ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនOCIC បាននិងកំពុងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ដែលវិនិយោគទឹកប្រាក់៨៥លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ នៅលើទីក្រុងកោះនរា។
មជ្ឈមណ្ឌលនេះ ត្រូវបានដាក់ឈ្មោះNorea Square ដែលនឹងសាងសង់លើផ្ទៃដីជាង២ហិកតា ក្នុងចំណោមផ្ទៃដីសរុប១២៥ហិកតារបស់ទីក្រុងរណបនេះ។
អ្នកស្រីរី ណាវី ប្រធាននាយកដ្ឋាផ្នែកលក់ និង ទីផ្សារនៃគំរោងអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ និងកោះនរាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ទីក្រុងនរា ជាទីក្រុងរណបថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយមានការអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការវិនិយោគរបស់ក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា(OCIC)។
អ្នកស្រីបានបន្តថា “គម្រោង Norea Square គឺជាគម្រោងស្ថិតនៅក្នុង ទីក្រុងនរា ដែលមានការអភិវឌ្ឍន៍ចម្រុះ ដោយផ្តល់កន្លែងឯកជនផ្ទះអាជីវកម្មបែបទំនើប ជាមួយនឹងសម្រស់ទិដ្ឋភាព ដ៏ត្រកាល
នៅលើដងទន្លេតូច ក៏ដូចជាទិដ្ឋភាពនៃទីក្រុងភ្នំពេញ ដែលរចនាប័ទ្មនៃការរស់នៅបែបទំនើប ទទួលបាននូវភាពស៊ីវិល័យ អាជីវកម្ម និងសម្រស់ធម្មជាតិ”។
គម្រោង Norea Square ជាគម្រោងដែលមានទីតាំងសក្តានុពលបំផុត ដោយចំណាយពេលធ្វើដំណើរត្រឹមតែ២នាទី ទៅកាន់ទីប្រជុំជនផ្លូវជាតិលេខ១។ ត្រឹមតែ៨នាទី ទៅកាន់កណ្តាលក្រុង ផ្សារ និង កន្លែងអាជីវកម្ម និងចំណាយត្រឹមតែ៨នាទី ទៅកាន់រង្វង់មូលវិមានឯករាជ្យ។
អ្នកស្រីរី ណាវីបានបន្តថា ផ្ទះអាជីវកម្មក្នុងគំរោងនេះ មានទំហំ៨ម៉ែត្រ គុណនឹង២០ម៉ែត្រ និងលក់ក្នុងតម្លៃ១,៨លានដុល្លារអាមេរិក ជាតម្លៃមួយពោរពេញដោយភាពទាក់ទាញ ដោយសារផ្ទះអាជីវកម្មនេះស្ថិតនៅលើផ្លូវធំ និងអាចប្រកបអាជីវកម្មបាន។
គម្រោងNorea Square មានទីតាំងនៅតាមបណ្តោយមហាវិថី នរា ស្ថិតក្នុងទីក្រុងនរា ដែលតភ្ជាប់ទៅកាន់តំបន់ មានសក្ដានុពលសំខាន់ៗចំនួនពីរគឺ ទីក្រុងកោះពេជ្រ និងកណ្តាលក្រុងច្បារអំពៅ ដែលហ៊ុមព័ន្ធដោយកន្លែងអាជីវកម្ម និងផ្សារទំនើបជាច្រើន ជាមួយចរាចរណ៍ដ៏មមាញឹកបំផុត ដែលនាំមកនូវការរីកចម្រើន កាន់តែលឿនក្នុងប្រកបអាជីវកម្ម៕