ដោយៈ សហការី
ភ្នំពេញៈ លោកបណ្ឌិតកៅ គឹម ហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ត្រូវបានប្រកាសតែងតាំង ជាអគ្គលេខាធិការអាស៊ាន ចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងនាមជាជនជាតិខ្មែរដំបូងគេ ដែលនឹងកាន់ដំណែងដ៏មានកិត្យានុភាពនេះ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកគ្រួសារអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។់
តើបុគ្គលសំខាន់ ដែលនឹងឈានជើងមកកាន់តំណែង ដ៏សំខាន់មួយនេះជានរណា?
លោកបណ្ឌិតកៅ គឹមហួន កើតនៅឆ្នាំ១៩៦៦ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន លោកជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាសមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថានJeffrey Cheah ស្តីពីអាស៊ីអាគ្នេយ៍ សមាជិកនៃក្រុមប្រឹក្សាសកលនៃសង្គមអាស៊ី និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃអ្នកគាំទ្រទូទាំងពិភពលោកសំរាប់ការអភិវឌ្ឍ (WSD)។
ក្រោយពីទទួលបានការអប់រំនៅសហរដ្ឋអាមេរិក លោកបានត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៩៣ និងបានដើរតួនាទីសំខាន់ នៅក្នុងការចូលជាសមាជិកអាស៊ានរបស់កម្ពុជា នៅឆ្នាំ១៩៩៩ផងដែរ ហើយបានបន្តជាអ្នកនាំមុខ សំរាប់កិច្ចការអន្តរជាតិនៅក្នុងកម្ពុជា ជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៣ និងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៣។
ចាប់ពីឆ្នាំ២០០៦ លោក កៅ គឹមហួន បានធ្វើជាអនុប្រធានក្រុមទីប្រឹក្សា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងពេលជាមួយគ្នា លោកគឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃអ្នកគាំទ្រទូទាំងពិភពលោកសំរាប់ការអភិវឌ្ឍ មានមូលដ្ឋាននៅទីក្រុងតូក្យូ ចាប់តាំងពីឆ្នាំ២០០៨។ លោកក៏ជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃកាកបាទក្រហមកម្ពុជា សំរាប់រយៈពេលពីរអាណត្តិ។
លោកធ្លាប់ជាសមាជិកជំនួស ឱ្យតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានរបស់កម្ពុជា ពីខែសីហា ឆ្នាំ២០០៩ ដល់ខែកញ្ញា ឆ្នាំ២០១៣ ព្រមទាំងជាអគ្គលេខាធិការនៃលេខាធិការដ្ឋានជាតិអាស៊ាន-កម្ពុជា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៣។
នៅឆ្នាំ២០១៣ លោកត្រូវបានតម្លើងឋានៈជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកកិច្ចការបរទេស និងអាស៊ាន ដែលគាត់កំពុងកាន់តំណែងក្នុងពេលបច្ចុប្បន្ន។ ពីខែតុលា ឆ្នាំ២០១៦ ដល់ ខែឧសភា ឆ្នាំ២០១៧ លោកធ្វើជាអនុប្រធានគណៈកម្មការអន្តរ- ក្រសួងរៀបចំកិច្ចប្រជុំ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី អាស៊ាន ឆ្នាំ២០១៧។
បច្ចុប្បន្នលោកជាសមាជិកជាន់ខ្ពស់ នៅវិទ្យាស្ថាន Jeffrey Cheah ស្តីពីអាស៊ីអាគ្នេយ៍ និងក៏ជាសមាជិកក្រុមប្រឹក្សាសកលនៃសង្គមអាស៊ី។
លោកក៏ជាសកលវិទ្យាធិការ នៃសាកលវិទ្យាល័យកម្ពុជា (UC) នៅឆ្នាំ២០០៣ និងជាម្ចាស់បណ្តាញទូរទស្សន៍ និងស្ថានីយវិទ្យុអាស៊ីអាគ្នេយ៍។ ក្រៅពីតួនាទីខាងលើ លោកក៏នៅមានតួនាទីជាច្រើនផ្សេងទៀតផងដែរ។
ចំពោះការសិក្សា លោកបានចូលរៀនវិទ្យាល័យនៅទីក្រុង Herndon រដ្ឋ Virginia នៅពេលគ្រួសាររបស់គាត់បានជនភៀសខ្លួន ក្នុងឆ្នាំ១៩៨១។ បន្ទាប់មក លោកបានបរិញ្ញាបត្រ ផ្នែកការសិក្សាអាស៊ី នៅសាកលវិទ្យាល័យ Baylor នៅទីក្រុង Waco រដ្ឋ Texas និងអាហារូបករណ៍ថ្នាក់ជាតិ ទៅសិក្សានៅសាកលវិទ្យាល័យOhio នៅទីក្រុង Athens សំរាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
នៅឆ្នាំ ១៩៩១ គាត់បានបញ្ចប់ការសិក្សា ជាមួយនឹងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២គឺ ផ្នែកវិទ្សាសាស្ត្រសង្គម និងផ្នែកកិច្ចការអន្តរជាតិ។
លើសពីនេះ លោកមានសញ្ញាបត្របណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យHawaii នៅទីក្រុងManoa នៅកោះ Honolulu។ លោកទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកកិច្ចការសាធារណៈ ពីសាកលវិទ្យាល័យOhio នៅឆ្នាំ២០០៧ ក៏ដូចជាសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ ពីវិទ្យាស្ថាន Kalinga Institute of Industrial Technology (KIIT University) របស់ឥណ្ឌានៅឆ្នាំ២០១៤ផងដែរ៕