ដោយ: គង់ លាងហួរ
ភ្នំពេញ: ស្របពេលទីផ្សារអចលនទ្រព្យ នៅកម្ពុជាមានសញ្ញាល្អប្រសើរ ថ្នាក់ដឹកនាំធុរកិច្ច ដូចជាលោកបណ្ឌិត Alexander Evengroen នាយកប្រតិបត្តិក្រុមហ៊ុន ASEAN Realtor Inc. ដើរតួយ៉ាងសំខាន់ ក្នុងការបង្កើតអនាគតរបស់ខ្លួន ដោយប្រើប្រាស់បទពិសោធន៍ជាង២៥ឆ្នាំក្នុងវិស័យនេះ ។
ក្រោយពីបានចូលរួមយ៉ាងសកម្ម នៅកម្ពុជានារយៈពេល១៥ឆ្នាំកន្លងមកនេះ លោកបណ្ឌិត Evengroen បានក្លាយជាអ្នកតស៊ូមតិដ៏សំខាន់មួយរូបនៅក្នុងទីផ្សារនេះ។
លោកបណ្ឌិតមានជំនាញចំពោះវិស័យ ដែលមានតម្រូវការខ្ពស់ ដូចជា ការអភិវឌ្ឍន៍ដីធ្លី គម្រោងសាងសង់ខុនដូ និងបុរី ព្រមទាំងជំនាញរៀបចំផែនការមេ សម្រាប់សហគមន៍លំនៅដ្ឋាន ដើម្បីទាក់ទាញប្រជាជនវណ្ណៈកណ្តាល ដែលកំពុងកើនឡើងនៅកម្ពុជា។
លោកបានបន្តថា “ការអភិវឌ្ឍន៍បុរីបានក្លាយជាដំណោះស្រាយដ៏សំខាន់មួយ សម្រាប់ប្រជាជនរស់នៅតាមទីក្រុង ដោយផ្តល់នូវទីតាំងរស់នៅបែបគ្រួសារ និងបែបសហគមន៍ក្នុងតម្លៃសមរម្យ”។
ជាមួយគ្នានេះ ក្រុមហ៊ុន ASEAN Realtor Inc. របស់លោកបណ្ឌិត Evengroen បានចូលរួមយ៉ាងសកម្ម ក្នុងការកសាងសហគមន៍ទាំងនេះ ដោយទទួលស្គាល់ពីសារៈសំខាន់ នៃការផ្គត់ផ្គង់លំនៅដ្ឋាន ប្រកបដោយនិរន្តរភាព និងតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការ របស់ប្រជាជនវណ្ណៈកណ្តាល ដែលកំពុងកើនឡើង និងលំហូរជនចំណាកស្រុក ដែលចូលមករស់នៅក្នុងទីក្រុង។
ចំណែក វិស័យខុនដូ ក៏កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងផងដែរ ជាពិសេសនៅរាជធានីភ្នំពេញ ខណៈតម្លៃខុនដូត្រូវបានព្យាករណ៍ថា នឹងកើនឡើង៤០ភាគរយនៅត្រឹមឆ្នាំ២០៣០។
ម្យ៉ាងវិញទៀត ការកើនឡើងនៃនគរូបនីយកម្ម និងឧស្សាហូបនីយកម្មនៅកម្ពុជា បានបង្កើនតម្រូវការដីធ្លី ជាពិសេសដីនៅជិតតំបន់សេដ្ឋកិច្ចពិសេស (SEZs) និងមជ្ឈមណ្ឌលទីក្រុងសំខាន់ៗ។
ក្នុងន័យនេះ លោកបណ្ឌិត Evengroen បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការណែនាំដល់បណ្តាអ្នកអភិវឌ្ឍន៍ដីធ្លី និងអ្នកវិនិយោគឱ្យជ្រើសរើស ទិញក្បាលដីជាយុទ្ធសាស្ត្រ ដែលអាចបំពេញទាំងតម្រូវការ សាងសង់អគារពាណិជ្ជកម្ម និងតម្រូវការអភិវឌ្ឍន៍លំនៅដ្ឋាន។
លោកបណ្ឌិត Evengroen បានសង្កត់ធ្ងន់ចំពោះវិធីសាស្រ្តក្នុងការប្រើប្រាស់ដីធ្លី ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងច្របាច់បញ្ចូលធនធានក្នុងស្រុក ដើម្បីសម្របទៅនឹងតម្រូវការសហគមន៍ និងការគិតគូរពិចារណាលើបរិស្ថាន។
ក្រៅពីមជ្ឈមណ្ឌលទីក្រុង តំបន់ជនបទក៏ផ្តល់ឱកាសយ៉ាងច្រើន សម្រាប់គម្រោងអភិវឌ្ឍន៍កសិកម្ម និងការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍ផងដែរ។
លោកបណ្ឌិត Evengroen បានណែនាំអ្នកវិនិយោគឱ្យពិចារណាទិញដីនៅតំបន់ជនបទ ព្រោះដីនៅទីនោះមានតម្លៃសមរម្យ និងលទ្ធភាពទទួលបានប្រាក់ចំណេញខ្ពស់ ជាពិសេសសម្រាប់ការបណ្តាក់ទុនវិនិយោគ ដែលផ្តោតលើវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងវិស័យថាមពលបៃតង។
លោកបណ្ឌិតលើកឡើងទៀតថា នៅឆ្នាំ២០៣០ខាងមុខ កម្ពុជា នឹងត្រូវការលំនៅដ្ឋានថ្មីចំនួនជាង១,១លានខ្នង ហើយប្រជាជនភាគច្រើន ត្រូវការទិញផ្ទះក្នុងតម្លៃសមរម្យ។ ត្រង់ចំណុចនេះ លោកបណ្ឌិត Evengroen បានសហការជាមួយអ្នកអភិវឌ្ឍន៍ ដើម្បីផ្តល់អាទិភាព ដល់គំនិតផ្តួចផ្តើមសាងសង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យនៅក្នុងទីក្រុងធំៗ ដែលមានតម្រូវការខ្ពស់។
បច្ចុប្បន្ន ការសាងសង់បុរី ដែលផ្តោតលើសហគមន៍ និងតម្លៃសមរម្យ បានក្លាយជាមូលដ្ឋានគ្រឹះ នៃយុទ្ធសាស្ត្រអចលនទ្រព្យរបស់កម្ពុជា។
លោកបណ្ឌិត Evengroen ក៏បានសម្លឹងឃើញឱកាសដ៏ល្អ ក្នុងការពង្រីកការអភិវឌ្ឍន៍ នៅទូទាំងតំបន់ទីប្រជុំជនក្នុងទីក្រុង និងតំបន់ជាយក្រុង ស្របតាមការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា លើគោលនយោបាយលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ និងការអភិវឌ្ឍន៍សហគមន៍។
ក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុន ASEAN Realtor Inc. លោកបណ្ឌិត Evengroen ក៏មានជំនាញលើការប្រើប្រាស់សម្ភារៈប្រកបដោយនិរន្តរភាព និងការសាងសង់អគារប្រកបដោយភាពច្នៃប្រឌិត។
លោកលើកឡើងថា “ធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា មានសក្តានុពលដ៏ខ្ពស់ ក្នុងការច្នៃទៅជាសម្ភារៈសំណង់ប្រកបដោយនិរន្តរភាព ដូចជាឫស្សី និងសម្ភារៈកែច្នៃឡើងវិញ”។
លោកបណ្ឌិត Evengroen ជឿជាក់ថាការរួមបញ្ចូលសម្ភារៈទាំងនេះ ទៅក្នុងគម្រោងសំណង់ នឹងមិនត្រឹមតែកាត់បន្ថយផលប៉ះពាល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនប្រសិទ្ធភាពចំណាយផងដែរ ដែលធ្វើឱ្យលំនៅដ្ឋានកាន់តែមានតម្លៃសមរម្យក្នុងរយៈពេលវែង។
លោកបណ្ឌិតក៏បានសង្កត់ធ្ងន់ លើការអនុវត្តន៍ស្តង់ដារអគារបៃតង ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
លោកបណ្ឌិត Evengroen បានព្យាករណ៍ពីឱកាសជាច្រើននៅក្នុងវិស័យខុនដូ នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ស្របពេលលំហូរជនចំណាកស្រុក ពីតំបន់ជនបទមកកាន់ទីក្រុងនៅតែបន្តកើនឡើង ហើយលំហូរជនបរទេសក៏ជំរុញឱ្យមានតម្រូវការខុនដូផងដែរ។
ជាមួយគ្នានេះ វិស័យអចលនទ្រព្យពាណិជ្ជកម្ម និងឧស្សាហកម្មក៏ត្រូវបានគេរំពឹងថា នឹងកើនឡើងផងដែរ ស្របពេលមានការគាំទ្រពីរដ្ឋាភិបាល និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ។
លោកបណ្ឌិត Evengroen ព្យាករណ៍ថា តំបន់សេដ្ឋកិច្ចពិសេស នឹងទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលជាបច្ច័យបង្កើតឱ្យមានតម្រូវការ អចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្ម។
លោកបណ្ឌិតបានបង្ហាញការគាំទ្រ ចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការការពារអ្នកប្រើប្រាស់ តាមរយៈការពង្រឹងការត្រួតពិនិត្យបទប្បញ្ញត្តិ។ តួយ៉ាង ច្បាប់ស្តីពីបរធនបាលកិច្ច អាចអនុញ្ញាតឱ្យវិនិយោគិនបរទេស ទិញអចលនទ្រព្យនៅកម្ពុជា ដោយស្របច្បាប់ ដែលធ្វើឱ្យទីផ្សារកាន់តែមានតម្លាភាព។
លោកបណ្ឌិតក៏សម្លឹងឃើញឱកាសជាច្រើន ក្នុងវិស័យអចលនទ្រព្យ ជាពិសេសលំនៅដ្ឋានតម្លៃសមរម្យ ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការធ្វើពិពិធកម្មជម្រើសលំនៅដ្ឋានដូចជា បុរី និងខុនដូជាដើម ខណៈទីផ្សារអចលនទ្រព្យរបស់កម្ពុជាត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ទំហំទឹកប្រាក់ចំនួន០,៦៥ទ្រីលានដុល្លារនៅឆ្នាំ២០២៩។
ការបង្ហាញភាពជាអ្នកដឹកនាំ និងចក្ខុវិស័យរបស់លោកបណ្ឌិត Alexander Evengroen តាមរយៈក្រុមហ៊ុន ASEAN Realtor Inc. គូសបញ្ជាក់ឱ្យឃើញពីសារៈសំខាន់ នៃការអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ ដែលធ្វើឱ្យមានតុល្យភាព រវាងកំណើននៃការអភិវឌ្ឍន៍ទីក្រុងយ៉ាងឆាប់រហ័ស ជាមួយនឹងនិរន្តរភាព និងតម្លៃសមរម្យ។
ការផ្តោតការយកចិត្ដទុកដាក់ របស់លោកបណ្ឌិតចំពោះសម្ភារ:សំណង់ ប្រកបដោយនិរន្តរភាព និងស្តង់ដារបៃតងបានធ្វើឱ្យក្រុមហ៊ុន ASEAN Realtor Inc. ក្លាយជាអ្នកដឹកនាំការគិតឆ្ពោះទៅមុខ៕ប្រភព: LinkedIn៕