សុខុម
ហាណូយ: ប្រាក់កម្ចីមិនទាន់ទូទាត់សង (Outstanding Loan) ក្នុងវិស័យអចលនទ្រព្យវៀតណាម គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានកើនឡើង១៤,០៧%ឈានដល់១០២,៧ពាន់លានដុល្លារអាមេរិក ដែលជាអត្រាខ្ពស់ខ្លាំងបើធៀបនឹងកំណើនកម្ចីធនាគារជាមធ្យម។
នាយកប្រតិបត្តិមួយរូបមកពីធនាគាររដ្ឋវៀតណាម (State Bank of Việt Nam) ដែលជាធនាគារកណ្ដាលប្រទេសនេះបានទម្លាយឱ្យដឹងក្នុងលក្ខខណ្ឌអនាមិកថា ការកើនឡើងយ៉ាងខ្លាំងនូវប្រាក់កម្ចីបានជួយវិស័យអចលនទ្រព្យទប់ទល់នឹងកង្វះសាច់ប្រាក់ ដែលបណ្តាលមកពីផ្សារភាគហ៊ុនដាំក្បាលចុះ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៥ ខែកញ្ញា។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍ទីផ្សារលើកឡើងថា ប្រាក់កម្ចីយ៉ាងច្រើនពីធនាគារនានាបានហូរចូលទៅក្នុងគម្រោងអចលនទ្រព្យនៅឆ្នាំនេះ។
អ្នកជំនាញខាងធនាគារ លោក Đinh Thế Hiển និយាយថា វិស័យអចលនទ្រព្យទាក់ទាញប្រាក់កម្ចីពីធនាគារបានច្រើនជាងវិស័យណាៗទាំងអស់។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបានគូសបញ្ជាក់ថា មិនមែនក្រុមហ៊ុនអចលនទ្រព្យទាំងអស់សុទ្ធតែទទួលបានកម្ចីពីធនាគារដោយងាយស្រួលនោះទេ ពោលគឺមានតែក្រុមហ៊ុនធំៗ និងក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ធនាគារប៉ុណ្ណោះ។
ពួកគេបានបន្តថា ក្រុមហ៊ុនផ្សេងៗទៀតបានជួបការលំបាកក្នុងការទទួលបានប្រាក់កម្ចី ដោយសារខ្វះសាច់ប្រាក់ ចំពេលធនាគារកណ្តាលកំពុងរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។
ទីផ្សារមូលបត្របំណុលសាជីវកម្មនៅវៀតណាម មិនទាន់ងើបឡើងវិញនៅឡើយទេ បន្ទាប់ពីរឿងអាស្រូវពាក់ព័ន្ធនឹងក្រុមហ៊ុនអចលនទ្រព្យ Tân Hoàng Minh Group ចាប់តាំងពីវិធានការនិយ័តកម្មតឹងរ៉ឹង ដើម្បីទប់ស្កាត់កុំឱ្យករណីបែបនេះកើតឡើងដដែលៗ នៅពេលអនាគត ត្រូវបានបណ្ដាទីភ្នាក់ងាររដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់។
ស្ថិតិពីសមាគមផ្សារមូលបត្រវៀតណាម (Việt Nam Bond Market Association) បង្ហាញយ៉ាងច្បាស់អំពីរឿងនេះ។ នៅក្នុងខែកក្កដា កន្លងទៅ មានតែក្រុមហ៊ុនអចលនទ្រព្យមួយប៉ុណ្ណោះដែលអាចបោះផ្សាយមូលបត្របំណុល និងប្រមូលដើមទុនបានចំនួន៨,៦លានដុល្លារអាមេរិក ដោយដាំក្បាលចុះរហូតដល់ទៅ៩៨%៕
x