ដោយៈ ប៊ី
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យពីក្រុមហ៊ុនអន្តរជាតិបានលើកឡើងថា ការគ្រប់គ្រងអចលនទ្រព្យ ឬ Property Management ត្រឹមត្រូវដូចជា អគារលំនៅដ្ឋាន អគារពាណិជ្ជកម្ម និងអគារការិយាល័យ នឹងជួយរក្សាតម្លៃ ហើយថែមទាំងបង្កើនតម្លៃអចលនទ្រព្យនៅនាខាងអនាគត។
លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានថ្លែងឱ្យដឹងកាលពីពេលថ្មីៗនេះថា ការចំណាយលើសេវាកម្មគ្រប់គ្រងអចលនទ្រព្យ នឹងជួយរក្សាបានគុណភាពអគារ និងរក្សាបានតម្លៃអចលនទ្រព្យនាពេលអនាគត។
លោកបានថ្លែងថា “តើអ្នកព្យាយាមពិនិត្យវិធីសាស្ត្រអភិវឌ្ឍន៍ របស់គម្រោងអចល នទ្រព្យទាំងនេះថា តើពួកគេបានគិតយ៉ាងច្បាស់អំពី ការគ្រប់គ្រងអចលនទ្រព្យ (Property Management) ហើយតើពួកគេកំណត់ថ្លៃសេវាកម្មយ៉ាងដូចម្តេច?” ។ លោក បន្ថែមថា “អនាគតប្រតិបត្តិការទាំងអស់នេះ គឺការគ្រប់គ្រងអចលនទ្រព្យ (Property Management) នឹងជួយរក្សាគុណភាពអគារ (ខុនដូ) និងរក្សាបាននូវតម្លៃខ្ពស់នៅខាងមុខ” ។
លោក Ross Wheble ប្រធានក្រុមហ៊ុន Knight Frank Cambodia យល់ស្របថា ការគិតថ្លៃសេវាកម្មលើការគ្រប់គ្រង អចលនទ្រព្យគួរតែពិនិត្យ ដោយយកចិត្តទុកដាក់ ជាពិសេសថា តើវាគ្រប់គ្រាន់ដើម្បីគ្រប់គ្រងអគារនេះដែរឬទេ។
លោកបានបន្តថា វិនិយោគិនជាច្រើនយល់ថា ថ្លៃសេវាកម្មគ្រប់គ្រងអចលនទ្រព្យទាបជាការសន្សំ ប៉ុន្តែវាបានក្នុងរយៈពេលខ្លី។ ផលប៉ះពាល់រយៈពេលវែងលើការវិនិយោគអាចនឹងកើតឡើង ប្រសិនបើថ្លៃសេវាកម្មមិនគ្រប់គ្រាន់ សម្រាប់ចំណាយលើត្រួតពិនិត្យលើគុណភាព និងសោភ័ណភាពអគារជាដើម។ ទីពីរ តើអ្នកណានឹងគ្រប់គ្រងអចលនទ្រព្យ។
លោកបន្តថា “កត្តាទាំងនេះ(ការចំណាយការគ្រប់គ្រងអចលនទ្រព្យដូចជា អគារជាដើម និងក្រុមហ៊ុនជាអ្នកគ្រប់គ្រង?) ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាតម្លៃនាពេលអនាគត” ។
លោកមើលឃើញពីការកើនឡើង នៃចំនួនអ្នកវិនិយោគមកពីហុងកុងឥឡូវនេះកំពុងសម្លឹងមើលឱកាសនៅកម្ពុជាទាំងអាជីវកម្ម និងការវិនិយោគក្នុងវិស័យអចលនទ្រព្យ ខណៈភាគច្រើន FDI ចូលមកកម្ពុជាត្រូវបានគាំទ្រ ដោយការវិនិយោគចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ទោះបីការជួលក្នុងការិយាល័យលំដាប់ខ្ពស់ នៅរាជធានីភ្នំពេញបានធ្លាក់ចុះ២៥ភាគរយចាប់តាំងពីដើមឆ្នាំ២០១៧ ដោយសារការផ្គត់ផ្គង់ មានការកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែលោក Wheble នៅតែមានសុទិដ្ឋិនិយមថា “កម្ពុជានៅតែជាទីតាំងល្អសម្រាប់វិនិយោគិនបរទេសពិចារណា” ៕