ដោយ: គង់ លាងហួរ
អន្តរជាតិ: ជារឿងដ៏សម្បើមមួយ ប្រទេសជប៉ុនបានបង្ហាញគំនិតទស្សនវិស័យ ប្រកបដោយមហិច្ឆតា ក្នុងការសាងសង់អគារខ្ពស់កប់ពពក SkyMile Tower ដែលជាចំណូលស្នូល នៃផែនការមេអភិវឌ្ឍន៍ទីក្រុងតូក្យូ “Next Tokyo” ឆ្នាំ២០៤៥។
គម្រោងអគារ SkyMile Tower អាចមានកំពស់ចន្លោះពី១.៦០០ម៉ែត្រទៅ១.៧០០ម៉ែត្រ។ អគារនេះ នឹងអាចត្រូវបានសាងសង់លើផ្ទៃដីដែលចាក់បំពេញ ទៅក្នុងឈូងសមុទ្រតូក្យូ និងព័ទ្ធជុំវិញដោយកោះសិប្បនិម្មិត ក្នុងគោលបំណងការពារទឹកជំនន់។
គម្រោងអគារ SkyMile Tower កំពស់ប្រហែល៤២១ជាន់នេះ នឹងផ្តោតលើនិរន្តរភាព ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងការកែច្នៃកាកសំណង់ទៅជាថាមពល ជាពិសេស អគារកប់ពពក SkyMile Tower នឹងអាចប្រមូលរក្សាទុកសំណើមទឹកពីពពក តាមរយៈកម្លាំងទំនាញផែនដី។
អគារនេះក៏នឹងត្រូវបានរចនាឡើង ឱ្យមានភាពធន់នឹងខ្យល់ព្យុះ ការកើនឡើងកំពស់ទឹកសមុទ្រ ទឹកជំនន់ និងគ្រោះរញ្ជួយដី ខណៈជប៉ុនជាប្រទេសងាយរងគ្រោះ ពីបាតុភូតធម្មជាតិយ៉ាងញឹកញាប់។
ទីក្រុងតូក្យមានប្រជាជនរស់នៅ ប្រមាណ៣៧លាននាក់ ដែលធ្វើឱ្យដីធ្លីទំនេរ ទីក្រុងនេះនៅមានកម្រិត។ ដូច្នេះ ការសាងសង់អគារកប់ពពក នឹងជួយដោះស្រាយបញ្ហាដង់ស៊ីតេ ប្រជាជនក្នុងទីក្រុងតូក្យូ ព្រោះអគារ SkyMile Tower នឹងមានសមត្ថភាពផ្ទុកមនុស្សចំនួន៥៥.០០០នាក់។
អគារ SkyMile Tower នឹងប្រើប្រាស់ប្រព័ន្ធជណ្តើរយន្តល្បឿនលឿន ហើយផ្លូវរថភ្លើងប្រភេទHyperloop ត្រូវបានស្នើសាងសង់ឡើងដើម្បីតភ្ជាប់ពីតំបន់អគារSkyMile Tower ទៅកាន់តំបន់កណ្តាលទីក្រុងតូក្យូ។
យ៉ាងណាមិញ គម្រោងអគារ SkyMile Tower កំពុងស្ថិតក្នុងដំណាក់កាលនៃការសិក្សា និងការស្រាវជ្រាវ និងមិនមានការបញ្ជាក់អំពីពេលវេលាចាប់ផ្តើម បើកការដ្ឋានសាងសង់នៅឡើយទេ។ ចំណែក ប្រភពទុនវិនិយោគ ក៏មិនមានការប្រកាសបញ្ជាក់នោះដែរ៕