ដោយៈ គង់ សូរិយា
ភ្នំពេញៈ មេធាវីជំនាញមួយរូបបានលើកឡើងថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ មិនមានសិទ្ឋនៅក្នុងផ្លូវច្បាប់ណាមួយ អាចរឹបអូសទ្រព្យសម្បត្តិ ផ្ទះ ឬខុនដូរបស់អតិថិជននោះទេ។
មេធាវីជំនាញបានលើកឡើង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនថា នៅក្នុងច្បាប់ក្រមរដ្ឋប្បវេណី ច្បាប់ក្រមព្រហ្មទ័ណ្ឌក្តី មិនមានមាត្រាណាមួយចែងអំពីសិទ្ឋរបស់អ្នកអភិវឌ្ឍន៍ អាចរឹបអូសផ្ទះ ខុនដូ ឬដីរបស់ប្រជាពលរដ្ឋណាម្នាក់ ដោយគ្រាន់តែប្រើប្រាស់កិច្ចសន្យាទិញ លក់នោះទេ។
លោកមេធាវីបានបញ្ជាក់ថា កិច្ចសន្យា គឺកិច្ចសន្យា មិនអាចរំលាយដោយភាគីណាមួយទេ លើកលែងតែមានការយល់ព្រមពីភាគីទាំងពីរ(អ្នកអភិវឌ្ឍន៍ និងអ្នកទិញ) ឬមានការប្តឹងទៅតុលាការ ទើបតុលាការមានឆន្ទានុសិទ្ឋរំលាយ ក្នុងករណីមន្រ្តីតុលាការ បានធ្វើការស៊ើបអង្កេតលើរឿងនេះចប់។
មេធាវីរូបនោះបានបញ្ជាក់ថា ការទិញ លក់ អចលនទ្រព្យ ឬការរំលាយកិច្ចសន្យាណាមួយ រវាងអ្នកទិញ និងអ្នកលក់ ដែលមានកន្លងមក ដោយមិនមានការតវ៉ា ឬប្តឹងផ្តល់ពីភាគីជនរងគ្រោះ ដែលជាប្រជាពលរដ្ឋរបស់យើង គឺដោយសារពួកគាត់មិនចេះច្បាប់ ហើយពួកគេខ្លាចប្រព័ន្ឋតុលាការ មិនឈរនៅខាងពួកគេ។
លោកបន្តថា ប្រជាពលរដ្ឋអាចប្តឹងករណី បែបនេះបាន តាមរយៈពាក្យបណ្តឹងរដ្ឋប្បវេណី ដែលពួកគេត្រូវបង់ប្រាក់ជាង១០ម៉ឺនរៀលប៉ុណ្ណោះ ហើយសំណុំរឿងនានាត្រូវបានលោកឧបនាយករដ្ឋមន្រ្តីកើត រិទ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធ៌មបាននិងកំពុងយកចិត្តទុកដាក់ និងតាមដាន ដើម្បីផ្តល់នូវភាពកក់ក្តៅ និងសុខមាលភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ៕