ក្រុមហ៊ុនលំដាប់យក្សកម្ពុជាសហការវិនិយោគជាមួយក្រុមហ៊ុនអន្តរជាតិ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុន (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំដាប់យក្សមួយរបស់កម្ពុជា និងសមាគមលក់រាយម៉ាឡេស៊ី (MRCA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាបន្ថែមទៀត ដើម្បីជំរុញខ្សែសង្វាក់អាជីវកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា។

ពិយោងតាមសេចក្តីប្រកាសរបស់ OCIC កាលពីដើមសប្តាហ៍នេះបាន​ឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយពង្រីកអាជីវកម្មរបស់ភាគីទាំងពីរ រួមមាន មជ្ឈមណ្ឌលផ្សារទំនើប អាកាសចរណ៍ ការអភិវឌ្ឍន៍ទីក្រុងរណប ការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ និងការផ្គត់ផ្គង់សំណង់ សណ្ឋា​គារ និងរមណីយដ្ឋាន ការអប់រំ កសិកម្ម ការលំហែ និងវប្បធម៌ វេជ្ជសាស្ត្រ កាសែត និងបោះពុម្ព។

ក្នុងឱកាសចុះអនុស្សរណៈយោគយល់គ្នានេះ OCIC បាននាំយកប្រតិភូMRCA ចំនួន65នាក់ ទៅទស្សនាអង្គភាពអាជីវកម្មលក់រាយដ៏គួរឱ្យទាក់ទាញជាច្រើនរបស់ OCIC រួមមាន The Olympia Mall និង The Promenade Des Champs Élysées។

លោកស្រី Lim Lychin នាយកក្រុមហ៊ុន OCIC និងក្រុមហ៊ុន Mega Asset Management Co., មានប្រសាសន៍ថា “ក្រុមហ៊ុនOCIC ត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ សហគមន៍ធុរកិច្ចម៉ាឡេស៊ីមកកាន់កម្ពុជា ព្រោះយើងមានសុទិដ្ឋិនិយមថា កំណើនពាណិជ្ជកម្មដ៏រឹងមាំ និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងហេតុផលជាច្រើនផ្សេងទៀត ដែលនឹងបន្តជួយជំរុញនិងពង្រីកកិច្ចសហការទេ្វភាគីនេះ ឱ្យកាន់តែមានភាពប្រសើរនិងរីកចម្រើនទៅមុខបានយ៉ាងឆាប់រហ័ស”

ប្រតិភូ MRCA ក៏បានស្វែងយល់ពីផ្នែកនៃភាពជាដៃគូ នៅក្នុងគម្រោងផ្សេងៗទៀតរបស់OCIC ក្រៅពីអង្គភាពអាជីវកម្មលក់រាយរបស់ខ្លួនផងដែរ។ ដំណើរ​ទស្សន​កិច្ច​នេះ ​ក៏​មាន​គោល​បំណង​បង្កើត​ភាព​ជា​ដៃ​គូ​ យុទ្ធសាស្ត្រ​ក្នុង​វិស័យ​ដែល​មាន​ផលប្រយោជន៍ ​ទៅ​វិញ​ទៅ​មក​ដល់​អង្គភាពទាំង​ពីរផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here