ដោយៈ សុខុម
រីយ៉ាដ: នៅទីបំផុត ការសាងសង់អគារដ៏មហស្ចារ្យ បែបថ្ងៃអនាគត The Line ដែលមានតម្លៃរហូតដល់ទៅ១ទ្រីលានដុល្លារអាមេរិក ស្ថិតក្នុងគម្រោងទីក្រុងខ្នាតយក្ស NEOM របស់ប្រទេសអារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមហើយ។
គំរោងនេះស្ថិតនៅក្នុងខេត្ត Tabuk នាភាគពាយ័ព្យនៃប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មានNDTV ចុះផ្សាយកាលពីពេលថ្មីៗកន្លងទៅ។
កាលពីប្រកាសលើកដំបូងក្នុងឆ្នាំ២០១៧ គម្រោងNEOM បានបង្កការភ្ញាក់ផ្អើលពេញពិភពលោក ព្រោះវាទំនើប និងអស្ចារ្យខ្លាំងពេកដោយសារនៅក្នុងទីក្រុងនេះ នឹងមានអ្វីៗអស្ចារ្យជាច្រើន ដូចជា តាក់ស៊ីហោះ និងអ្នកបម្រើជាមនុស្សយន្តជាដើម ដែលសូម្បីតែក្រុមស្ថាបត្យករ និងអ្នកជំនាញសេដ្ឋកិច្ច ក៏ធ្លាប់បានចោទជាសំណួរដោយក្ដីមន្ទិលដែរថា តើវាពិតជាអាចទៅរួចដែរឬទេ ឬក៏គ្រាន់តែជាការស្រមើស្រមៃ។
ទោះជាយ៉ាងណា ពេលនេះតាមរយៈរូបភាពវីដេអូឃ្លីប និងរូបភាពពីយន្តហោះដ្រូនបានបង្ហាញយ៉ាងច្បាស់ថា ការសាងសង់ក្នុងកម្រោងដ៏ធំមហិមានេះ បានចាប់ផ្ដើមជាផ្លូវការហើយ ដោយឃើញមានរថយន្តធុនធំ និងគ្រឿងចក្រយ៉ាងច្រើន កំពុងធ្វើការយ៉ាងមមាញឹក នៅការដ្ឋានកណ្ដាលវាលខ្សាច់ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
បណ្ដុំសំណង់អគារកប់ពពក ដែលស្រោបដោយកញ្ចក់សងខាង និងលាតសន្ធឹងប្រវែង រហូតដល់ទៅជាង១៧០គីឡូម៉ែត្រ ទទឹងត្រឹមតែ២០០ម៉ែត្រ និងកម្ពស់៥០០ម៉ែត្រពីកម្រិតទឹកសមុទ្រនេះ ត្រូវបានគេហៅជារួមថា The Line។
យោងតាមរបាយការណ៍របស់គេហទំព័រ The National ឱ្យដឹងថា ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត ជាអ្នកដែលបានប្រកាសការឌីហ្សាញអគារ The Line។
វានឹងក្លាយជាទីក្រុងដំបូងគេបង្អស់ ក្នុងពិភពលោកដែលដំណើរការដោយថាមពលកកើតឡើងវិញ រួមមាន ថាមពលខ្យល់ ថាមពលសូឡា (ពន្លឺព្រះអាទិត្យ) និងថាមពលអ៊ីដ្រូសែនជាដើម ពោលគឺការរស់នៅបែបថ្ងៃអនាគតដ៏អស្ចារ្យដែលមិនប៉ះពាល់ដល់បរិស្ថាន៕ NDTV៕