ដោយៈ គង់ សូរិយា
ព្រះសីហនុៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានបង្ហើបឲ្យដឹងថា នៅខែកញ្ញាខាងមុខ នឹងមានក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ភ្ជាប់ជើងហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តចំនួន២របស់ចិន។
ព័ត៌មាននេះ ត្រូវបានលើកឡើងកាលពីសប្តាហ៍មុន ក្នុងពេលលោកម៉ាង ស៊ីណេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនចិន មកពីទីក្រុងណានជីង សាធារណរដ្ឋប្រជាមានិតចិន។
លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូក្រុមហ៊ុនចិន មកពីទីក្រុងណានជីង ដែលមកដល់ខេត្តព្រះសីហនុ ព្រមទាំងបានជំរាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ ជាខេត្តស្ថិតនៅទិសនារតីនៃប្រទេសកម្ពុជា មានឆ្នេរ កោះស្រស់ស្អាត ត្រូវបានសមាជិកក្លឹបឆ្នេរសមុទ្រស្អាត ដាក់បញ្ជូលជាសមជិកក្លឹបឆ្នេរស្អាតលើពិពភលោក។
ខេត្តព្រះសីហនុ មានវិស័យដែលមានសក្តានុពលមាន ដូចជាការដឹកជញ្ជូនមាន ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម (ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម) និងជាគោលដៅទេសចរណ៍ ប្រកបដោយប្រជាប្រិយភាព ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា សម្រាកលម្ហែយ៉ាងច្រើន ហើយត្រូវបានប្រសិទ្ធនាមថា ជា “តារារះនាទិសនារតី”។
លោកអភិបាលខេត្ត បានបន្តថា វិស័យដឹកជញ្ចូនរបស់ខេត្តមាន ផ្លូវគោក ផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក ផ្លូវអាកាស មានផ្លូវរត់ប្រវែង៣៣០០ម៉ែត្រ បច្ចុប្បន្នមានជើងហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តនៃប្រទេសចិន ហើយខែក្រោយ នឹងមានការហោះហើរត្រង់ ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តពីរបន្ថែមទៀត នៃប្រទេសចិន ហើយទីក្រុងណានជីង ក៏ជាគោលដៅហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ និងផ្លូវទឹក មានកំពង់ផែអន្តរជាតិចំនួន៣ ក្នុងនោះកំពង់ផែកែវផុស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នកំពុងធ្វើការអភិវឌ្ឍជា៣ ដំណាក់កាល ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ មានជម្រៅទឹក១៧,៥០ម៉ែត្រ អាចឱ្យនាវាដែលចរាចរណ៍ លើពិភពលោកចូលចតបាន។
លោកម៉ាង ស៊ីណេតបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយចែកចេញជា ១.ការដឹកជញ្ជូនភស្តុភាកម្ម និងឧស្សាហកម្ម ២.ទីក្រុងសមាហរណកម្ម ៣.តំបន់ទេសចរណ៍នៅតាមបណ្តាកោះ ទន្ទឹមនោះស្រុកកំពង់សីលា ក៏ជាតំបន់ឧស្សាហកម្ម និងកសិឧស្សាហកម្ម ហើយភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាការរីករាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។
លោក កៅ គូគ័ង (Gao Gu Guang ) អនុប្រធានក្រុមហ៊ុន Divelopment Co,Ltd បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ហើយដំណើរទស្សនកិច្ចមកកាន់កម្ពុជា ប្រតិភូបានទៅទស្សនកិច្ចតំបន់ផលិតស្រូវ និងកែច្នៃគ្រាប់ស្វាយចន្ទី ប្រតិភូរបស់លោកចាប់អារម្មណ៍ផ្នែកកសិកម្មនៅកម្ពុជា ហើយប្រជាជនចិន មានការពេញនិយម នៃផលិតផលកសិកម្មរបស់កម្ពុជា មានដូចជា ផ្លែធូរេន ស្វាយ ខ្នុរ។
លោកបន្តថា ខេត្តព្រះសីហនុ ជាខេត្តមានផ្លុវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស មានភាពងាយស្រួលធ្វើឱ្យភ្ញៀវទេសចរមានការរីកចម្រើន ធ្វើឱ្យទំនាក់ទំនងរវាងប្រជាជនចិន និងប្រជាជនកម្ពុជាកាន់តែរីកចម្រើនថែមទៀត។
លោកបន្តថា ម្យ៉ាងទៀតការជោគជ័យ នៃការហោះហើរត្រង់ពីទីក្រុងណានជីង មកកាន់ខេត្តព្រះសីហនុ និងទទួលបានភ្ញៀវទេសចរកាន់តែច្រើន ដោយសារខេត្តជាំងស៊ូ មានសេដ្ឋកិច្ចធំទី២ នៃប្រទេសចិន ហើយគណៈប្រតិភូនឹងប្តេជ្ញាចិត្ត នៅពេលត្រឡប់ទៅចិនវិញ នឹងដឹកនាំអ្នកវិនិយោគ មកសិក្សាវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។
លោកសង្ឃឹមថា នឹងទទួលបានព័ត៌មានស្តីពី ការអភិវឌ្ឍន៍លើគម្រោងឯកសារមួយចំនួន ពាក់ព័ន្ធលើការអនុគ្រោះផ្នែកព័ន្ធផងដែរ។
ក្នុងឱកាសនោះ លោក កៅ គូគ័ង (Gao Gu Guang) ក៏បានអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅទស្សនកិច្ចនៅទីក្រុងណានជីង នៃខេត្តជាំងស៊ូ នៅពេលណាមួយសមស្រប៕