អស្ចារ្យ! ប្រទេសអារ៉ាប៊ីសាអូឌីតបង្ហាញមហិច្ឆតាសាងសង់អាគារកប់ពពកកំពស់រហូតដល់២០០០ម៉ែត្រ

0

ដោយៈ គង់ លាងហួរ

    អារ៉ាប៊ីអាអូឌីតៈ វាជាមហិច្ឆតា ប្រកបដោយក្តីស្រម៉ៃដូចក្នុងយល់សុបិនចឹង សម្រាប់ប្រទេសអារ៉ាប៊ីអាអូឌីត ដែលបង្ហាញពីគម្រោងសាងសង់អគារកម្ពស់២.០០០ម៉ែត្រ។

ប្រសិនគ្មានការប្រែប្រួលទេនោះ មហាគំរោងយក្សនេះនៅអាចនឹងបើកការដ្ឋាននៅឆ្នាំ២០២៦ នៅក្នុងប្រទេសពោរពេញដោយភោគទ្រព្យនេះ។

ប្រសិនជាវាលេចរូបរាងពិតមែន វានឹងជាគម្រោងអគារខ្ពស់បំផុតមិនធ្លាប់មានលើពិភពលោក Rise Tower កម្ពស់២.០០០ម៉ែត្រ ស្ថិតនៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត។

បច្ចុប្បន្ន គម្រោងអគារ Rise Tower កំពុងស្ថិតក្នុងដំណាក់កាលដេញថ្លៃ និងស្វែងរកក្រុមហ៊ុនម៉ៅការសំណង់។ គម្រោងនេះជាផ្នែកមួយនៃចក្ខុវិស័យឆ្នាំ២០៣០ របស់​រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ប៉ុន្តែបើ​ គិតមកទល់ពេលនេះ ការងារសាងសង់​មិន​ទាន់​ចាប់​ផ្តើម​នៅ​ឡើយ​ទេ។

ការសាងសង់អគារកម្ពស់២.០០០ម៉ែត្រ អាចជួបការលំបាកផ្នែកវិស្វកម្ម និងទាមទារដើមទុនវិនិយោគច្រើន ហើយផលចំណេញពីការវិនិយោគ(Return on Investment) ស្ថិតក្នុងភាពមិនច្បាស់លាស់។ លំនឹងអគារ និងជណ្តើរយន្តក៏អាចក្លាយជាឧបសគ្គផងដែរ ព្រោះអគារ Rise Tower នឹងមានកម្ពស់រហូតដល់៦៧៨ជាន់។

អគារនេះត្រូវបានរចនា ដោយក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេស Foster + Partners។ អគារ Rise Tower ជាផ្នែកមួយនៃគម្រោងបង្កើតតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្ម NorthPole នៅលើផ្ទៃដីទំហំ៣០៦គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគខាងជើង នៃរាជធានីរីយ៉ាដ (Riyadh)។

គម្រោងសាងសង់អគារRise Tower គ្រោងចំណាយទុនវិនិយោគចំនួន៥ពាន់លានដុល្លារអាមេរិក ពីមូលនិធិវិនិយោគសាធារណៈ (PIF) របស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។ អគារកម្ពស់២.០០០ម៉ែត្រនេះនឹងរួមមាន លំនៅដ្ឋាន អចលនទ្រព្យពាណិជ្ជកម្ម សណ្ឋាគារ ទីតាំងកំសាន្ត និងការរចនាបៃតង ។

គម្រោងដ៏មហិមានេះ អាចនឹងបង្កើតការងារប្រមាណ៨០.០០០កន្លែង ក្នុងអំឡុងពេលសាងសង់ និងក្រោយពេលសាងសង់រួច ព្រមទាំងបង្កើតផលចំណេញ សេដ្ឋកិច្ចរយៈពេលវែង ដោយរួមមាន សណ្ឋា​គារ ការិយាល័យ ហាងលក់រាយ និងកន្លែងសង្កេតការណ៍លើកំពូលអគារ ស្របតាមមហិច្ឆតា នៃការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីត៕

LEAVE A REPLY

Please enter your comment!
Please enter your name here