លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងៈ ទីផ្សារដីធ្លីកម្ពុជានឹងងើបឡើងវិញឆាប់ៗ នៅពេលរាជរដ្ឋាភិបាលចិនទម្លាក់កញ្ចប់ទុនដ៏ធំជួយអ្នកអភិវឌ្ឍន៍

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ស្របពេលរដ្ឋាភិបាលចិន គ្រោងទម្លាក់កញ្ចប់ទុនដ៏ធំ ដែលមានទំងំទឹកប្រាក់១១ទ្រីលានដុល្លារ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្ហាញសុទិដ្ឋិនិយមថា ទីផ្សារដីធ្លីក្នុងស្រុកនឹងងើបឡើងវិញ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង បានបង្ហាញជំនឿថា នាពេលឆាប់ៗ​ខាងមុខនេះ សេដ្ឋកិច្ចវិស័យដីធ្លីនៅកម្ពុជា នឹង​ស្ទុះ​ឡើងវិញ នៅពេលដែល​រាជរដ្ឋាភិបាលចិន ទម្លាក់​កញ្ចប់​ទឹក​ប្រាក់​ប្រមា​ណ​ជាង ៨០ទ្រីលានយ៉ន់ (១១ទ្រីលានដុល្លារ) សម្រាប់ជួយ​ដល់​អ្នកវិនិយោគ​នៅ​ប្រទេស​ចិន ដើម្បី​ជួយ​ជំរុញសេដ្ឋកិច្ច​ចិន។

យោងតាមការចុះផ្សាយ​ពីសារព័ត៌មាន Reuters កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បាន​ឱ្យដឹងថា លោកស៊ី ជីនពីង ប្រធានាធិបតីចិន ​គ្រោង​ដាក់ចេញ​វិធានការ​សង្គ្រោះ​ដោយ​​បញ្ចេញ​ទឹកប្រាក់​ប្រមាណ១១ទ្រីលានដុល្លារ ដល់អ្នកវិនិយោ​គិន​ក្នុងស្រុក ដើម្បី​ជំរុញ​ផ្សារហ៊ុនចិន​ឡើង​វិញ និង​ដើម្បីជំរុញសេដ្ឋកិច្ច​ប្រទេសចិន ឱ្យក្លាយជា​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន​ធំ​បំផុត​លំដាប់ទី២ នៅលើ​ពិភពលោក។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ​ចាស់​វស្សា​មួយ​រូប​នៅ​កម្ពុជា​ យល់​ឃើញ​ថា ទឹកលុយចិន​ជួយ​១១ទ្រីលាន​ដុល្លារ​ ​គឺ​ជួយ​ដល់​អ្នកអភិវឌ្ឍន៍​ក្នុងស្រុក មានន័យ​ថា​ លោក​ជួយ​ដល់​ម្ចាស់​គម្រោង​ធំៗ​​ក្នុងស្រុក។

លោក​ឧកញ៉ាបានបញ្ជាក់​ថា “ការ​ជួយនេះ​គឺ​ចិន​ជួយខ្លួនឯង ប៉ុន្តែ​វា​នឹង​ជះឥទ្ធិពលល្អ ​ដល់​វិស័យ​ដីធ្លី​នៅស្រុកខ្មែរ ព្រោះ​បើយើង​និយាយ​ពី​បំពង់​ទុយោ​ធំ ​ដែល​បូមលុយ​ធំ​ចូលស្រុកខ្មែរ​ពី​បរទេស គឺ​ប្រទេស​ចិន​លេខ១”។ លោកបន្ថែមថា “ដូច្នេះ​នៅពេលណា​ ដែលលុយ​ចិន​ចំនួន១១ទ្រីលាន​ដុល្លារ​​ចុះ​មក នឹង​ជួយ​ឱ្យ​ដីធ្លី ​នៅ​ស្រុកចិន​ដំណើរការ​ល្អ ហើយ​កម្ពុជា​នឹង​ទទួល​បាន​ផល​ប្រយោល​ផង​ដែរ”។

លោកពន្យល់ថា ធម្មតា​ក្រុមហ៊ុន​ចិន ​ដែល​មក​វិនិយោគ​នៅ​កម្ពុជា គាត់​ជា​ក្រុមហ៊ុន​កូន​​​របស់​ក្រុមហ៊ុន ​នៅ​ប្រទេសចិន ដូច្នេះ​នៅពេលដែលក្រុមហ៊ុន​ធំ​នៅ​ចិន ទទួលបាន​លុយ​ពី​រាជរដ្ឋាភិបាល​ចិន ធ្វើ​ឱ្យ​គម្រោង​ដំណើរការ​ល្អ មាន​ផ្សារហ៊ុន​គាត់ឡើង ចង់មិនចង់​គាត់នឹង​អាច​ចែក​រំលែក​ ផល​ចំណេញ​មក​ដល់​ក្រុមហ៊ុន​ចិន​នៅ​ស្រុកខ្មែរ នោះ​យើង​នឹង​រស់​ទាំងអស់គ្នា។

លោកបញ្ជាក់ទៀតថា “ខ្ញុំ​មើលឃើញថាល្អ ឱ្យតែ​ទីផ្សារ​ដីធ្លី​នៅ​ប្រទេសចិន​ឡើង នោះ​វិស័យ​ដីធ្លីនៅ​ស្រុកខ្មែរ​នឹង​ឡើង​ដូចគ្នា ព្រោះ​​ធម្មតា​នៅពេល​ឪពុកម្តាយ​​ធូរធារ នោះ​កូនចៅ​ក៏​អាច​រស់ស្រួល”។

ជាមួយគ្នានេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង មើលឃើញ​ថា ចិន​នឹង​មក​ស្រុកខ្មែរ​វិញ​ច្រើន គ្រាន់​តែ​ថា​ពេល​មក​វិញ​លើក​នេះ​​នឹង​អាច​ចម្រាញ់​ មិន​បើក​ចំហរ​ដូចមុន។ ទាំង​លក្ខណៈភូមិសាស្ត្រ សេដ្ឋកិច្ច នយោបាយ អ្នករកស៊ីចិន​ត្រូវ​តែ​ម​ក​ខ្មែរ​វិញ​ ព្រោះពួកគេ​មាន​រឿង​ជា​ច្រើន ​ដែល​ត្រូវ​ធ្វើ​នៅកម្ពុជា​​ ពិសេស​គឺ​សំណង់អគារ​ជាប់គាំង​ទាំង​នៅ​ព្រះសីហនុ និង​រាជធានីភ្នំពេញ ដើម្បី​បញ្ចប់​ការងារ​ទាំងអស់​​នេះ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​បន្តថា “ជារួម ខ្ញុំ​រំពឹង​ថា​​ឆាប់ៗនេះ នៅពេល​កញ្ចប់​ជាង​​១១ទ្រីលាន​ដុល្លារ​ ធ្លាក់​មក​ដល់​ប្រទេស​ចិន ជួយ​ដល់​ម្ចាស់​គម្រោង​ចិន ចំហាយ​មួយ​ចំនួន​ត្រឹម០,១% មក​ដល់​ស្រុកខ្មែរ ក៏​សេដ្ឋកិច្ច​វិស័យ​ដីធ្លី​នៅ​ស្រុកខ្មែរ នឹង​ឡើង​វិញដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here