ដោយ: គង់ លាងហួរ
ភ្នំពេញ: កាលពីពេលថ្មីៗនេះ លោក Peng Dan ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រផ្នែកសេដ្ឋកិច្ចអន្តរជាតិ បានដឹកនាំគណៈប្រតិ ភូជាន់ខ្ពស់ នៃថ្នាក់ដឹកនាំធុរកិច្ចពីទីក្រុង Henan និងទីក្រុង Shenzhen របស់ប្រទេសចិន មកជួបជាមួយមន្ដ្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុ។
ក្រុមគណៈប្រតិភូជាន់ខ្ពស់នេះ តំណាងឱ្យសហគ្រាសចិនធំៗ ដែលបានអញ្ជើញមកបំពេញដំណើរទស្សនកិច្ច នៅកម្ពុជាដើម្បីស្វែងរកឱកាសនៃការវិនិយោគ នៅក្នុងទីតាំងយុទ្ធសាស្ត្ររបស់ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោក Peng Dan បានគូសបញ្ជាក់អំពីការផ្លាស់ប្តូរ នៃសក្ដានុពលពាណិជ្ជកម្មសកល នាពេលបច្ចប្បន្ន និងភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលអាចកើតមានរវាងប្រ ទេសចិន និងសហរដ្ឋអាមេរិក នៅក្រោមរដ្ឋបាលដឹកនាំសារជាថ្មីរបស់លោកដូណាល់ ត្រាំ។
លោកបានលើកឡើងបន្ថែមទៀតថា បញ្ហាប្រឈមទាំងនេះ កំពុងជំរុញឱ្យបណ្តាក្រុមហ៊ុនចិននានា ខិតខំធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់ពួកគេ ទៅក្រៅប្រទេសជាបន្ទាន់។
ក្នុងជំនួបនោះ លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសអន្ដរក្រសួង សម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើការជាមួយបណ្តាអ្នកវិនិយោគចិន។
លោកបានរៀបរាប់យ៉ាងលម្អិត អំពីចក្ខុវិស័យរបស់គម្រោ ងផែនការមេខេត្តព្រះសីហនុ ក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន ទេសចរណ៍ និងឧស្សាហកម្មដ៏សំខាន់ក្នុងតំបន់។
លោកបានឱ្យដឹងថា “កម្ពុជាបានក្លាយជាគោលដៅទីតាំងវិនិយោគដ៏សំខាន់មួយ សម្រាប់ការធ្វើពិពិធកម្ម។ ក្នុងនោះ កម្ពុជាបានកសាងប្រព័ន្ធអេកូវិនិយោគ ក្នុងគោលបំណងដើម្បីទាក់ទាញសហគ្រាសបរទេស និងគាំទ្រកំណើនប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុនទាំងនោះ”។
លោកបានបន្ថែមថា កម្ពុជាបានធ្វើការកែលម្អច្បាប់បទប្បញ្ញត្តិផ្សេងៗ ព្រមទាំងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តដល់សហគ្រាសចិន ដែលបានផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ខ្លួន មកកាន់ខេត្តព្រះសីហនុ។ កត្តាទាំងនោះនឹងចូលរួមចំណែក ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូរវាងចិន-កម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចរួមគ្នា”៕