ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកសន សៀប បានជាប់ឆ្នោតជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)ជាមួយការដាក់ចេញនូវផែនការជំរុញ សម្រួចកិច្ចការដែលនៅសេសសល់ឱ្យចំគោលដៅ ការការពារពង្រឹងគោរពច្បាប់និងវិជ្ជាជីវៈ, ការកសាងសមត្ថភាព និងការស្តង់ដារ ដើម្បីជំរុញឱ្យវិស័យអចលនទ្រព្យ និងភ្នាក់ងារផ្តល់សេវា ឱ្យមានភាពរីកលូតលាស់កាន់តែប្រសើរ។
លោកសន សៀប ត្រូវបានសមាជិកបោះឆ្នោតគាំទ្រ ជា ប្រធានសមាគមក្នុងអាណត្តិបន្ទាប់ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល ប្រធានសមាគម និងសមាជិកក្រុមប្រឹក្សា ភិបាលអាណត្តិទី៩ ឆ្នាំ២០២៤-២០២៦ កាលពីថ្ងៃទី៣០ វិច្ឆិកា។
សម្រាប់អាណត្តិថ្មីនេះ លោកសន សៀបបានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ នឹងជំរុញសម្រួចការងារដែលនៅសេសសល់ ជាពិសេសការដាក់ បញ្ចូលបន្ថែមនូវអ្វីដែលជាការចាំបាច់ នៅក្នុងវិស័យវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ដោយដើរឱ្យត្រូវនិងបរិវបថ និងសង្គមដូចជា៖ ពង្រឹងការគោរពច្បាប់ និងវិជ្ជជីវៈ ព្រោះវិជ្ជាជីវៈនេះមានសារៈសំខាន់ណាស់ ដែលជាតួនាទីរបស់សមាគម ក៏ដូចជាអាជ្ញាធរដែល ពាក់ព័ន្ធ ជួយគាំទ្រដល់វិស័យទាំងនេះឱ្យរឹងមាំ, ការកសាងសមត្ថភាព ដើម្បីជំរុញផ្តល់សេវាកម្មមានទំនុកចិត្តពីអតិថិជន និងមាន ប្រសិទ្ធភាពតាមក្រមសីលធម៌វិជ្ជាជីវៈ និងរុញការអនុវត្តប្រកបដោយស្តង់ដារ ទាំងផ្នែកអចលនទ្រព្យ និងភ្នាក់ងារផ្តល់សេវាជាដើម៕