CBC៖ កម្ចីទិញផ្ទះនិងអចលនទ្រព្យកើនដល់៧ពាន់លានដុល្លារ

0

ដោយ៖ សុផារី

ភ្នំពេញៈ របាយការណ៍ត្រីមាសទី២ របស់ការិយាល័យឥណទានកម្ពុជា​ ឬហៅកាត់ថា CBC បានបង្ហាញថា គិតមកត្រឹមពាក់កណ្តាលឆ្នាំ២០២២នេះ កម្ចីក្នុងវិស័យអចលនទ្រព្យ ដែលផ្តល់ឲ្យដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជាកំពុងបង្ហាញពីកំណើនល្អប្រសើរឡើងវិញច្រើន។

បើតាមទិន្នន័យរបស់ CBC បានបង្ហាញថា កម្ចីក្នុងវិស័យអចលនទ្រព្យដែលភាគច្រើនផ្តោតលើការទិញផ្ទះ បានកើនដល់ប្រមាណ៧ ពាន់លានដុល្លារគិតត្រឹមដំណាច់ខែមិថុនាឆ្នាំ២០២២ ដែលកើនឡើងពីត្រឹម៦,៤ពាន់លានដុល្លារកាលពីដំណាច់ឆ្នាំ២០២១។

កម្ចីអចលនទ្រព្យបន្តកំណើនរឹងមាំ បានឆ្លុះបញ្ចាំងពីការគាំទ្រដល់ដ៏សំខាន់ពីគ្រឹះស្ថានធនាគារ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ។ គ្រឹះស្ថានធនាគារភាគច្រើនផ្តល់កម្ចីទិញទិញផ្ទះ​ដោយ​មាន​​អត្រាការប្រាក់៧,៥ភាគរយក្នុងមួយឆ្នាំ សម្រាប់ទ្រព្យ​ធានាជា​អចលនទ្រព្យប្លង់រឹង ចំណែកអចលនទ្រព្យប្លង់ទន់ ទទួលបានកម្ចី ជាមួយអត្រាការប្រាក់ក្នុងរង្វង់១០ភាគរយក្នុងមួយឆ្នាំ។

កម្ចីអចលនទ្រព្យគឺជាផ្នែកមួយនៃ ឥណទានលក្ខណៈបុគ្គលដែលកត់ត្រាដោយការិយាល័យឥណទានកម្ពុជាហើយគិតមកត្រឹមខែមិថុនាឆ្នាំ២០២២នេះ ឥណទានលក្ខណៈបុគ្គលបានកើនដល់១៣ពាន់លានដុល្លារ។

សម​តុល្យឥណទានលក្ខណៈបុគ្គល រួមមានឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ប័ណ្ណឥណទាន និងកម្ចីអចលនទ្រព្យ។ ក្នុងនោះ កម្ចីអចលនទ្រព្យមានចំណែកដល់ទៅ៥៤ភាគរយ នៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប៕​

LEAVE A REPLY

Please enter your comment!
Please enter your name here