សម្តេចធិបតីចេញបញ្ជាក់ពីស្ថានភាពនៅព្រំដែនកម្ពុជា ថៃមិនថាមិនមានការដកកងទ័ពកម្ពុជាចេញពីដែនអធិបតេយ្យទេ

0

ដោយៈ គង់ សូរិយា

    ប្រទេសបារាំងៈ ចេញពីទីក្រុងនីស ប្រទេសបារាំង សម្តេចមហាបវរធិតបីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់លើស្ថានភាពនៅតាមព្រំប្រទល់កម្ពុជា ថៃ។

សម្តេចបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមមុននេះបន្តិចថា “ខ្ញុំសូមផ្ញើរសារខ្លីមួយ ជូនចំពោះបងប្អូនជនរួមជាតិពីទីក្រុង នីស បារាំង”។

១. ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសពត៌មាន បញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់ របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ ដោយពុំមានការដកកងទ័ពកម្ពុជា ចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពយើងបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។

. រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពា​របូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។

. កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំ ស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជ រដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងនឹងរាល់ការប៉ុនប៉ងឈ្លានពាននានា។

. កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមគាំទ្រដល់យន្តការចរចារព្រំដែនជាមួយប្រទេសថៃ ដែលមានគណៈកម្មការជម្រុះព្រំដែន ដើម្បីបន្តកិច្ចការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

២.  បន្ថែមទៅលើ ប្រកាសរបស់ក្រសួងការពារជាតិខាងលើ ខ្ញុំសូមបញ្ជាក់សារជាថ្មីជូនបងប្អូនជនរួមជាតិថា÷ រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការ គណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ ២០០០) និងច្បាប់អន្តរជាតិ (រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។

សម្តេចបានបញ្ជាក់បន្តថា “រាជរដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើ​ម្បី​ជាឧត្តមប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ”។

ជាពិសេសចំណុចទី៣. សម្តេចបានលើកឡើងថា “ខ្ញុំក៏សូមអំពាវនាវអោយបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋរបស់យើងសូមរក្សាភាពស្ងៀមស្ងាត់ និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រ​យោ​ជន៍ជាតិខ្មែរយើង។

ជាពិសេស សូមជៀសវាងការបង្កើត ឬចែករំលែកពត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំអោយមានការយល់ច្រឡំ និងនាំអោយបំប៉ោងសភាពការណ៏លើសពីការពិត ដែលអាចពង្រីកបញ្ហា ទៅជាជម្លោះរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here