អាជីវកម្មលើវិស័យអចលនទ្រព្យនៅតែទាក់ទាញសម្រាប់អ្នកដែលចង់ សាងភាពមានបាន

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ អាជីវកម្មក្នុងវិស័យអចលនទ្រព្យ បានជួយឱ្យបុគ្គលមួយចំនួនទទួលបានជោគជ័យ និងកសាងទ្រព្យសម្បត្តិបានលឿន និងរហ័ស។

ក្នុងរយៈពេលជាង១ទសវត្សរ៍កន្លងទៅនេះ អាជីវកម្មអចលនទ្រព្យ ជាមុខរបរមួយ ដែលបានជួយឱ្យប្រជាជនកម្ពុជា ទទួលបាននូវឱកាសមានបាន មានកេរ្តិ៍ឈ្មោះ កិត្តិយសជាច្រើននាក់មកហើយ។ ជាក់ស្ដែងប្រិយមិត្តអ្នកអានប្រាកដជា ដឹងបានស្គាល់ពីបុគ្គលជោគជ័យ និងលេចធ្លោមួយចំនួនក្នុងប្រទេសកម្ពុជា ដែលពួកគាត់បានសាងភាពមានបានពីវិស័យនេះ។

តាមរយៈភាពជាគំរូ និងបង្ហាញច្បាស់នៅក្នុងសង្គម ក៏មានបុគ្គលជាច្រើនបានបោះបង់ការងាររបស់ខ្លួន ពីមុនទៅចាប់យកមុខរបរ ក្នុងវិស័យអចលនទ្រព្យ តែខ្លះក៏ទទួលបានជោគជ័យ ខ្លះទៀតក៏បរាជ័យរហូតដល់អស់ទ្រព្យសម្បត្តិក៏មានដែរ ។

នៅក្នុងសៀវភៅរបស់លោកឧកញ៉ាម៉ាន់ ច័ន្ទឌី ដែលជាបុគ្គលឆ្នើមក្នុងវិស័យអចលនទ្រព្យមួយរូប បានបង្ហាញពីគន្លឹះនៃការធ្វើអាជីវកម្ម។

លោកបានរំលេចថា បើចង់ប្រឡូកក្នុងវិស័យនេះ សូមដាក់ចិត្តដាក់កាយនិងត្រៀមខ្លួន ក្នុងការប្រយុទ្ធឱ្យអស់ពីសមត្ថភាព និងត្រៀមខ្លួនក្នុងការទទួលយកនូវការពិត ។ អ្នកប្រឡូកក្នុងវិស័យនេះ ត្រូវត្រៀមខ្លួនពី៦ខែទៅ១ឆ្នាំ គឺអត់មានចំណូល អត់មានប្រាក់ខែ តែបើសិនជាបុគ្គលនោះទទួលជោគជ័យក្នុងរយៈខ្លី ពួកគេនឹងមានបានលឿនតែម្ដង ។

ជាការកត់សម្គាល់មានបុគ្គលមួយចំនួន បានចាប់ផ្ដើមពីភ្នាក់ងារលក់អចលនទ្រព្យឱ្យគេ ក្លាយជាប្រធានក្រុមហ៊ុន ក្លាយជាអ្នកវិនិយោគដ៏មានសក្ដានុពលនៅក្នុងប្រទេសកម្ពុជា ។ ទាំងនេះហើយដែលយុវជនជំនាន់ក្រោយហាក់មានចំណង់ទៅលើអចលនទ្រព្យ ។

លោកយិន លាងគង់ ស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រ Propertyarea.asia បានឱ្យដឹងថា អាជីវកម្មអចលនទ្រព្យ នឹងផ្ដល់នូវប្រាក់ចំណូលច្រើនណាស់ តែដើម្បីបានលុយទាំងនោះ ក៏ត្រូវការខិតខំប្រឹងច្រើនណាស់ដែរ។

លោកបន្តថា “ដើម្បីបានលុយពីអចលនទ្រព្យច្រើន វាមិនមែនមានតែលុយនោះទេ តែត្រូវទាមទារនូវសុខសន្តិភាព បរិយាសកាសវិនិយោគល្អ នយោបាយសេដ្ឋកិច្ចពិភពលោក និងការជ្រើសរើសយកភាពត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here