ក្រុមហ៊ុនផ្សារទំនើបធំៗចាប់ផ្តើមប្រកួតប្រជែងគ្នានៅក្នុងខ័ណ្ឌសែនសុខ

0

ដោយស៊ីវ ម៉េង

ភ្នំពេញ: ក្រុមហ៊ុនផ្សារទំនើបធំៗជាច្រើន បាននិងកំពុងចាច់ផ្តើមប្រកួតប្រជែងគ្នាលើទឹកដីខ័ណ្ឌសែនសុខ ដែលជាតំបន់រីកចម្រើនយ៉ាងលឿន នៃភាគខាងជើងឈៀងខាងលិចក្រុងភ្នំពេញ។

ការទៅដល់នៃផ្សារទំនើប AEON MALL2 ផ្សារទំនើប MAKRO ផ្សារទំនើបនៃក្រុមហ៊ុនឌីហ្វេសអាយឡាក់គី ផ្សារ Global House និងផ្សារទំនើបនៃក្រុមហ៊ុនជីព ម៉ុងបានធ្វើឲ្យតំបន់នេះមានភាព​រីកចម្រើនខ្លាំង និងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីអ្នកវិនិយោគជាតិ និងអន្តរជាតិសាងសង់បុរីជាច្រើននៅតំបន់នេះផងដែរ។

លោក Stephane Pariente នាយកប្រតិបត្តិក្រុមហ៊ុនផ្សារទំនើប Lucky ​និងហ្កាឌៀនបានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីសម្ភោធសាខាផ្សារទំនើបរបស់ខ្លួនកាលពីម្សិលម៉ិញនេះថា ក្រុមហ៊ុនឌីហ្វេសអាយឡាក់គី មានសាខាផ្សារទំនើបចំនួន១៧ និងហ្គាឌៀន​ចំនួន​១០។​ ដោយមានការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពីបុគ្គលិក និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ក្រុមហ៊ុនឌីហ្វេសអាយឡាក់គី និងប្តេជ្ញាថែរក្សារជាផ្សារទំនើបដែលឈានមុខគេនៅប្រទេសកម្ពុជា។

លោកបន្តថា “ផ្សារទំនើបឡាក់គី តែងតែផ្តោតសំខាន់លើការផ្តល់ជូនអតិថិជននូវទំនិញ ដែលមានគុណភាពល្អបំផុតនិងផលិតផលគ្រប់ប្រភេទ ដែលមានកត្តានុភាពសំរាប់ប្រើប្រាស់ដល់អតិថិជន”។

លោកបន្តថា “ក្រុមហ៊ុនឌីហ្វេសអាយឡាក់គី មានមោទនភាព​និងមានភាពរីករាយជាខ្លាំង នូវការនាំមកនូវផ្សារទំនើបឡាក់គី និងហ្គាឌៀនសាខាសែនសុខ”។

បច្ចុប្បន្នមានបុរីជាច្រើននៅតំបន់នេះ ដូចជាបុរីភ្នំពេញថ្មី បុរីវិមានភ្នំពេញ បុរីប៉េង ហួត បុរីពិភពថ្មី បុរីអង្គរភ្នំពេញ បុរីARATAដែលវិនិយោគដោយក្រុមហ៊ុនជប៉ុនជាដើម។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា ផ្សារទំនើបតូច ធំចំនួន១៣ គ្រោងបើកដំណើរការនៅឆ្នាំ២០១៨នេះ ប៉ុន្តែក្នុងចំណោមគំរោងទាំងនោះ មានគំរោងផ្សារទំនើបមួយចំនួនបានពន្យាពេល ដោយសារការសាងសង់មិនទាន់ពេលវេលា។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ការរីកចម្រើនផ្សារទំនើបនៅកម្ពុជាឆ្លុះបញ្ចាំងពីកំនើនអំណាចនៃការទិញ ដោយ​សារការរីកចម្រើនសេដ្ឋកិច្ចសង្គមកម្ពុជា ពិសេសអ្វីដែលយើងមើលឃើញគឺចំនួនផ្សារទំ​នើបដែលមានបច្ចុប្បន្នមិនទាន់ច្រើននោះទេ ធៀបនឹងទំហំផ្សារនិងចំនួនប្រជាពលរដ្ឋរស់​នៅទីក្រុងនេះ ប៉ុន្តែប្រសិនជាផ្សារទំនើបកាន់តែច្រើនឡើងត្រូវបានបង្កើតបន្ថែមទៀត វា​នឹងធ្វើឲ្យទីផ្សារមានបញ្ហា ដោយសារការផ្គត់ផ្គង់អាចលើសតម្រូវការ។

លោកវ៉ា វីរៈអគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment បានមានប្រ​សាសន៍ឲ្យដឹងផងដែរថា តំបន់ស្ថិតនៅក្នុងខ័ណ្ឌសែនសុខ មានការរីកចម្រើនលឿន និង​មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ហេតុនេះអ្នកវិនិយោគដែលចូលមកវិនិយោគតំបន់នេះ​ពួកគេពិតជាបានសិក្សាទីផ្សាររួមហើយ ទើបពួកគេវិនិយោគ។លោកបន្តថា អ្នកវិនិយោគមើលឃើញអំណាចនៃការទិញកើនឡើង ទើបពួកគេចូលទៅវិនិយោគតំបន់នេះ ដោយសា​រលំហូរប្រជាជនចូលទៅរស់នៅតំបន់នេះច្រើន ព្រោះបច្ចុប្បន្នមានបុរីជាង១០ហើយ បាននិងកំពុងវិនិយោគនៅតំបន់នេះ។

លោកបន្តថា “បើយើងមើលមួយភ្លេតគឺផ្សារហាក់មានចំនួនច្រើន ប៉ុន្តែបើយើងមើលកំ​នើនប្រជាជន និងការចាប់យកចំណែកទីផ្សារខុសៗគ្នា ពីអ្នកវិនិយោគនៅតំបន់នោះ ចំនួនផ្សារទាំងនោះមិនច្រើននោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here