សម្តេចធិបតីបញ្ជាក់ពីជំហរម៉ឺងមាត់ក្នុងការប្តឹងទៅតុលាការICJនិងអំពាវនាវឲ្យជនរួមជាតិកុំបំបាក់ទឹកចិត្តកងទ័ព

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានអះអាងជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិICJ ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួ​យប្រទេសថៃ បើទោះបីថៃមិនព្រមឡើងទៅតុលាការICJ យ៉ាងណា​ក៏ដោយ។

ការបញ្ជាក់ជាថ្មីរបស់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងសមាជជាលើកដំបូង ជជែកអំពីប្រព័ន្ធ​គាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម របស់រដ្ឋសភា និងព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដោះស្រាយតាមផ្លូវតុលាការអន្ដរជាតិ ដើម្បីកុំឲ្យប្រទេសទាំងពីរឈានដល់ការផ្ទុះអាវុធដាក់គ្នា និងធ្លាក់ចូលអន្ទាក់របស់ក្រុមជ្រុលនិយម។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងច្បាស់ៗថា ដោយសារភាពមិនច្បាស់លាស់អំពីបញ្ហាព្រំដែន ក៏ដូចជា MoU ឆ្នាំ២០០០។ បើទោះបីជាភាគីថៃ មិនឯកភាពជាមួយយើង នៅក្នុងយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្ដឹង ICJ ដើម្បីបញ្ចប់បញ្ហា និងពន្លត់បញ្ហានេះ តែម្ដងកុំឲ្យមានបញ្ហាស្រពិចស្រពិលគ្នា ពិសេសការធ្លាក់ចូលក្នុងការបំផុសរុញច្រាន ដោយក្រុមជ្រុលនិយមមួយក្ដាប់តូច នៅក្នុងប្រទេសថៃ និងកម្ពុជា ដែលអាចឈានទៅដល់ការផ្ទុះអាវុធ និងការប្រឈមមុខដាក់គ្នា។

សម្ដេចមហាបវរធិបតីបានបញ្ជាក់ទៀតថា “បើទោះបីជាកម្ពុជា ព្យាយាមដោះស្រាយដោយសន្ដិវិធី តាមយន្ដការបច្ចេកទេស និងផ្អែកលើមូលដ្ឋានច្បាប់អន្ដរជាតិ ប៉ុន្ដែកម្ពុជារក្សាសិទ្ធិ ក្នុងការការពារបូរណ​ភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាមានការប៉ុនប៉ង់រំលោភ ដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធ”។

តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ក៏ទើបបានបញ្ជាក់ថា ក្រោយពីត្រឡប់ពីបំពេញ​បេសក​កម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយ​ថ្នាក់​ដឹក​នាំកងទ័ពនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការ​ណ៍​ពីសភាព​ការណ៍​ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដូចអ្វីដែលសម្តេចបានបញ្ជាក់​នាពេលកន្លងទៅ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែន​ដោយសន្តិ​វិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល​។

ឈរលើស្មារតីខាងលើនេះ សម្តេចមហាបវរធិបតី បានបញ្ជាឱ្យគណៈ​កម្ម​ការ​​ព្រំដែនចម្រុះ (JBC) កម្ពុជាធ្វើកិច្ចការចំនួនពីរដូចខាងក្រោម ទី រៀបចំការប្រជុំ JBC ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន និង​បន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង​ប្រទេស​ទាំងពីរ។

ទី២ ត្រៀមដាក់ចូលក្នុងរបៀបវារៈ សម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធ នឹងការ​យក​​​បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅ​តុលា​ការ​យុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចផងដែរថា ដោយសារ​ក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតា​មាន់​ធំ ប្រាសាទតាមាន់តូច មានសកម្មភាពជាបន្ត​បន្ទាប់​របស់ក្រុមជ្រុល​និយម ​មួយចំនួនតូច បានបំផុសចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែល​អាចឈានទៅការប្រឈម​មុខដាក់គ្នាសារជាថ្មី​នៅពេល​ខាងមុខ។

សម្តេចធិបតីបង្ហាញសុទិដ្ឋិនិយមថា ភាគីទាំងពីរនិងអាចធ្វើការជាមួ​យគ្នា ដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទ នៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន នៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។

បើទោះបីជាយ៉ាងណា សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាម ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាម ឈ្លានពានបូរណភាពទឹកដីកម្ពុជា ដោយប្រើប្រាស់កំលាំងកងទ័ព។

ក្នុងសមាជិករដ្ឋសភា-ព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ខ្មែរ គ្រប់និន្នាការបញ្ឈប់សកម្មភាព ដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តទ័ព។

សម្តេចមហាបវរធិបតីបានថ្លែងថា “រាជរដ្ឋាភិបាលមាន​លទ្ធ​ភាពគ្រប់គ្រាន់ ក្នុងការផ្តត់ផ្គង់កងទ័ពនៅព្រំដែន ប៉ុន្តែការជួយគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង គឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់កងទ័ព”។

សម្តេចធិបតី បានបញ្ជាក់យ៉ាងច្បាស់ៗថា “ខ្ញុំសូមអំពាវនាវបន្ត និងរួមគ្នា ក្នុងការលើកទឹកចិត្តកងកម្លាំង ហើយពេលជាមួយគ្នា ក៏ខ្ញុំសុំអំពាវនាវសាជាថ្មី ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន បើទោះមាននិន្នាការណាក៏ដោយ សូមកុំធ្វើសកម្មភាពណា ដែលប៉ះពាល់ដល់ទឹកចិត្តរបស់កម្ពុជាយើង

សម្តេចបានបញ្ជាក់ទៀតថាពេលនេះ ជាពេលដែលប្រទេសជាតិយើងទាំងមូលត្រូវរួមគ្នា ដើម្បីត្រៀមលក្ខណៈការពារជាតិ ការពារទឹកដីរបស់យើង ជាពិសេសរួមគ្នានៅក្រោយកងទ័ពរបស់យើង ដើម្បីការពារទឹកដី”។សម្តេចបន្តថា “រឿងនយោបាយ យើងនិយាយពេលផ្សេង ប៉ុន្តែនិយាយអ្វីដែលប៉ះពាល់ដល់ទឹកចិត្ត និងស្មារតីរបស់បងប្អូន សុំលុបទៅ”។

សម្តេចបន្ថែមថា “មិនមែនពេលកេងចំណេញ នយោបាយផ្ទៃក្នុង ប្រឆាំងគ្នាឯងនោះទេ ប៉ុន្តែជាពេលមូលមតិគ្នា មូលចិត្ត មូលគំនិតរួមគ្នា ព្រោះអ្វីដែលជាហានិភ័យ គឺទឹកដី និងជីវិតបងប្អូន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here