ដោយ ដែន ចែងចាំង
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឲ្យដឹង រដ្ឋាភិបាលនឹងចាប់អនុវត្តន៍ការបញ្ចុះថ្លៃស្កែនកុងតឺន័រ ទាំងនាំចេញនិងនាំចូល សម្រាប់វិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងចាប់ពីថ្ងៃទី១ មេសាខាងមុខនេះ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន បាន មានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ចកាលពីចុងសប្តាហ៍មុនថា ការបញ្ចុះថ្លៃស្គេនកុងទីណ័រនេះនឹងចាប់អនុវត្ត ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៩ តទៅ។
ចំណែកការលុបបំបាត់នូវចំណាយនេះ វិស័យកាត់ដេរសំលៀកបំពាក់ និងផលិត ស្បែកជើង នឹងចំណេញជាទឹកប្រាក់ប្រមាណពី៨០លានដុល្លារអាមេរិក និងចំណេញពីការកាត់បន្ថយថ្លៃស្កែនកុងតឺន័រ ប្រមាណ៣,២លានដុល្លារអាមេរិក។
លោកបន្តថា ការបញ្ចុះថ្លៃស្កែនកុងតឺន័រ រាជរដ្ឋាភិបាលនឹងអនុវត្តន៍ដូចគ្នា នឹងការនាំចេញអង្ករដែលមានតម្លៃសេវាត្រឹម១០ដុល្លារអាមេរិក សម្រាប់កុងតឺន័រ២០ហ្វិត និង១៦ដុល្លារអាមេរិកសម្រាប់កុងតឺន័រ៤០ហ្វិត។
លោកបន្តថា ជាមួយគ្នានេះដែររាជរដ្ឋាភិបាល ក៏នឹងបាត់បង់ចំណូលប្រមាណ៣២លានដុល្លារអាមេរិក តែវិស័យឯកជននឹងចំណេញជាទឹកប្រាក់ប្រមាណ៤៣លានដុល្លារអាមេរិក ពីការបញ្ចប់តួនាទីអចិន្ត្រៃយ៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូលពីមាត់ច្រកអន្តរជាតិ ព្រំដែនគោក អាកាសយានដ្ឋាន និងកំពង់ផែ។
លោកអូន ព័ន្ឋមុនីរ័ត្នបានបន្តឲ្យដឹងថា បន្ទាប់ពីការលុប CO វិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង នឹងចំណេញជាទឹកប្រាក់ប្រមាណ១៣លានដុល្លារអាមេរិក ក្នុងនោះរាជរដ្ឋាភិបាលបានកាត់បន្ថយថ្លៃនាំចេញ និងនាំចូល ឱ្យបានជាអតិបរិមាដល់ធុរជន នៅក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង គឺថ្លៃស្កែនកុងតឺន័រទាំងនាំចេញនិងនាំចូល ដើម្បីឲ្យវិស័យនេះទទួលបានផ្លែផ្កានៃប្រាក់ចំណេញបន្ថែម៕