ដោយៈ សុខុម
ប៉េកាំង: អគាររមួលដែលជាស្នាដៃស្ថាបត្យកម្ម ថ្មីសន្លាងមួយនៅក្រុងឆុងឈីង (Chongqing) ប្រទេសចិន មានឈ្មោះល្បីល្បាញយ៉ាងខ្លាំង ព្រោះវាជាប់ឈ្មោះ ក្នុងចំណោមអគារដែលរមួលខ្លាំងបំផុត ទូទាំងពិភពលោក។
យោងតាមសេចក្តីប្រកាសព័ត៌មានមួយឱ្យដឹងថា អគារDance Of Light Towerដែលឌីហ្សាញឡើង ដោយក្រុមហ៊ុនស្ថាបត្យកម្ម Aedas និងដែលត្រូវបានសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំនេះ មានកម្ពស់១៨០ម៉ែត្រ និងមានរាងរមួល យកលំនាំតាមទ្រង់ទ្រាយនៃពន្លឺពណ៌ស្វាយ Northern Lights ដែលជះទៅលើមេឃយ៉ាងអស្ចារ្យនៅតំបន់ Arctic និងតំបន់ Antarctic។
ក្រុមហ៊ុនស្ថាបត្យកម្ម Aedas លើកឡើងថា អគារដែលមានទីតាំងស្ថិតនៅXingfu Plaza ក្នុងសង្កាត់ជាំងប៉ី (Jiangbei) នៃទីក្រុង Chongqing នេះប្រើប្រាស់ទម្រង់ដ៏សាមញ្ញ លាយឡំនឹងភាពឆើតឆាយនៃផ្នែកខាង មុខដែលមានរាងកោងខ្លាំង ដើម្បីឱ្យមើលទៅឃើញអគារនេះរមួល។
អគាររមួលខ្ពស់ៗ ទទួលបានការពេញនិយមខ្លាំង នៅរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ ដោយសារមានការរីកចម្រើន ផ្នែកកម្មវីធីកុំព្យូទ័រដែលប្រើប្រាស់ សម្រាប់ការងារសាងសង់ វិស្វកម្ម និងស្ថាបត្យកម្ម។
តោះ! ដើម្បីជ្រាបកាន់តែច្បាស់អំពីអគាររមួលនេះថា តើវារមួលខ្លាំងប៉ុណ្ណា និងស្រស់ស្អាតយ៉ាងណា សូមទស្សនារូបភាពខាងក្រោមទាំងអស់ គ្នា៕ CNN៕