បណ្តាម្ចាស់ផ្ទះនៅក្នុងប្រទេសចិនបង្ហាញការសាទរ ក្រោយធនាគារកណ្តាលរបស់ខ្លួនជួយសម្រាលបន្ទុកចំណាយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាម្ចាស់ផ្ទះជាច្រើននៅក្នុងប្រទេសចិនបានបង្ហាញការសាទរចំពោះការសម្រេចចិត្តរបស់ទីក្រុងប៉េកាំងក្នុងការកាត់បន្ថយអត្រាការប្រាក់ ខណៈម្ចាស់ផ្ទះសង្ឃឹមថា វិធានការនេះនឹងជួយសម្រាលបន្ទុកទូទាត់សងប្រាក់កម្ចីរបស់ពួកគេ។

កាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញា ប្រទេសចិនបានបង្ហាញកញ្ចប់ជំរុញទឹកចិត្តរបស់ខ្លួនសម្រាប់វិស័យអចលនទ្រព្យ រួមមានទាំងការកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងការកាត់បន្ថយការបង់ប្រាក់កក់សម្រាប់ការទិញផ្ទះទី២ ពីអត្រា២៥ភាគរយមកនៅត្រឹមអត្រា១៥ភាគរយនៃតម្លៃផ្ទះ។

លោក Pan Gongsheng អគ្គទេសាភិបាលនៃធនាគារកណ្ដាលចិន បានថ្លែងថា វិធានការនេះនឹងបន្ធូរបន្ថយបន្ទុកទូទាត់អត្រាការប្រាក់លើកម្ចីទិញផ្ទះសម្រាប់ប្រជាជនចិនប្រមាណ១៥០លាននាក់ ដោយជួយកាត់បន្ថយការបង់អត្រាការប្រាក់ប្រចាំឆ្នាំរបស់ពួកគេប្រហែល២១,៣ពាន់លានដុល្លារ។

បណ្តាម្ចាស់ផ្ទះនៅក្នុងប្រទេសចិនបានលើកឡើងទាំងក្តីរំភើបរីករាយថា ពួកគេគាំទ្រចំពោះសកម្មភាពរបស់ធនាគារកណ្តាលចិន ទោះ​បី​ជា​ក្រុមអ្នក​វិភាគ​ និង​សេដ្ឋវិទូ​មួយចំនួនអះអាងថា​ ចំណាត់​ការ​នេះ​នឹង​មិនអាច​ជំរុញ​ឱ្យ​សេដ្ឋកិច្ចចិនស្ទុះ​ងើប​​ឡើងវិញយ៉ាង​ឆាប់រហ័សយ៉ាងណាក្តី។

លោកស្រី Jessie Deng អ្នកជំនាញផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុនសំណង់មួយបានលើកឡើងថា “ខ្ញុំមិនចាំបាច់រៀបចំផែនការទូទាត់សងបំណុលមុនកាលកំណត់លើប្រាក់កម្ចីទិញផ្ទះរបស់ខ្ញុំទៀតនោះទេ”។

លោកស្រីបានទិញផ្ទះនៅទីក្រុងក្វាងចូវក្នុងឆ្នាំ២០២១ ខណៈនៅពេលនោះការបង់អត្រាការប្រាក់លើកម្ចីប្រចាំឆ្នាំស្ថិតក្នុងរង្វង់៥,៣ភាគរយ។ លោកស្រីត្រូវទូទាត់សងទៅឱ្យធនាគារជាង១០.០០០យ័នក្នុងមួយខែ។ចំនួននេះមានកម្រិតស្មើនឹងប្រាក់បៀរវត្សរ៍ប្រចាំខែរបស់បុគ្គលិកធម្មតានៅក្នុងទីក្រុង។

លើសពីនេះ ធនាគារកណ្តាលចិនបានទាញទម្លាក់អត្រាសាច់ប្រាក់តម្កល់ជាកំហិតនៅតាមបណ្តាធនាគារនៅប្រទេសចិន​ក្នុងចំនួនចន្លោះពី០,២៥ភាគរយទៅ​០,៥ភាគរយ​​។ ធនាគារ​កណ្តាល​ចិន​អះអាងថា វិធានការនេះ​នឹងអាចធ្វើ​ឱ្យធនាគារ​នានា មានលទ្ធភាព​ផ្តល់កម្ចីបន្ថែមបានកាន់តែច្រើន និងចាក់បញ្ចូលសាច់ប្រាក់​ក្នុងរយៈពេលវែងប្រមាណ​១ទ្រីលានយ័នចូលទៅកាន់ទីផ្សារហិរញ្ញវត្ថុ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here