វិភាគៈពេលវេលាដែលខ្មែរត្រូវរូបរួម និងផ្លាស់ប្តូរទស្សនវិទ្យារបស់ខ្លួន

0

ដោយៈ យិន លាងគង់

    ភ្នំពេញៈ កំដៅភ្លើងសង្រ្គាមជាមួយប្រទេសជិតខាង បាននិងកំពុងកើតមាន ហើយសង្រ្គាមនេះបានកើតមានឡើង ដោយសារកត្តាចិត្តសាស្រ្ត និងមនោគមវិជ្ជា ដែលមជ្ឈដ្ឋានអន្តរជាតិមើលឃើញថា “ដោយសារខ្មែរមិនទាន់ខ្លាំង ដែលអាចឲ្យជាតិសាសន៍នេះ ខ្លាចនៅឡើយ”។

ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា រយៈពេលប្រមាណ៤ទសវត្សរ៍ និងសម្តេចមហាបរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន បានធ្វើឲ្យគេមើលឃើញនូវអ្វីដែលជាព្រលឹង និងភាពខ្លាំងរបស់ខ្មែរចាប់បដិសន្ឋិ ក្នុងដួងព្រលឹងជាតិឡើងវិញបណ្តើរៗ។

អតីតកាល និងមេរៀនក្នុងប្រវត្តិសាស្រ្តជាតិ រយៈពេលជាង៥០០ឆ្នាំមកនេះ ខ្មែរបានបែកបាក់ និងចាញ់ឧបាយកលជាតិសាសន៍ជិតខាងមួយនេះ ក្នុងប្រវត្តិសាស្រ្តច្រំដែល និងដដែលៗ។

ជាក់ស្តែងនៅក្នុងសម័យលង្វែកខ្មែរចាញ់កល “សៀម” ដោយ​សារមានសង្ឃចារកម្មថៃ ដើរតួនាទីជាអ្នកសង្រ្គោះប្រជាជនខ្មែរ នៅទីបំផុតសង្ឃទាំង២អង្គ បានបញ្ចូនសារ ដើម្បីឲ្យកងទ័ពខ្មែរវាយចូលបន្ទាយលង្វែក។

ប្រវត្តិសាស្រ្តសម័យកាលជាច្រើនកន្លងមក ខ្មែរចាញ់ឧបាយកលសៀមនឹងជំនឿ “ពុទ្ឋសាសនា” ដូចជា ការប្រកាន់សច្ចៈធ៌ម ដែលពាក្យឬជំនឿលើសច្ចៈធ៌ម គេមិនប្រើប្រាស់លើសត្រូវនោះឡើយ។ រឿទាំងនោះមានសរសេរក្នុងរឿង “ហង្សយន្ត” ជាដើម។

នៅសតវត្សរ៍ទី២១នេះ សម័យកាលមុនកើតមានសង្រ្គាម នៅប្រាសាទព្រះវិហារឆ្នាំ២០០៨ ខ្មែរបានចាញ់កលពួកសៀមម្តងទៀត ដោយពួកគេប្រើប្រាស់ “ដូនជី និងសង្ឃ”ដើម្បីឈ្លានពាន ព្រោះគេមើលឃើញថា ខ្មែរជាជាតិសាសន៍ ដែលប្រកាន់ជំនឿបែបជ្រុលនិយម និងជឿលើអ្វីតាមសភាវគតិជាជាងប្រើសតិបញ្ញា។

ប្រព័ន្ឋជំនឿ “ចាញ់ជាព្រះ ឈ្នះជាមា” និងការលើកឡើងពីឋានសួគ៌ ឋាននរកច្រើនពេក និងការយកសាសនាធ្វើជារបរ ឬអាជីវកម្ម បាននិងកំពុងកើតមាន ក្នុងសន្តានចិត្តអ្នកពុទ្ឋនិយម ពុតត្បុតមួយចំនួន។

ខ្មែរគួរផ្លាស់ប្តូរទស្សនវិទ្យារបស់ខ្លួន

ការប្រកាន់ជំនឿ និងការបែកបាក់ជំនឿ បានធ្វើឲ្យអាណាចក្រចខ្មែរដួលរលំ ដោយសារហេតុមួយជាច្រើន ដូចជា ទី១ ការឈ្លានពានរបស់ប្រទេសជិតខាង ទី២ ការបែកបាក់សមគ្គីជាតិ ដោយសារតែជំនឿ និងការប្រកាន់យកភាពអញនិយម ទី៣ ការបែកបាក់ខាងជំនឿសាសនា ដែលជារឿងធំជាងគេ។

ជាក់ស្តែង ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មហាក្សត្រអង្គនេះបានផ្លាស់ប្តូរសាសនា ប្រាសចាកនូវជំនឿដើមរបស់ខ្លួន ដែលពីដើមមកដូនតាខ្មែរ “គោរពសាសនាព្រលឹង” និងព្រហ្មមញ្ញសាសនា ដែលសាសនាទាំងពីរនេះ រលាយចូលគ្នាបង្កើតបាននូវអ្វីហៅថា “ព្រលឹងខ្មែរ”ដ៏ខ្លាំងក្លាមួយ។

ខ្មែរបានចាប់ផ្តើមបែកបាក់ នៅពេលជំនឿដើមរបស់ពួកគេត្រូវបានគេមិនឲ្យតម្លៃ អ្នកសច្ចំ ព្រាហ្មណ៍ បរោហិត បានភៀសខ្លួនចេញពីរាជវាំង ដោយសារពួកគេដឹងថា មហានគរចាប់ផ្តើមស្រយុតហើយ។

ប៉ុន្តែគួរឲ្យសោកស្តាយ អ្នកប្រាជ្ញបារាំងក្តី អ្នកប្រាជ្ញខ្មែរក្តី មិនបានលើករឿងនេះ មកនិយាយនោះទេ ដោយសារពួកគេមិនផ្តោតលើមនោគមន៍វិទ្យាសាសនាថា មានភាពសំខាន់ ប៉ុន្តែការពិតប្រព័ន្ឋជំនឿមួយ អាចធ្វើឲ្យជាតិសាសន៍មួយធ្លាក់ក្នុងឱនភាព និងខ្លាំង។

ជំនឿក្លាយជាព្រលឹង

នៅពេលជាតិសាសន៍មួយ ដែលមិនសូវចាប់អារម្មណ៍លើការគិតពិចារណា មិនសូវចូលចិត្តរៀនសូត្រ នៅពេលពួកគេប្រកាន់ជំនឿអ្វីមួយ ដែលមានអាយុកាលលើសពី១០០ឆ្នាំ ជំនឿនោះបានក្លាយជាព្រលឹង ជាឈាមរបស់ពួកគេ។

ឧទាហរណ៍ជាក់ស្តែង “នៅពេលស្រ្តីពរផ្ទៃទារក” នៅក្នុងពោះ ចូលចិត្តមើលសិល្បៈ ការរាំច្រៀង ទារកនោះកើតមក ពួកគេនឹងមានទេពកោសល្យខាងការរាំច្រៀង” បើទោះបីឪពុកម្តាយពួកគេមិនសូវមានទេពកោសល្យខាងរាំច្រៀងក្តី។

ឧទាហរហ៍សាមញ្ញមួយទៀត “នៅពេលម្តាយមានផ្ទៃពោះ បានដាក់បាត្រលោកសង្ឃជាប្រចាំ” នៅពេលកូនរបស់ពួកគេកើតមក អា​យុ មិនទាន់បានមួយខួបស្រួលបួលផង ទារកនោះអាចដើរតេសតះ យកលុយឬនំចំណី ប្រគេនសង្ឃដោយស្វ័យប្រវត្តិ។

នេះជាមូលដ្ឋានបែបវិទ្យាសាស្រ្តមួយ ដែលមិនអាចប្រកែកបាន ដែលទិដ្ឋភាពបែបនេះ បានកើតមានក្នុងបរិបទសង្គមកម្ពុជា រាប់រយឆ្នាំមកហើយ ប៉ុន្តែប្រជាជាតិនេះមិនបានយកចិត្តទុកដាក់ ឬភ្លេចពិចារ​ណាលើទិដ្ឋភាពសង្គមមួយនេះ។

តើអ្វីជាមូលដ្ឋានវិទ្យាសាស្រ្ត? ហេតុផលគឺដោយសារពេលនៅក្នុងផ្ទៃ ចាប់ពីអាយុ៣ខែឡើង ពួកគេមានវិញ្ញាណរួចទៅហើយ ពួកគេអាចស្តាប់លឺ និងមានអារម្មណ៍ជិតស្និទ្ឋនឹងទិដ្ឋភាព សកម្មភាព ដែលម្តាយរបស់ពួកគេប្រព្រឹត្តប្រចាំថ្ងៃ។

សុំសន្តិភាពពីសត្រូវ?

និយាយពីញាតិជិតខាងកម្ពុជា ដែលជាជនជាតិថៃ ពួកគេមិនដែលឲ្យតម្លៃ និងគោរពខ្មែរនោះទេ បើទោះបីប្រវត្តិសាស្រ្តពួកគេទាំងអក្សរសាស្រ្ត សំនៀងភាសានិយាយដូចខ្មែរ និងទទួលឥទ្ឋិពលលើវិស័យវប្បធ៌ម និងសាសនាពីខ្មែរក្តី។

ជាតិសាសន៍មួយ ដែលមានចរិកបែបអេលីត និងត្រូវបានប្រជាជាតិជុំវិញ ភូមិផងរបងជាមួយ មិនសូវចូលចិត្តនេះ ពួកគេតែងតែចិញ្ចឹមចិត្តឈ្លានពាន និងលេបទឹកដីកម្ពុជាមិនចប់ មិនហើយ ដោយ​សារពួកគេមើលឃើញនូវអ្វីដែលខ្មែរមាន ទី១ កម្ពុជាមានសេដ្ឋកិច្ចអន់ថយជាងពួកគេ មានអាវុធយុទ្ឋ  ភ័ណ្ឌទំនើបជាងខ្មែរ ទី៣ មានប្រជាជនតិចជាងពួកគេ ទី៤ ជនជាតិខ្មែរ ពួកគេមើលឃើញនូវភាពទន់ជ្រាយ ពីខាងក្នុងនិងបែកបាក់ ទី៥ មានមូលដ្ឋានកងទ័ព និងចំនួនកងទ័ពតិចជាងពួកគេ។

ដូច្នេះ ការ “សុំសន្តិភាព”ពីពួកគេមិនត្រូវបានសន្តោស ផ្ទុយទៅវិញពួកគេកាន់តែមើលស្រាលខ្មែរកាន់តែខ្លាំង។ ហេតុនេះប្រជាជាតិខ្មែរ គួរប្រកាន់យកពាក្យ “យើងត្រូវការសន្តិភាព និងយើងត្រៀមខ្លួនដើម្បីប្រយុទ្ឋគ្រប់ពេល” ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណៈភាពទឹកដីខ្មែរ។

បើខ្មែរង់ចាំតែទប់ទល់ជាមួយសត្រូវ ដោយមិនវាយបកទាំង(ចិត្តសាស្រ្ត និងកំលាំង) ប្រៀបដូចជា អ្នកប្រដាល់ម្នាក់ឡើងរេញ លើកដៃការពាររហូត ខណៈកីឡាករម្នាក់ទៀត បានវាយសន្ឋាប់មកលើកីឡាកររូបនោះ ទោះបីតិចឬច្រើននឹងឈឺ បែកឈាម និងសន្លប់នៅក្នុងទឹកណាមួយ។

ប្រកាន់យកទស្សនបែបពួកជ្វីស ឬទស្សនខខ្មែរសម័យមហានគរ

ជាតិសាសន៍មួយដែលខ្លាំងពិតប្រាកដ “ពួកគេត្រូវមានទស្សនវិទ្យាខ្លាំង និងមានសាមគ្គីភាពជាតិជាធ្លុងមួយ” (មិនលើកឡើងពីសេដ្ឋកិច្ចនៅឡើយ) ប៉ុន្តែការរីកចម្រើនសេដ្ឋកិច្ចខ្ពស់ ក៏ផ្តល់តុល្យភាពផ្នែកផ្លូវចិត្ត និងអារម្មណ៍នៃមនសិកាស្នេហាជាតិផងដែរ។

“ជនជាតិជ្វីស” ជាជនជាតិពួកែរៀនសូត្រ និងអានសៀវភៅជាប់ជាប្រចាំ ហើយសៀវភៅបានក្លាយជាជំនូន ឬកាដូដ៏មានតម្លៃរបស់ជាតិសាសន៍របស់ពួកគេ ដែលជនជាតិនេះមានពាក្យស្លោកមួយ លើកឡើងថា “ជនជាតិណា អាចទិញទឹកចិត្តជនជាតិរបស់ខ្លួនបាន ពួកគេនឹងប្រគល់ប្រទេសពួកគេដល់អ្នកនោះ”។

ខ្មែរសម័យមហានគរខ្លាំង ដោយសារ “ការរួបរួម” កងទ័ពខ្លាំង មានវិន័យ មានជំនឿលើអំណាចប្រមូលផ្តុំ ពួកគេឲ្យតម្លៃព្រះមហាក្ស​ត្រជា “អាទិទេព” ដែលព្រះមហាក្សត្រត្រូវការ ពួកគេនឹងស៊ូស្លាប់ដើម្បីជាតិ មាតុភូមិ។

“ជនណាហ៊ានធ្វើបាបខ្មែរ ពួកគេនឹងសងសឹក និងវាយកម្ទេច”ត្រលប់វិញ ជាជាងការឲ្យអភ័យឬប្រកាន់យកពាក្យ “ចាញ់ជាព្រះ ឈ្នះជាមារ” ឬពៀរ រំងាប់ដោយការមិនចងពៀរ ដែលទស្សនវិទ្យាចុងក្រោយនេះ បានធ្វើឲ្យខ្មែរខ្សោយតជំនាន់។

ជាក់ស្តែង ក្នុងប្រវត្តិសាស្រ្តជិត១០០០ឆ្នាំមកនេះ ខ្មែរមិនសល់អ្វីក្រៅពីសោកនាដកម្ម ការបែកបាក់ជាតិ និងរួញទឹកដី ស្ទើរតែបាត់បង់ពីផែនទីពិភពលោក នៅចុងសតវត្សរ៍ទី១៨។

តើគួរគោរពនូវការផ្លាស់ប្តូររបស់ប្រជាជាតិឬទេ?

ភ្លេង និងបទចម្រៀងគោរពទង់ជាតិ “ជាព្រលឹង” អរូបិយ ដែលអាចស្ថិតនៅជាប់ ក្នុងស្មារតីរបស់ប្រជាជាតិ ដែលបច្ចុប្បន្នភ្លេងជាតិមួយកាលពីអតិតកាល ត្រូវបានជាតិសាសន៍នេះគោរព ចូលចិត្ត និងឲ្យតម្លៃដោយមិនដឹងខ្លួនរួចទៅហើយ។

ជាក់ស្តែងនៅពេលកុមារ ចូលសាលារៀនពីកម្រិតមតេយ្យសិក្សា ដល់មហាវិទ្យល័យ និងការគោរពទង់ជាតិ នៅតាមស្ថាប័នក្រសួងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រជាជាតិនេះ ត្រូវតែច្រៀងភ្លងគោរពទង់ជាតិ មុនចូលធ្វើការ ដែលការះនុវត្តន៍នេះ គួរធ្វើឡើងជាប្រចាំទាំងនៅស្ថាប័នរដ្ឋ និងវិស័យឯកជន។

បទចម្រៀងគោរពទង់ជាតិនាពេលបច្ចុប្បន្ន “មិនមែនមិនមានអត្ថន័យគ្រប់គ្រាន់ទេ” តែជាភ្លេងនិងចម្រៀងជាតិមួយ ដែលមិនទាន់បានបង្ហាញពីស្មារតីរ៉ឹងមាំ របស់ប្រជាជាតិនេះនៅឡើយទេ។

ផ្ទុយទៅវិញបទចម្រៀង “ដែនដីខ្មែរ” ត្រូវបានសាលារៀន ស្ថាប័នថ្នាក់ជាតិ និងក្រុមកងយោធពលខេមរៈភូមិន្ទ បានយកទៅច្រៀង ដើម្បីដាស់ស្មារតីរបស់ពួកគេរួចទៅហើយ ពួកគេទទួលយកដោយពេញចិត្តរួចទៅហើយ ។ ពិសសនៅពេលពួកគេច្រៀងចម្រៀងនេះ ពួកគេមានស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិ មាតុភូមិយ៉ាងជ្រាលជ្រៅ។

អាស្រ័យហេតុនេះ សូមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បច្ចុ​ប្បន្នមេត្តា ពិចារណាក្នុងការផ្លាស់ប្តូរភ្លេងជាតិថ្មី ប្រសិនជាអាច ដើម្បីកសាងស្មារតីខ្មែរ ព្រលឹងខ្មែរ ព្រលឹងនៃមហាអាជាចក្រអង្គរឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here