[:km]ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ការកាត់បន្ថយស្ថាប័ន និងការអនុវត្តន៍នីតិវិធីផ្សេងៗមួយចំនួន របស់រាជរដ្ឋាភិបាល ជាពិសេសការលុបចោលអង្គភាពធំៗចំនួន៣របស់រដ្ឋ នឹងធ្វើឲ្យវិស័យឯកជនទទួលនូវប្រាក់ចំណេញជាង៥០លានដុល្លារ តែធ្វើឲ្យរាជរដ្ឋាភិបាល នឹងបាត់បង់ចំណូលក្នុងទំហំដ៏ធំផងដែរ។
លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារ ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច នៃវេទិការរាជរដ្ឋាភិបាល និងផ្នែកឯកជនកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩កន្លងមកថា ចំពោះការលុបចោលស្ថាប័នធំៗទាំង៣ រួមមាន ការលុបចោលការចេញ C.O សម្រាប់ប្រទេស ការបញ្ចប់តួនាទីអគ្គនាយកដ្ឋានកាំកុងត្រូល និងការលុបចោលអង្គភាពកាំសាប ក្នុងនោះចំពោះការលុបចោលការចេញ C.O សម្រាប់ប្រទេស រួមមានកម្រៃផ្សេងៗទៀត តាមការប៉ានស្មានជាបថមនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់និងស្បែកជើង នឹងអាចទទួលបានប្រាក់ចំណេញជាទឹកប្រាក់ ក្នុងទំហំប្រមាណប្រហែលជាង១៣ លានដុល្លាអាមេរិក។
រីឯការបញ្ចប់តួនាទីអគ្គនាយកដ្ឋានកាំកុងត្រូល ពីមាត់ច្រកអន្តរជាតិព្រំដែនគោក អាកាសយានដ្ឋាន និងកំពង់ផែ រួមជាមួយការត្រួតពិនិត្យទំនិញនាំចេញ តាមការប៉ានស្មាន វិស័យឯកជននឹងទទួលបានប្រាក់ចំណេញប្រមាណជាង៤០លានដុល្លាផងដែរ។ដោយឡែកការលុបចោលអង្គភាពកាំសាប នឹងចូលរួមចំណែកកាត់បន្ថយថ្លៃនៃសេវាមួយចំណែកទៀត ដែលធ្វើឲ្យក្រុមនាវាចរនឹងមានលទ្ធភាព ពិនិត្យពិចារណា បញ្ចុះថ្លៃនូវសេវាដឹកជញ្ជូនរបស់ខ្លួនផងដែរ ។
លោកអូន ព័ន្ឋមុនីរ័ត្នបានបន្តឲ្យដឹងផងដែរថា វិធានការចង្អុលបង្ហាញរបស់សម្តេចតេជោដ៏ខ្ពង់ខ្ពស់រួមមាន ការកាត់បន្ថយថ្លៃអគ្គិសនី ការលុបចោលការចេញ C.O សម្រាប់ប្រទេស ការបញ្ចប់តួនាទីអគ្គនាយកដ្ឋានកាំកុងត្រូល ការលុបចោលអង្គភាពកាំសាប និងការដោះស្រាយកង្វល់វិស័យឯកជន ក្នុងនោះមានអង្គភាពធំៗចំនួន៣ នឹងបានជួយដល់វិស័យឯកជន ក្នុងការរកស៊ីទទួលទានកាន់តែប្រសើរឡើង៕[:]