ការសិក្សាថ្មី: កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ាននឹងវ៉ាដាច់ប្រទេសចិនក្នុងរយៈពេល១០ឆ្នាំខាងមុខ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ថ្មី របស់ក្រុមហ៊ុន Angsana Council និងធនាគារDBS Bank បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ាន និងលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកាន់តំបន់អាស៊ាន នឹងវ៉ាដាច់ប្រទេសចិន ក្នុងរយៈពេល១ទសវត្សរ៍ខាងមុខ។

យោងតាមទស្សនវិស័យសេដ្ឋកិច្ចអាស៊ាន ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៤ ដែលបានសិក្សារួមគ្នាដោយស្ថាប័នទាំង២ខាងលើ បានព្យាករណ៍ឃើញ ពីគន្លងសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់តំបន់អាស៊ាន ដោយសារកត្តាប្រជាសាស្រ្ត និងការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់សកល។

-->

របាយការណ៍បានព្យាករណ៍ថា បណ្តាប្រទេសសេដ្ឋកិច្ចធំៗចំនួន៦ ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម នឹងសម្រេចបានកំណើន GDP ប្រចាំឆ្នាំបូករួមបញ្ចូលគ្នាជាមធ្យមចំនួន៥,១% ចាប់ពីពេលនេះដល់ឆ្នាំ២០៣៤ខាងមុខ។

អត្រាកំណើននេះត្រូវបានគេរំពឹងថា នឹងវ៉ាដាច់កំណើន GDP របស់ប្រទេសចិនក្នុងរង្វង់៣,៥% ទៅ៤,៥% ក្នុងរយៈពេលដូចគ្នា។

វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ឈរនាំ​មុខ​គេ ជាមួយ​នឹង​អត្រា​កំណើន​សេដ្ឋកិច្ចខ្ពស់​បំផុត ​ក្នុង​រង្វង់៦,៦% តាម​ពីក្រោយ​ដោយ​កំណើនសេដ្ឋកិច្ច ​ហ្វីលីពីនក្នុងរង្វង់៦,១%។ កំនើនសេដ្ឋកិច្ចសិង្ហបុរី​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើន​ឡើង​ក្នុង​អត្រា​២,៥% ទាបជាងគេបំផុត ​ក្នុង​ចំណោម​ប្រទេស​ទាំង​៦។

លោក Charles Ormiston អ្នកជំនាញមួយរូបនៅក្រុមហ៊ុន Angsana Council បានគូសបញ្ជាក់ថា “កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់តំបន់អាស៊ាន និងការធ្វើពិពិធកម្មរបស់ក្រុមហ៊ុនផលិត​កម្មនានា ចេញពីប្រទេសចិនក្លាយជាកត្តាជំរុញដ៏សំខាន់”។

លើសពីនេះ របាយ​ការណ៍​បាន​ព្យាករណ៍ ឃើញ​កំណើននៃការ​វិនិយោគ​ពីបរទេស​នៅតំបន់អាស៊ាន។ តួយ៉ាង កាលពីឆ្នាំ២០២៣ បណ្តាប្រទេសសេដ្ឋកិច្ចធំៗទាំង៦ ខាងលើបានទាក់ទាញលំហូរ FDI សរុបបញ្ចូលគ្នាចំនួន២០៦ពាន់លានដុល្លារ កើនឡើងលើសពីលំហូរFDI ចំនួន៤២,៧ពាន់លានដុល្លាររបស់ប្រទេសចិនជាលើកដំបូង ក្នុងរយៈពេល១ទសវត្សរ៍ ហើយនិន្នាការ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​នៅ​តែ​បន្តកើតមាន។

ក្នុងន័យនេះ លោក Ormiston បានលើកឡើងថា “តំបន់អាស៊ាន គួរតែពង្រឹងការផលិតថាមពលបៃតង ព្រោះវានឹងក្លាយជាកត្តាទាក់ទាញលំហូរ FDI ខណៈក្រុមហ៊ុនផលិតកម្មនានានៅទូទាំងពិភពលោក កំពុងខិតខំព្យាយាមកាត់បន្ថយការបំភាយឧស្ម័នកាបូន ចេញពីរោងចក្ររបស់ពួកគេ៕ប្រភព:Pardafas.com៕