ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)បានពន្យល់ និងលើកឡើងនូវមូលដ្ឋានសំខាន់ៗជាច្រើន ដែលធ្វើឲ្យតម្លៃដីនៅតែបន្តកើនឡើង។
លោកបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តម្លៃដីធ្លីជាមធ្យមមានកំនើនចន្លោះពី១០ ទៅ១៥ភាគរយ ប៉ុន្តតំបន់ខ្លះឡើងថ្លៃខ្ពស់ជាងនេះ អាស្រ័យលើសក្តានុពលនៃទីតាំងទាំងនោះ ដែលតំបន់ខ្លះឡើងដល់៣០ភាគរយ តំបន់ខ្លះឡើង៥០ភាគរយ ឬ១០០ភាគរយជាដើម។
លោកបន្តថា “មូលហេតុដីនៅតែឡើងថ្លៃដោយសារគោលនយោបាយពង្រីករាជធានី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីជម្រុញការរីកចម្រើនក្នុងវិស័យនេះ”។ លោកបន្តថា “កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចល្អប្រសើររបស់កម្ពុជា ក៏ជាមូលដ្ឋានគ្រឹះជម្រុញឲ្យវិស័យនេះមានភាពរីកចម្រើនផងដែរ”។
លោកច្រឹក សុខនីមបានបន្តថា នៅតាមតំបន់ជាយរាជធានីភ្នំពេញទំាងមូល កំពុងតែមានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ ជាពិសេសដីធ្លី តែនាពេលបច្ចុប្បន្នសន្ទុះនៃការរីកចម្រើនខ្លាំង គឺនៅតាមបណ្តោយផ្លូវជាតិលេខ១ ដោយរីចម្រើនតាមបែបធម្មជាតិ ព្រោះតំបន់នោះមានការអភិវឌ្ឍលំនៅដ្ឋាន មានលក្ខណៈយូអង្វែង បន្ទាប់មកតំបន់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក៏កំពុងមានការរីកចម្រើនខ្លាំងណាស់ដែរ និងតំបន់ងាកទៅជាយបន្តិចគឺនៅតំបន់ភ្នំប្រសិទ្ឋ ដោយសារតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធល្អ ហើយប្រជាពលរដ្ឋនៅទីនោះ កំពុងទទួលបាលផលចំណេញពីការលក់ដីធ្លី។
លោកបន្តថា “តំបន់ជាយក្រុងនាពេលបច្ចុប្បន្ននេះ កំពុងមានការអភិវឌ្ឍន៍ទាំងហេដ្ឋាចរនាសម្ព័ន្ធ និងអគារផ្សេងៗ ដោយគ្រាន់តែទុកពេលមួយរយៈពេលខ្លីប៉ុណ្ណោះ”៕