅច្រើននៅឡើយទេ ដោយរំពឹងថានៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយនឹងមានការវិនិយោគពីខាងក្រៅឡើងវិញ។

ទន្ទឹមនឹងការរំពឹងនៃការកើនឡើងនៃវិស័យសំណង់ប្រមាណ៣ភាគរយនេះដែរ វិស័យនេះក៏ត្រូវបានរងផលប៉ះពាល់មួយទៀតពីឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន នាំឱ្យមានការកើនឡើងនៃប្រេងឥន្ធនៈ ដែលជំរុញឱ្យតម្លៃសម្ភារៈសំណង់ក៏មានការកើនឡើងថ្លៃផងដែរ។ ប៉ុន្តែ បើក្រលេកទៅមើលអ្នកអភិវឌ្ឍន៍សំណង់មួយចំនួនក៏មិនទាន់ដំឡើងថ្លៃដែរ ដោយនៅរក្សាលំនឹងថេរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here