ភ្នំពេញ: សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា រហូតមកទល់ពេលនេះគ្មានគំរោងវិនិយោគរបស់ចិនណាមួយ បានប្រកាសឬពន្យាពន្យាពេលសាងសង់នៅកម្ពុជានោះទេ។
អញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ នូវវារីអគ្គិសនីសេសាន២នៅខេត្តស្ទឹងត្រែងព្រឹកថ្ងៃទី១៧ ធ្នូនេះសម្តេចតេជោបានមានប្រសាសន៍បន្តថា រហូតមកទល់ពេលនេះ មិនមានគំរោងវិនិយោគណាមួយនៅកម្ពុជា បានប្រកាសពន្យាពេលនោះទេ ពិសេសផ្លូវមួយដែលជាជំនួយរបស់ចិន បានបន្តសាងសង់ក្នុងកំឡុងពេលកម្ពុជានិងពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ២០០៨។
សេដ្ឋកិច្ចរបស់ប្រទេសចិនបានជួបបញ្ហាតិចតួច ក្នុងកំឡុងសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ដែលប្រធានាធិបតីដូណាល់ ត្រាំបានអនុវត្តន៍គោលនយោបាយគាំពារនិយមរបស់ខ្លួន។
អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានថ្លែងឲ្យដឹងផងដែរថា រហូតមកទល់ពេលនេះ យើងមិនឃើញមានគំរោងអចលនទ្រព្យណាមួយរបស់ប្រទេសចិនបានពន្យាពេលសាងសង់នោះទេ គឺគំរោងទាំងនោះនៅតែដំណើរការធម្មតា មិនមានអ្វីប្រែប្រួលទេ។
អ្នកនាងបន្តថា “គំរោងដែលមានអ្នកវិនិយោគល្អនៅតែល្អ គំរោងដែលមានបញ្ហានៅតែមានបញ្ហា តែគំរោងរបស់ចិនមិនមានការពន្យាពេលនោះទេ”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម
បានមានប្រសាសន៍ថា ស្ថានភាពក្នុងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជានៅតែមានភាពវិជ្ជមាន និងនៅតែសម្រេចបានកំនើនបន្តទៀត ពិសេសគំរោងធំៗរបស់ចិននៅកម្ពុជា មិនមានជួបបញ្ហាអ្វីនោះទេ ពួកគេនៅតែបន្តដំណើរការជាធម្មតា។
លោកបន្តថា “ដោយសារកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរ៉ឹងមាំ យើងគិតថាវិស័យអចលនទ្រព្យ នឹងសម្រេចបានកំនើនប្រមាណ១៥ភាគរយបន្ថែមទៀតនៅឆ្នាំ២០១៩ខាងមុខនេះ”៕