សមាគមCVEAនៅតែបន្តជម្រុញការលើកកំពស់ទំនុកចិត្តក្នុងទីផ្សារ និងជម្រុញឲ្យភ្នាក់ងារគ្មានអាជ្ញាប័ណ្ណរត់រកច្បាប់

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជា លោកសន សៀប បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ភ្នាក់ងារអចលនវត្ថុប្រមាណ៤០០ក្រុម ត្រូវបានបញ្ជូន ឈ្មោះទៅកាន់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។

        លោកបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីនេះថា ទោះជាសមាគម បានបញ្ជូនឈ្មោះក្រុមភ្នាក់ងារទាំងនោះទៅនិយ័តករក្តី ប៉ុន្តែសមាគមមិនឈប់ត្រឹមនេះទេ គឺយើងនៅតែបន្តធ្វើដូចភ្លៀងរលឹម ដើម្បីរកឈ្មោះភ្នាក់​ងារអចលនវត្ថុ មិនមានអាជ្ញាប័ណ្ណបញ្ជូន ទៅនិយ័តករបន្ថែមទៀត។

        លោកបន្តថា “ការស្វែងរកឈ្មោះនេះ គឺយើងសង្កេតមើលតាមបណ្តាញទំនាក់ទំនងសង្គម និងការផ្តល់ព័ត៌មានជាក់លាក់ពីសមាជិករបស់សមាគម”។ លោកបន្តថា “យើងចង់បង្កើតសួនច្បារមួយដែលមានផ្កាចម្រុះ ដើម្បីចាប់មេអំបៅ ជាជាងយើងរត់តាមចាប់មេអំបៅ”។

        លោកសន សៀបបានបន្តថា សមាគមមានបំណងលើកទឹកចិត្ត និងជួយអ្នកនៅក្នុងវិស័យនេះ ដើម្បីជម្រុញទីផ្សារឲ្យមានភាពប្រសើរឡើង និងជម្រុញទំនុកចិត្តដល់ទីផ្សារ ព្រោះបើយើងធ្វើការដោយឈរលើមូលដ្ឋានច្បាប់ទាំងអស់គ្នា និងរួបរួមគ្នា នឹងធ្វើឲ្យមានបរិយាកាសល្អ និងទាក់ទាញការវិនិយោគបន្ថែមពីបរទេស។

        លោកបញ្ជាក់ទៀតថា “ការកសាងទំនុកចិត្ត នៅក្នុងទីផ្សារមានសារៈសំខាន់ណាស់ ពិសេសក្នុងស្ថានភាពទីផ្សារដែលមានសភាពយឺតយ៉ាវបែបនេះ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here