ដោយៈ គង់ សូរិយា
ភ្នំពេញៈ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកឧកញ៉ាចេង ខេងបានមានប្រសាសន៍ថា ដើម្បីជម្រុញវិស័យនេះ ឲ្យមានការរីកចម្រើនលឿន យើងត្រូវមានស្តង់ដាក្រមសីលធ៌ម និងការគោរពច្បាប់នៅក្នុងវិស័យនេះ។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា យើងត្រូវមានស្តង់ដាវាយតម្លៃ ស្តង់ដាព័ត៌មានវិជ្ជាជីវៈ ស្តង់ដាគ្រប់គ្រងអចលនវត្ថុច្បាស់លាស់ដើម្បីអនុវត្តន៍ ហើយពួកគេត្រូវតែជាសមាជិកសមាគមCVEA ហើយបើពួកគេមិនមែនជាសមាជិក គឺយើងមិនត្រូវផ្តល់ឲ្យទេ។
លោកបញ្ជាក់ថា “យើងត្រូវមានស្តង់ដាវិជ្ជាជីវៈ និងក្រមសីលធ៌មច្បាស់លាស់ ព្រោះដើម្បីឲ្យឧស្សាហកម្មនេះរ៉ឹងមាំបាន ទាល់តែសមាគម និងស្ថាប័នរដ្ឋាភិបាលមានការរួបរួមតែមួយ”។
លោកឧកញ៉ាចេង ខេងបានបន្តថា នៅពេលយើងមានស្តង់ដាច្បាស់លាស់ និងប្រព័ន្ខការងារត្រឹមត្រូវ វាជាគំរូមួយដែលសមាគមនានាដូចជាសមាគមធនាគារ នឹងអាចរួបរួមគ្នា ដោយពិនិត្យមើលស្តង់ដាវិជ្ជាជីវៈរួម ជៀសវាងការចោទប្រកាន់គ្នាទៅវិញទៅមក។
លោកឧកញ៉ាបានបញ្ជាក់ថា “ នៅពេលយើងមានស្តង់ដាវិជ្ជាជីវៈហើយយើងគោរពគ្នាទៅវិញទៅមក វាធ្វើឲ្យអតិថិជនមានទំនុកចិត្ត និងធ្វើឲ្យអ្នកវិនិយោគបោះទុនចូលមកកាន់តែច្រើន”។ លោកបន្ថែមថា “ផ្ទុយទៅវិញ បើស្ថាប័ននិមួយៗ មិនមានជំនាញវិជ្ជាជីវៈច្បាស់លាស់ទេ វាធ្វើឲ្យអ្នកវិនិយោគមិនទុកចិត្ត ហើយនៅពេលគេមិនទុកចិត្ត”។
លោកបន្តទៀតថា នៅពេលស្ថាប័នអន្តរជាតិមិនទុកចិត្ត វាធ្វើឲ្យអត្រាកាប្រាក់ខ្ពស់ ដែលយើងយកលុយមកវិនិយោគ មានហានិភ័យ និងមិនមានផលចំណេញច្រើននោះទេ ដែលធ្វើឲ្យការវិនិយោគក្នុងវិស័យអចលនវត្ថុមិនមានភាពប្រសើរ៕