ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ បាននិងកំពុងរៀបចំឯកសារ ទាក់ទងប្រាសាទបន្ទាយឆ្មារ ប្រាសាទភ្នំដា អង្គរបុរី ដើម្បីស្នើសុំអង្គការយូណេស្កូ បញ្ចួលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។
ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលគណៈកម្មការជាតិយូណេស្កូកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការណែនាំយន្តការថ្មី សម្រាប់រៀបចំឯកសារចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក”នៅសាលអង្គរវត្ត ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់មន្រ្តីជំនាញពាក់ព័ន្ឋ។
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងដូចជា ទី១ បញ្ជ្រាបការយល់ដឹងអំពីអនុសញ្ញាឆ្នាំ១៩៧២ ស្ដីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក ទី២ លើកកម្ពស់ការយល់ដឹង និងស្វែងយល់ពីគោលការណ៍ណែនាំ នៃការអនុវត្តដែលបានកែសម្រួល និងតួនាទីនៃការវាយតម្លៃបឋម (Preliminary Assessment) ។
ទី៣ ការបញ្ជាក់អំពីពេលវេលាផ្លាស់ប្តូរ និងកាលបរិច្ឆេទនៃការដាក់ឯកសារស្នើសុំចុះបញ្ជីបេតិកភណ្ឌពិភពលោក ទី៤ផ្តល់ការបណ្តុះបណ្តាល អំពីរបៀបរៀបចំ និងបញ្ជូនការវាយតម្លៃបឋម។
ទី៥ ចូលរួមជាមួយអ្នកជំនាញ ផ្នែកអនុសញ្ញាបេតិកភណ្ឌពិភពលោកផ្នែកវប្បធម៌មកពីអង្គការយូណេស្កូ ក្នុងការពិភាក្សាលើការរៀបចំឯកសារ ទី៦ ចែករំលែកបទពិសោធន៍កន្លងមក របស់ក្រុមការងារស្រាវជ្រាវ និងរៀបចំឯកសារតំបន់ប្រាសាទកោះកេរ ក្នុងការរៀបចំឯកសារស្នើសុំចុះបញ្ជី បេតិកភណ្ឌពិភពលោកបានជោគជ័យ និងទី៧ គាំទ្រក្រុមការងាររៀបចំ ឯកសារប្រាសាទបន្ទាយឆ្មារ និងអង្គរបុរី សម្រាប់ការផ្លាស់ប្ដូរយន្តការថ្មី៕