រយៈពេល១១ខែឆ្នាំនេះ ភ្ញៀវបរទេស​ចូលមកកម្ពុជា​កើនឡើង​ជាង​១០៧១ភាគរយ

0

ភ្នំពេញ ៖ ឆ្នាំ២០២២​នេះ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា​បានបើក​ប្រទេស​បើក​សេដ្ឋកិច្ចឡើងវិញ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ក៏បានចូលមកកម្ពុជា​ជាបន្តបន្ទាប់​ជាក់ស្ដែង​គិតចាប់ពីខែមករា ដល់​ដំណាច់​ខែវិច្ឆិកា​២០២២​កំណើន​ភ្ញៀវទេសចរ​បរទេស​ចូលមក​ដល់​កម្ពុជា​មានរហូតដល់ទៅ​១០៧១​ភាគរយ ។ នេះបើតាម​ស្ថិ​តិ​របាយការណ៍​របស់ក្រសួងទេសចរណ៍​កម្ពុជា​ចេញផ្សាយនៅថ្ងៃទី៣០ ធ្នូ ២០២២​នេះ ។

របាយការណ៍ដដែល​បានបង្ហាញថា ក្នុងរយៈ​ពេល១១ខែ​ក្នុងឆ្នាំ២០២២​នេះ​ បរិមាណ​ភ្ញៀវទេសចរ​បរទេស​ចូលមក​កម្ពុជា​មានចំនួន ១.៩១៤.០៥៥នាក់  ដែល​មានកំណើនប្រមាណ១០៧១,៦​ភាគរយ​ធៀបនឹង​រយៈ​ពេល​​ដូចគ្នា​កាលពីឆ្នាំ២០២១ ​​។ ក្នុងចំណោម​ភ្ញៀវ​ជិត​២លាននាក់​នេះដែរ ភ្ញៀវ​ទេសចរ​ចូលមកម្ពុជាតាម​ច្រក​​អាកាស​​មាន​ចំនួន ៦៧៣.៦៦៩​នាក់​មានកំណើន​៧៤១ភាគរយ ក្នុងនោះដែរ​ច្រក​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញទទួល​បានភ្ញៀវ​ទេសចរ​​ច្រើន​ជាងគេ រហូតដល់​ ៥៣០​.៨៤៥​នាក់​ កើនឡើង​៦៣៨,៧​ភាគ​រយ ។​

របាយការណ៍បង្ហាញទៀតថា​ភ្ញៀវចូល​ច្រក​ព្រំដែន​គោក​មាន​ចំនួន​រហូតដល់​១.២៤០.៣៨០​នាក់ ភ្ញៀវទេសចរ​ចូលតាម​នាវា​​មានចំនួន​១៤.២៧១​នាក់ មានកំណើន​រហូតដល់​១,៤២លានភាគ​រយ ។​

ស្ថិតិរបាយការណ៍បានបង្ហាញថា​ភ្ញៀវទេសចរ​ជនជាតិថៃ មានចំនួនច្រើនជាងគេ​ក្នុងចំណោម​ភ្ញៀវ​ទេ​ស​ច​រ​ប​ទេស​មកដល់​កម្ពុជា​រយៈ​ពេល​១១ខែ​កន្លងមកនេះ ដែលមានចំនួន​ជាង​៧២ម៉ឺននាក់ លេខ​២​ជា​ភ្ញៀវជនជាតិ​វៀតណាម មានចំនួនជាង​៤០ម៉ឺន​នាក់ និងភ្ញៀវចិនដែលធ្លាប់ ជាប់ចំណាត់ថ្នាក់លេខ​១បានជាប់ចំណាត់​ថ្នាក់លេខ​៣​ជា​ភ្ញៀវទេសចរ​បរទេស​មកដល់​កម្ពុជា មានចំនួន​៩ម៉ឺន​នាក់​ក្នុងរយៈពេល១១ខែ ឆ្នាំនេះ ។​

​ក្នុងឆ្នាំ២០២២​នេះ រាជរដ្ឋាភិបាល​រំពឹងថា​ភ្ញៀវទេសចរបរទេស​នឹង​ចូលមកដល់កម្ពុជា​ក្នុង​ចំនួន​២លាននាក់​ហើយនឹងទេសចរ​ផ្ទៃក្នុង​ប្រមាណជាង​១១លាននាក់ ខណៈត្រឹម១១ខែ ចំនួនភ្ញៀវទេសចរបរទេស​និងផ្ទៃក្នុង​មាន​ជិតគ្រប់នឹង​ចំនួនដែល​រាជរដ្ឋាភិបាល​បានរំពឹងទុក​ទៅហើយ ។ នេះគឺជា​សញ្ញា​ល្អសម្រាប់​ឆ្នាំ២០២៣​ខាងមុខ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here