ដោយៈ សុខុម
ក្រុងប៉េកាំងៈ ធនាគារកណ្តាល និងនិយ័តករធនាគារ និងធានារ៉ាប់រងនៃប្រទេសចិន បាននិយាយកាលពីថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ថា ធនាគារនានាត្រូវបង្កើនការគាំទ្រផ្នែកឥណទាន សម្រាប់សេដ្ឋកិច្ច រួមទាំងការពង្រីកកម្ចីរយៈពេលមធ្យម ដល់រយៈពេលវែងផងដែរ ដើម្បីគាំទ្រដល់ការវិនិយោគហេ ដ្ឋារចនាសម្ព័ន្ធ។
ដោយសារផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងការដាំក្បាលចុះខ្លាំងនៃវិស័យអចលនទ្រព្យរបស់ខ្លួន សេដ្ឋកិច្ចរបស់ប្រទេសចិន បាននិងកំពុងប្រឹងប្រែងងើបឡើងវិញ ទោះជារដ្ឋាភិបាលក្នុងឆ្នាំនេះ បានដាក់ចេញវិធានការមួយចំនួនរួចមកហើយ ដើម្បីជំរុញតម្រូវការក្នុងស្រុកយ៉ាងណាក្ដី។
ការផ្តល់ប្រាក់កម្ចីថ្មីៗ ពីសំណាក់ធនាគារក្នុងប្រទេសចិន បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកកាលពីខែតុលា បើធៀបនឹងខែកញ្ញា ខណៈកំណើនឥណទានខ្នាតធំបានធ្លាក់ចុះ ដោយសារការរឹតបន្តឹងយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ និងការធ្លាក់ចុះខ្លាំងនៃវិស័យអចលនទ្រព្យបានជះផលប៉ះពាល់ខ្លាំង ទៅលើតម្រូវការឥណទាន និងទំនុកចិត្តក្នុងទីផ្សារ។
ធនាគារកណ្តាល និងនិយតករធនាគារ និងធានារ៉ាប់រងនៃប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍ថា បណ្ដាធនាគារពាណិជ្ជ ត្រូវពង្រីកប្រាក់កម្ចីរយៈពេលមធ្យម និងរយៈពេលវែងក្រោមឧបករណ៍ ផ្តល់ហិរញ្ញប្បទានធនាគារគោលនយោបាយ ដើម្បីជួយជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។
នៅក្រោមកម្មវិធីនេះ រដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារគោលនយោបាយនានា បោះផ្សាយមូលបត្របំណុលចំនួន៤១,៨៦ពាន់លានដុល្លារអាមេរិក ក្នុងគោលបំណងបង្កើនមូលធន សម្រាប់ជួយគាទ្រដល់គម្រោងហេ ដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយបានផ្តល់ឱ្យធនាគារគោលនយោបាយ នូវកូតាឥណទានថ្មីជាង១១១ពាន់លានដុល្លារអាមេរិក ដើម្បីផ្ដល់ហិរញ្ញប្បទានដល់គម្រោងបែបនេះ។
បណ្ដាធនាគារពាណិជ្ជជាតិ ដែលរាប់បញ្ចូលទាំងធនាគារធំៗរបស់រដ្ឋផងដែរនោះ ត្រូវនាំមុខគេនៅក្នុងការពង្រីកឥណទាន ដើម្បីគាំទ្រដល់សេដ្ឋកិច្ច រួមទាំងក្រុមហ៊ុនខ្នាតតូច អាជីវកម្មផ្ទាល់ខ្លួន និងគាំទ្រដល់តម្រូវការឥណទានរបស់សហគ្រាសផលិត និងក្រុមហ៊ុនសេវាកម្មផងដែរ។
សេដ្ឋកិច្ចរបស់ប្រទេសចិន សម្រេចបានកំណើនត្រឹមតែ៣%ប៉ុណ្ណោះគិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះ ហើយក្រុមអ្នកវិភាគព្យាករថា សេដ្ឋកិច្ចចិន នឹងសម្រេចបានកំណើនជាង៣% សម្រាប់ឆ្នាំ២០២២ ទាំងមូល បើធៀបនឹងគោលដៅ ដែលបានកំណត់ប្រមាណ៥,៥%។
ទាក់ទងនឹងវិស័យអចលនទ្រព្យ រដ្ឋាភិបាលនិយាយថា ធនាគារទាំងនោះត្រូវបន្តផ្ដល់ប្រាក់កម្ចី ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុមហ៊ុនសំណង់ប្រកបដោយស្ថិរភាព ព្រមទាំងជួយគាំទ្រដល់តម្រូវការសមស្របសម្រាប់កម្ចីទិញផ្ទះផ្ទាល់ខ្លួនផងដែរ។
ការវិនិយោគអចលនទ្រព្យក្នុងប្រទេសចិន កាលពីខែតុលា កន្លងបានធ្លាក់ចុះលឿនបំផុត មិនធ្លាប់មានក្នុងពេល៣២ខែមកនេះ ហើយការផ្តល់ប្រាក់កម្ចីថ្មីៗ របស់ធនាគារជារួមបានធ្លាក់ចុះខ្លាំង ខណៈការរឹតបន្តឹងដ៏តឹងរ៉ឹងនៃកូវីដ-១៩ និងវិបត្ដិអចលនទ្រព្យ បានបង្កផលប៉ះពាល់កាន់តែខ្លាំង៕ Reuters៕