ដោយៈ សុខុម
វៀងចន្ទន៍: ប្រទេសឡាវ នៅពេលនេះកំពុងជួបវិបត្តិ ដោយក្រុមហ៊ុនឯកជនធ្វើសកម្មភាពទន្ទ្រាន ដណ្ដើមកាន់កាប់ដីធ្លីដោយខុសច្បាប់យ៉ាងអនាធិបតេយ្យ ជាពិសេសនៅក្នុងខេត្តអាចម៍ក្រពើ ឬ ខេត្តអាត់តៈពឺ (Attapeu)។
ជាវិធានការ អាជ្ញាធរខេត្តនេះបានផ្អាកជាបណ្ដោះអាសន្ន នូវសកម្មភាពរបស់ក្រុមហ៊ុនបរទេស ដែលរងការចោទប្រកាន់ថា ធ្វើសកម្មភាពទន្ទ្រាន ដណ្ដើមកាន់កាប់ដីធ្លីរបស់អ្នកភូមិ ក្នុងខេត្តនេះ ស្របពេលមានការរិះគន់ ព្រោងព្រាតតាមបណ្ដាញទំនាក់ទំនងសង្គម។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃសុក្រ ទី១៩ ខែឧសភា នេះ។
សេចក្តីជូនដំណឹងដែលចេញ ដោយសាលាខេត្តខាងលើនេះ បានបញ្ជាឱ្យក្រុមហ៊ុនកសិកម្មចំនួនពីរ បញ្ឈប់ប្រតិបត្តិការលើដីស្ថិតក្នុងភូមិណងហ៊ីន (Nonghin) និងភូមិសាយដុនខង(Xaydonkhong) នៃស្រុកសាណាមសៃ (Sanamxay) ទោះបីជាមានអាជ្ញាប័ណ្ណសម្បទានលើដីទាំងនោះក៏ដោយ។
វីដេអូជម្លោះដីធ្លីរវាងក្រុមអ្នកភូមិ និងក្រុមហ៊ុនកសិកម្មត្រូវបានគេបង្ហោះ និងចែករំលែកតៗគ្នាព្រោងព្រាត ពេញបណ្ដាញទំនាក់ទំនងសង្គម ដោយប្រជាពលរដ្ឋបានជំរុញ ឱ្យអាជ្ញាធរបើកការស៊ើបអង្កេតលើបញ្ហានេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពួកគេអាចទាមទារយកដីមកវិញ។
វីដេអូមួយក្នុងចំណោមវីដេអូ ដែលត្រូវបានបង្ហោះថែមទាំងបង្ហាញពីកម្មភាពក្រុមអ្នកភូមិ ត្រូវបានបុគ្គលិកក្រុមហ៊ុនវាយដំ លើរាងកាយ បន្ទាប់ពីបដិសេធមិនព្រមចាកចេញ ពីដីធ្លីរបស់ពួកគេទៀតផង។
លោក ភូវ៉ាន់ ម៉ានីសុត (Phouvanh Manisot) អនុលេខាបក្សស្រុកសាណាមសាយ បានអំពាវនាវឱ្យសាធារណជនរក្សាភាពអត់ធ្មត់ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតករណីនេះ ហើយថា លោកនឹងធានាដោះស្រាយបញ្ហានេះ ដោយតម្លាភាព ក៏ដូចជា ការពារសិទ្ធិរបស់អ្នកភូមិផងដែរ៕ Laotian Times៕