ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងសាងសង់ផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ។
កិច្ចប្រជុំនេះដឹកនាំដោយលោកភួង ភិរុណ អនុរដ្ឋលេខាធិការ តំណាង លោកឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវ តភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងសាងសង់ផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមពីសមាជិកអង្គភាពគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) និងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យទៅលើការសិក្សាសមិទ្ធិលទ្ធភាព ក្នុងការសាងសង់ផ្លូវតភ្ជាប់ពីស្ពានមិត្តភាព កម្ពុជា-កូរ៉េ ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងទៅស្ពានព្រែកតាមាក់ សំដៅពង្រីកការតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ទៅកាន់ផ្លូវជាតិលេខ៨ និងទៅកាន់ស្ពានព្រែកតាមាក់។
គម្រោងផ្លូវតភ្ជាប់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ ដែលរស់នៅត្រើយខាងកើតរាជធានីភ្នំពេញពង្រីកការតភ្ជាប់ បង្រួមរយៈពេលធ្វើដំណើរ និងបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋផងដែរ។
ព័ត៌មានលំអិត និងវិវត្តន៍នៃគំរោងនេះបែបណា ក្រុមការងារនៃគេហទំព័រPropertyarea.asia នឹងធ្វើបច្ចុប្បន្នភាពជូនបន្ថែមទៀត៕