ឥណ្ឌូនេស៊ីគ្រោងនឹងផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន៨ពាន់លានដុល្លារ ដើម្បីជំរុញលើកទឹកចិត្តដល់អ្នកទិញផ្ទះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Jakarta Globe បានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន១៣០ទ្រីលានរូពៀ(ប្រមាណ៨ពាន់លានដុល្លារអាមេរិក) ក្នុងទម្រង់ជាប្រាក់កម្ចីដល់អ្នកទិញផ្ទះ។

រដ្ឋាភិបាលឥណ្ឌូនេស៊ីអនុញ្ញាតឱ្យសមាគមធនាគាររដ្ឋ Himbara អាចប្រើប្រាស់មូលនិធិខ្នាតយក្ស Danantara ជាដើមទុនដើម្បីផ្តល់ប្រាក់កម្ចីដល់អ្នកទិញផ្ទះ។

ប្រធានាធិបតីឥណ្ឌូនេសុីលោក Prabowo Subianto មានគោលបំណងសាងសង់ផ្ទះចំនួន២លានយូនីតនៅតំបន់ជនបទ និង១លានយូនីតបន្ថែមទៀតនៅក្នុងទីក្រុងជារៀងរាល់ឆ្នាំ ដោយសារប្រទេសនេះជួបបញ្ហាកង្វះលំនៅដ្ឋាន។

ជាមួយគ្នានោះ លោក Rosan Roeslani នាយកប្រតិបត្តិរបស់មូលនិធិ Danantara ក៏បានគូសបញ្ជាក់ផងដែរអំពីការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងផ្តល់ហិរញ្ញប្បទានចំនួន៨ពាន់លានដុល្លារអាមេរិកនេះ។

សមាសភាពក្រុមការងារទទួលបន្ទុករៀបចំផ្តល់កញ្ចប់ហិរញ្ញប្បទាន រួមមានតំណាងមកពីក្រសួងលំនៅដ្ឋាន មូលនិធិ Danantara ទីភ្នាក់ងារ BP Tapera និងសមាគមធនាគាររដ្ឋ Himbara។

លោក Rosan បានមានប្រសាសន៍ឱ្យដឹងបន្ថែមថា យើងប៉ាន់ប្រមាណថា នៅចុងឆ្នាំ២០២៥នេះ យើងនឹងអាចបញ្ចេញកញ្ចប់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ចំនួន១៣០ទ្រីលានរូពៀ។

លោក​បាន​បញ្ជាក់ទៀតថា ធនាគារ​របស់​រដ្ឋ​ទាំង​អស់បាន​ឯកភាព​ចូល​រួមចំណែក​ក្នុង​គំនិត​ផ្តួច​ផ្តើម​នេះ។ លោក Rosan បានអះអាងថា រដ្ឋាភិបាលនឹងផ្តល់ការធានាលើប្រាក់កម្ចី និងអត្រាការប្រាក់ទាប ដើម្បីជាការលើកទឹកចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here