ដោយ វុត្ថា
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបាននឹងកំពុងរៀបចំដាក់ដំណើរការដេញថ្លៃ ដើម្បីពង្រីកផ្លូវជាតិលេខ៤ ពី៧ម៉ែត្រទៅ១១ម៉ែត្រ ដើម្បីជំរុញការដឹកជញ្ជូនទំនិញ ការធ្វើដំណើរឱ្យមានសុវត្ថិភាព និងកំណើនសេដ្ឋកិច្ចជាតិ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីពេលថ្មីនេះឱ្យដឹងថា កម្ពុជាកំពុងពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីជំរុញការដឹកជញ្ជូន និងកំណើនសេដ្ឋកិច្ច ដែលបច្ចុប្បន្ននេះផ្លូវជាតិលេខ៤ កំពុងដាក់ឱ្យដេញថ្លៃ។
លោកបន្តថា “នៅក្នុងអំឡុងពេលនៃជំងឺកូវីដ១៩នេះ គម្រោងពង្រីកនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ មិនត្រូវបានផ្អាកនោះទេ នៅតែដំណើរការធម្មតា ហើយផ្លូវជាតិលេខ៤ កំពុងដាក់ដេញថ្លៃ ក្នុងការពង្រីកពី៧ ម៉ែត្រទៅ១១ ម៉ែត្រនៅតំបន់ដែលចាំបាច់ត្រូវពង្រីកបន្ថែម” ។
ធនាគារពិភពលោក (World Banks) កាលពីចុងឆ្នាំ ២០១៩ បានចុះហត្ថលេខាកិច្ចព្រមព្រៀងប្រគល់ប្រាក់កម្ចី១១០លានដុល្លារដល់ប្រទេសកម្ពុជា ដើម្បីកែលម្អផ្លូវជាតិលេខ៤ នេះ។ ក្រៅពីការលើកកំពស់ផ្លូវជាតិលេខ៤ រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុផងដែរ ដែលទុនវិនិយោគប្រមាណជិត២ពាន់លានដុល្លារអាមេរិក។
ផ្លូវជាតិលេខ៤នៅតែត្រូវបានចាត់ទុកថា មានសក្តានុពលខ្លាំងជាងបណ្តាផ្លូវផ្សេងៗ ដោយបានភ្ជាប់មហាតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ ទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅ ដែលនេះជាចំណុចពិសេសជាងគេ សម្រាប់សេដ្ឋកិច្ច។
ផ្លូវជាតិលេខ៤ ត្រូវបានចាត់ទុកជាផ្លូវហាយវ៉េ និងជាផ្លូវអាស៊ាន ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ មានរយៈចម្ងាយ ២៣២គីឡូម៉ែត្រ។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ តំបន់ស្ថិតនៅជាប់ផ្លូវជាតិលេខ៤ បានលេចឡើងនូវគម្រោងវិនិយោគអចលនទ្រព្យជាច្រើនដូចជា គម្រោងដីឡូត៍ គម្រោងលំនៅដ្ឋាន និងបុរី សម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម គម្រោងរោងចក្រ សសហគ្រាសផ្សេងៗ បានរះឡើងព្រោងព្រាតនៅតាមដងផ្លូវជាតិមួយនេះ៕