ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ទើបទទួលបានភាពល្អប្រសើរឡើងវិញនូវទីផ្សារអចលនទ្រព្យក្រោយភាពស្ងប់ស្ងាត់នៃជំងឺឆ្លងមិនទាន់បានប៉ុន្មានផង ពេលនេះបណ្តាអ្នកដែលស្ថិតនៅក្នុងវិស័យមួយនេះបានបង្ហាញក្ដីបារម្ភសារជាថ្មី ខណៈដែលរលកនៃវិបត្តិជំងឺឆ្លងមួយនេះចាប់ផ្តើមមានកំណើនឡើងវិញ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Centurey21 Advance លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះថា បន្ទាប់ពីមានកំណើននៃចំនួនអ្នកផ្ទុកជំងឺឆ្លងកាលពីពេលថ្មីៗនេះ បានជះឥទ្ធិពលសាជាថ្មីមកលើទីផ្សារអចលនទ្រព្យស្ទើរគ្រប់ប្រភេទ រាប់ទាំងផ្នែកទិញ-លក់ដីធ្លី សំណង់លំនៅឋាន ខុនដូ ក៏ដូចជា គម្រោងនៃការអភិវឌ្ឍនានា។
លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ថា “ជាមួយនឹងសញ្ញាថ្មីនៃរលកទី២របស់វិបត្តិជំងឺឆ្លងនៅពេលនេះ តាមដែលខ្ញុំមើលឃើញ ផ្នែកដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេគឺវិស័យដីធ្លី ដោយសារតែភាគច្រើនការវិនិយោគទៅលើដីធ្លីគឺតម្រូវចំណាយទុនច្រើន ហើយចំណាយពេលយូរ ដូច្នេះអ្នកវិនិយោគភាគច្រើនសុទ្ធតែរក្សាទុកនូវថវិកាក្នុងតំណាក់កាលនេះ រង់ចាំដល់ស្ថានការណ៍ល្អប្រសើរទើបចាប់ផ្តើមធ្វើសកម្មភាពវិនិយោគវិញ ឬឃើញមានដីតំបន់ណាដែលមានតម្រូវថវិកាខ្ពស់ និងលក់ក្នុងតម្លៃទាបខ្លាំងទើបពួកគេទិញ” ។
លោកបន្តថា “សម្រាប់ការអភិវឌ្ឍវិស័យលំនៅដ្ឋាន ក្នុងដំណាក់កាលនេះ គម្រោងដែលបម្រុងនឹងចាប់អនុវត្តមួយចំនួនក៏បានបន្តផ្អាកទៅវិញ ដោយសារតែក្ដីបារម្ភពីស្ថានភាពទីផ្សារដែលកំពុងប្រឈមពាក់ព័ន្ធទៅនឹងប្រភពចំណូលរបស់ប្រជាជនទូទៅ ដែលជាអតិថិជនគោលដៅរបស់ខ្លួន។ នៅក្នុងស្ថានភាពនៃវិបត្តិសេដ្ឋកិច្ចកាលពីពេលកន្លងទៅនេះ មានប្រជាពលរដ្ឋមួយចំនួនបាត់បង់ប្រភពចំណូល ទើបតែក្នុងរយៈពេលប៉ុន្មានខែមុននេះមានភាពល្អប្រសើរឡើងវិញបន្តិចក្រោមការជ្រោមជ្រែងពីរដ្ឋាភិបាល។ ប៉ុន្តែពេលនេះ ស្ថានភាពប្រឈមបានកើតឡើងសារជាថ្មី ដែលមិនទាន់មានការអះអាងថា អាចល្អប្រសើរឡើងវិញនៅពេលណាឱ្យប្រាកដនោះទេ ដូច្នេះគម្រោងថ្មីៗមួយចំនួនក៏បន្តការផ្អាករង់ចាំដល់ឆ្នាំក្រោយ ឬយូរជាងនេះ” ។
អ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យម លោក ម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group បានមានប្រសាសន៍ថា ពេលនេះតម្លៃលំនៅឋានមានការប្រែប្រួល ជាពិសេសលំនៅដ្ឋានដែលសាងសង់រួចរាល់ និងដាក់លក់បន្តពីសំណាក់អ្នកទិញទុកវិនិយោគ។
លោកបញ្ជាក់ថា “សម្រាប់គម្រោងលំនៅដ្ឋានថ្មីដែលកំពុងសាងសង់ និងកំពុងដាក់លក់ គឺមិនមានការប្រែប្រួលនោះទេ ពោលគឺតម្លៃនៅទ្រឹង ប៉ុន្តែក៏មានតម្រូវការពីសំណាក់អតិថិជនដែលមានតម្រូវការស្នាក់នៅពិតប្រាកដ ប៉ុន្តែសម្រាប់ប្រភេទលំនៅដ្ឋានថ្មីដែរ ប៉ុន្តែបញ្ចប់ការសាងសង់ទាំងស្រុង និងត្រូវបានដាក់លក់បន្តដោយអ្នកវិនិយោគមួយចំនួនមានការធ្លាក់ចុះតម្លៃចាប់ពី ១០-២០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ” ។
លោក ម៉ាន់ ចាន់ឌី បានមានប្រសាសន៍បន្តទៀតថា “ការធ្លាក់ចុះនេះ មួយចំណែកធំគឺអាចបណ្តាលមកពីកំសួលនៃការកើនឡើងវិញនៃចំនួនអ្នកផ្ទុកជំងឺកាលពីពេលថ្មីៗនេះ ដែលធ្វើឱ្យអ្នកជំនួញក្នុងវិស័យមួយនេះភាគច្រើនរក្សាភាពស្ងប់ស្ងាត់រង់ចាំមើលឱកាសល្អ ប៉ុន្តែប្រសិនបើមានលំនៅឋានណាដែលមានតម្លៃទាបជាងទីផ្សារខ្លាំងដែលអាចផ្តល់ឱកាសចំណេញខ្ពស់ ពួកគេនឹងទិញទុកសម្រាប់លក់បញ្ចេញនៅឆ្នាំក្រោយ” ។
ដោយឡែកសម្រាប់នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា “តាមការកត់សម្គាល់របស់ខ្ញុំ ទីផ្សារអចលនទ្រព្យពិតជាទទួលរងនូវផលប៉ះពាល់មែន ប៉ុន្តែស្ថិតនៅក្នុងកម្រិតមួយទាបតែប៉ុណ្ណោះ ព្រោះពេលនេះសកម្មភាពនៃការទិញ-លក់ក្នុងផ្នែកមួយចំនួននៅតែបន្តមាន ហើយក្នុងការសាងសង់ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់ក៏នៅតែមាន គ្រាន់តែយឺតជាងមុនបន្តិច” ។
លោកស្រីបានបន្តទៀតថា “ពេលនេះអ្នកដែលប៉ះពាល់ខ្លាំងគឺអ្នកអភិវឌ្ឍន៍លំនៅឋានកម្រិតមធ្យម ដោយសារតែភាគរយនៃអតិថិជនគោលដៅរបស់ពួកគាត់ជួបបញ្ហានៃស្ថិរភាពចំណូលប្រចាំខែ ដោយសារតែការបាត់បង់ប្រភពចំណូល ឬចំណូលប្រចាំខែតិចជាងមុន ក្រោមវិធានការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុនមួយចំនួន ដូច្នេះចង់មិនចង់ ពួកគាត់ដែលជាអ្នកអភិវឌ្ឍន៍គម្រោងគឺត្រូវទទួលរងផលប៉ះពាល់បន្តជាចង្កោម ហើយផលប៉ះពាល់ទាំងអស់នេះអាចនឹងត្រូវចំណាយពេលយូរបន្តិច ក្នុងរយៈពេល១ឆ្នាំ ឬច្រើនជាងនេះ” ៕