ស្វែងយល់អាស៊ាន! មេដឹកនាំអាស៊ាន​ចាត់​ទុក​ទំនាក់​ទំនង​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម​រវាង​អាស៊ាន​-​ចិន​មិន​អាច​ខ្វះបាន

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានសំដែងសុឆន្ទៈ និងជំនឿយ៉ាងមុតមុំាបំផុតចំពោះទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ចិន ដោយមេដឹកនាំទាំងនោះបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលផ្លែផ្កាជាច្រើន ដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលបាននឹងកំពុងចូលរួមចំណែកក្នុងបុព្វហេតុស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ចំណងការទូត និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តី សិង្ហបុរីឪ្យដឹងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ ដែលប្រព្រឹត្តិទៅក្រោមប្រធានបទ «ការពិនិត្យឡើងវិញនូវកិច្ច សហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត»នៅថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០១៨នេះថា សេដ្ឋកិច្ចរវាងអាស៊ា-ចិនត្រូវតែធ្វើឡើងដោយបើកចំហរ និងតភ្ជាប់ដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមក ដោយឈរលើប្រព័ន្ធពាណិជ្ជកម្មចម្រុះភាគី (multilateral trading system)។
លោកលី បន្តថា ទំហំពាណិជ្ជកម្មរបស់ប្រទេសចិននៅក្នុងតំបន់អាស៊ានឈរនៅលេខរៀងទី ១ អស់រយៈពេល ៨ ឆ្នាំកន្លងមកហើយ ដោយគិតត្រឹមឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិនកើនដល់ ៤៤២ ពាន់លានដុល្លារពោលស្មើរ ១៧ ភាគរយ នៃ ទំហំពាណិជ្ជកម្មអាស៊ានសរុប។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានគូសបញ្ជាក់ថា កម្ពុជាមានជំនឿយ៉ាងមុតមាំថា ចិនគឺជាដៃគូយុទ្ធសាស្រ្តមួយមិនអាចខ្វះបានរបស់អាស៊ាន ទោះស្ថិតនៅក្នុងកាលៈទេសៈ និងបរិការណ៍ណាក៏ដោយ ហើយសង្ឃឹមថាទំនាក់ទំនងនេះនឹងកាន់តែស្ថិតស្ថេរជ្រាលជ្រៅក្នុងស្មារតីតម្កល់ផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នជូនប្រជាជាតិទាំងអស់។

សម្តេចបន្តថា កម្ពុជាគាំទ្រការបន្តពង្រឹង និងពង្រីកវិសាលភាព កិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ រវាងអាស៊ាននិងចិនឲ្យកាន់តែខ្លាំងឡើងមួយកម្រិតទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់យើងប្រកបដោយចីរភាព និងបរិយាប័ន្ន។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ ថ្ងៃនេះ គឺអង្គប្រជុំបានឯកភាពគ្នាក្នុងការចេញសេចក្តីប្រកាសព័ត៌មានរួមរបស់ប្រធានកិច្ចប្រជុំអាស៊ាន-ចិន លើកទី២១, ចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ២០៣០, សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍អាស៊ាន-ចិន, និង របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាព២០១៦-២០២០ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលភាព រួមទាំងបញ្ជីសកម្មភាពសម្រាប់រំលឹកខួបអនុស្សាវរីយ៍១៥ឆ្នាំ នៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន និងបញ្ជីសកម្មភាពសម្រាប់ឆ្នាំនៃនវានុវត្តន៍អាស៊ាន-ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here