ក្រុមប្រទេសមហាអំណាចលោកខាងលិចបង្កើតផែនការដើម្បីធានាសុវត្ថិភាពប្រព័ន្ធខ្សែកាបទំនាក់ទំនងក្រោមបាតសមុទ្រ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សហរដ្ឋអាមេរិកកំពុងរៀបចំសេចក្តីថ្លែងការណ៍មួយ ដោយដាក់ឈ្មោះថា“សេចក្តីថ្លែងការណ៍រួមទីក្រុងញូវយ៉ក” ដើម្បីរៀបរាប់ពីផែនការរបស់ខ្លួនក្នុងការជួយធានាសុវត្ថិភាពខ្សែកាបទំនាក់ទំនងជាសកលក្រោមបាតសមុទ្រដែលភ្ជាប់បណ្តាញនៅជុំវិញពិភពលោក។

សេចក្តីព្រាងនេះនឹងត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក បណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀតនៅចុងខែកញ្ញានេះ ដើម្បីទាមទារឱ្យប្រតិបត្តិករខ្សែកាបក្រោមសមុទ្រត្រូវតែមានខ្សែសង្វាក់ផ្គត់ផ្គង់ និងវិធានការរក្សាសុវត្ថិភាពទិន្នន័យនៅលើបណ្តាញរបស់ពួកគេ និងរាយការណ៍អំពីឧប្បត្តិហេតុផ្សេងៗដើម្បីត្រួតពិនិត្យឱ្យទាន់ពេលវេលា។

សារពត៌មាន Politico រាយការណ៍ថា សេចក្តីព្រាងច្បាប់នេះនឹងតម្រូវឱ្យបណ្តាប្រទេសជាហត្ថលេខីអាចធ្វើការតែជាមួយបណ្តាក្រុមហ៊ុនផ្គត់ផ្គង់ ដែលអាចទុកចិត្តបានមកពីបណ្តាប្រទេសសម្ព័ន្ធមិត្ត។

គោលបំណងនៃសេចក្តីព្រាងខាងលើមានភាពស្រដៀងគ្នាទៅនឹងចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីប៉ុន្មានឆ្នាំមុន។ នៅពេលនោះ សហរដ្ឋអាមេរិកបានរុញក្រុមហ៊ុនចិននានាដូចជាក្រុមហ៊ុន Huawei ចេញពីហេដ្ឋារចនាសម្ព័ន្ធ 5G របស់ខ្លួន និងបានលើកទឹកចិត្តសម្ព័ន្ធមិត្តចាត់វិធានការនេះដូចគ្នា។

ទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភថា រដ្ឋាភិបាលចិនអាចបញ្ជាដល់ក្រុមហ៊ុនចិនដែលធ្វើការលើខ្សែកាបក្រោមបាតសមុទ្រឱ្យបញ្ឈប់ការចែកចាយសេវាកម្មនៅពេលណាមួយ ហើយទីក្រុងប៉េកាំងអាចទាមទារឱ្យប្រតិបត្តិកររបស់ខ្លួនបង្កការរំខានដល់ប្រតិបត្តិការនៃបណ្តាញសេវាខ្សែកាបក្រោមបាតសមុទ្រដែលពួកគេគ្រប់គ្រង។

ប្រសិនបើបណ្តាក្រុមហ៊ុនចិនដំឡើង ឬដំណើរការខ្សែកាបក្រោមបាតសមុទ្រសំខាន់ៗ គណបក្សកុម្មុយនិស្តចិន (CCP) អាចនឹងបញ្ជាឱ្យក្រុមហ៊ុនទាំងនោះបំផ្លាញប្រតិបត្តិការរបស់ពួកគេ និងកាត់ផ្តាច់ទំនាក់ទំនងជាសកល ជាពិសេសមុនពេលផ្ទុះព្រឹត្តិការណ៍ដ៏កក្រើកណាមួយ ដូចជាសង្គ្រាមឈ្លានពានជាដើម។

ដើម្បីទប់ស្កាត់ហានិភ័យនេះ សហរដ្ឋអាមេរិកបានតម្រូវឱ្យបណ្តាប្រទេសហត្ថលេខីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងញូវយ៉កត្រូវតែពឹងផ្អែកលើក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មខ្សែកាបដែលអាចទុកចិត្តបាន។

ក្រៅពីនោះ សេចក្តីព្រាងច្បាប់នេះក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្តល់សេវា បណ្តាញខ្សែកាបក្រោមសមុទ្រ ប្រតិបត្តិករ និងក្រុមហ៊ុនផ្តល់សេវាថែទាំត្រូវមានតម្លាភាព ភាពជាដៃគូ និងរចនាសម្ព័ន្ធអភិបាលកិច្ចល្អ ដើម្បីធានាថា បណ្តាក្រុមហ៊ុនដែលធ្វើការលើបណ្តាញខ្សែកាបក្រោមសមុទ្រមានរចនាសម្ព័ន្ធច្បាស់លាស់៕ប្រភព: Yahoo Finance៕

LEAVE A REPLY

Please enter your comment!
Please enter your name here