ទីផ្សារការិយាល័យនៅទីក្រុងហុងកុងរំពឹងស្ទុះងើបឡើងវិញយឺតជាងទីផ្សារលំនៅដ្ឋាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានអះអាងថា ទីផ្សារការិយាល័យនៅទីក្រុងហុងកុងនឹងស្ទុះងើបឡើងវិញយឺតជាងផ្នែកផ្សេងទៀត ដូចជាទីផ្សារលំនៅដ្ឋាន ខណៈការលក់ផ្ទះកើនឡើង ដោយសារតែការទម្លាក់អត្រាការប្រាក់ និងច្បាប់ផ្តល់ហិរញ្ញប្បទានកម្ចីទិញផ្ទះកាន់តែងាយស្រួល។

ការលើកទឹកចិត្ដទាំងនេះបានជំរុញឱ្យក្រុមអ្នកវិនិយោគមានការចាប់អារម្មណ៍ និងចុះកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់កាន់តែធំនៅក្នុងទីផ្សារអចលនទ្រព្យលំនៅដ្ឋាន និងការលក់រាយ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងថា អត្រាការិយាល័យទំនេរនៅតាមសង្កាត់ពាណិជ្ជកម្មជាច្រើនក្នុងទីក្រុងហុងកុង រួមមានតំបន់ពាណិជ្ជកម្មកណ្តាល សង្កាត់ Wan Chai សង្កាត់ Causeway Bay និងសង្កាត់ Tsim Sha Tsui បានបន្តកើនឡើងយ៉ាងគំហុក។

ការជួលការិយាល័យនៅទីក្រុងហុងកុងកាលពីខែកញ្ញា បានធ្លាក់ចុះក្នុងរង្វង់១,១ភាគរយបើប្រៀបធៀបនឹងខែសីហា។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មាន South China Morning Post។

លោក Martin Wong នាយកជាន់ខ្ពស់ និងជាប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុន Knight Frank ប្រចាំតំបន់ Greater China បានលើកឡើងថា ទីផ្សារការិយាល័យនឹងត្រូវការពេលវេលា ដើម្បីស្ទុះងើបឡើងវិញ។ ជាពិសេស បច្ចុប្បន្ន សហគ្រាសនានានៅតែពិបាកក្នុងការពង្រីកទំហំការិយាល័យរបស់ពួកគេ”។

ដោយឡែក ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE អះអាងថា ទីផ្សារការិយាល័យនៅហុងកុងកំពុងប្រឈមមុខនឹងស្ថានភាពនៃការផ្គត់ផ្គង់លើសតម្រូវការ ខណៈអត្រាការិយាល័យទំនេរបានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន។ លើសពីនេះ អ្នកអភិវឌ្ឍន៍ហុងកុងគ្រោងនឹងផ្គត់ផ្គង់ទំហំការិយាល័យថ្មីបន្ថែមប្រហែល៣លានហ្វីតការ៉េនៅឆ្នាំក្រោយ។

លោកស្រី Fiona Ngan អ្នកជំនាញអចលនទ្រព្យនៅក្រុមហ៊ុន Colliers Hong Kong បានព្យាករណ៍ថា តម្លៃជួលការិយាល័យកម្រិត A នឹងធ្លាក់ចុះ៨ភាគរយនៅឆ្នាំនេះ ហើយនឹងបន្តធ្លាក់ចុះក្នុងអត្រាស្រដៀងគ្នានេះនៅឆ្នាំ២០២៥។ វិស័យការិយាល័យនឹងបន្តក្លាយជាទីផ្សាររបស់អ្នកជួលដល់ឆ្នាំ២០២៥។

ស្របពេលជាមួយគ្នានេះ របាយ​ការណ៍​នៃ​ការ​លក់​ផ្ទះ​ដាច់យ៉ាង​លឿន​កាលពីចុង​សប្តាហ៍​ កំពុង​បង្កើនសុទិដ្ឋិនិយម​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​លំនៅដ្ឋាន។ ក្រៅពីការកាត់បន្ថយអត្រាការប្រាក់ វិធានការគោលនយោបាយដើម្បីជំរុញតម្រូវការក៏បានជួយជំរុញការលក់ផ្ទះផងដែរ។

បច្ចុប្បន្ននេះ អ្នកទិញផ្ទះ និងអចលនទ្រព្យពាណិជ្ជកម្ម ត្រូវបានអនុញ្ញាតឱ្យខ្ចីប្រាក់ចំនួន៧០ភាគរយនៃតម្លៃអចលនទ្រព្យរបស់ពួកគេ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here