ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍អះអាងថា ក្នុងឆ្នាំ ២០២០នេះ កម្ពុជា បានបាត់បង់ចំណូលប្រមាណ ៣០០០ លានដុល្លារអាមេរិក ពីអាជីវកម្មទេសចរណ៍ ដោយសារតែវិបត្តិជំងឺ Covid-19 ដែលបណ្តាលឱ្យចំនួនភ្ញៀវទេសចរណ៍អន្តរជាតិធ្លាក់ចុះក្នុងរង្វង់ ៧០ ភាគរយ និង ភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះ ប្រមាណ ៥០ ភាគរយ។
លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ នៅក្នុងពិធីផ្សព្វផ្សាយ “បទដ្ឋានគតិយុត្តិដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី ១)សម្រាប់ដំណាក់កាលវិបត្តិជំងឺ Covid-19 ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹង ថា គិតត្រឹមថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០ ការធ្លាក់ភ្ញៀវទេសចរនៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអាជីវកម្មទេសចរណ៍ បិទទ្វារចំនួន ២៩៥៦ ទីតាំង និងការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ ៤៥៤០៤ នាក់។
លោកបន្តថា “ទន្ទឹមនឹងនេះ ទោះបីជាវិស័យទេសចរណ៍កម្ពុជា បាននឹងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិនៃជំងឺ Covid-19 យើងសង្កេតឃើញនូវសញ្ញាវិជ្ជមានមួយចំនួន ពិសេសសម្រាប់ខែឧសភា នាដើមខែសប្តាហ៍ទី ១ ភ្ញៀវទេសចរជាតិ និងបរទេសផ្ទៃក្នុង បានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានានៅក្នុងប្រទេស ប្រមាណ ជាង១៥ម៉ឺននាក់ កើនឡើង ៤២ ភាគរយ និងភ្ញៀវអន្តរជាតិមានចំនួនជាង ២ ពាន់នាក់ កើនឡើង ២៦ ភាគរយ”។
លោករដ្ឋមន្ត្រីបន្ថែមថា “ប៉ុន្តែ យ៉ាងណាក៏ដោយ ផលប៉ះពាល់ទាំងនេះ បានដោះស្រាយជាបន្តបន្ទាប់ ដោយរាជរដ្ឋាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់”។ ជាមួយគ្នានេះ លោក ថោងខុន បានម្តែងការកោតសសើរដល់កិច្ចខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញវិធានការជាបន្តបន្ទាប់ សំដៅគាំទ្រដល់វិស័យសេដ្ឋកិច្ច-សង្គម ដូចជាវិស័យទេសចរណ៍ កាត់ដេរ អាកាសចរណ៍ស៊ីវិល និងវិស័យឯកជនផ្សេងៗ ដើម្បីកាត់បន្ថយផលប៉ះពាល់។
យោងតាមការវាយតម្លៃរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO)បង្ហាញថា ផលប៉ះពាល់ទេសចរណ៍អន្តរជាតិ នៅត្រីមាសទី ១ ដើមឆ្នាំ ២០២០ នេះ មានការធ្លាក់ចុះក្នុងអត្រា ២២ ភាគយ ខាងបង់ប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ ប្រមាណ ៨០ ប៊ីលានដុល្លារស្មើនឹងការបាត់បង់ចំនួនភ្ញៀវទេសចរអន្តរជាតិ ៦៧ លាននាក់ ដោយសារការរីករាលដាលជាសកលនៃជំងឺ Covid-19 ៕