ដោយ ៖ សំណាង
ភ្នំពេញ ៖ ក្រោយទទួលបានពាក្យបណ្ដឹងពីសំណាក់ប្រជាពលរដ្ឋសរុបប្រមាណ៨០០នាក់មកខេត្តកោះកុង ដោយទាមទារឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជួយរកដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគេដែលអះអាងថាមានវិវាទជាមួយក្រុមហ៊ុនឯកជនដែលទទួលបានសិទ្ធិវិនិយោគ និងអភិវឌ្ឍន៍នោះ ក្រសួងរៀបចំដែនដីបានសម្រេចចេញសេចក្ដីប្រកាសព័ត៌មាន ដែលបង្ហាញពីកិច្ចមិនគាំទ្រទៅលើការស្នើសុំទាំងស្រុងទៅលើពាក្យបណ្ដឹងនោះឡើយ។
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅមុខទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រជាពលរដ្ឋសរុបប្រមាណ៨០០នាក់ បានលើកគ្នាមកសុំការដោះស្រាយជូនពួកគេ ក្រោមហេតុផលពាក់ព័ន្ធទៅនឹងបញ្ហានៃវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជនចំនួន២ផ្សេងគ្នា ហើយក្នុងចំណោមប្រជាពលរដ្ឋទាំងនេះ ក៏មានអ្នកខ្លះដែលក្រីក្រមិនមានដីធ្លីសម្រាប់ស្នាក់នៅ និងបង្កបង្កើនផល ស្នើសុំដីសម្បទានសង្គមកិច្ច។
នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចចេញសេចក្ដីប្រកាសព័ត៌មានឆ្លើយតបទៅនឹងការស្នើសុំរកដំណោះស្រាយពីសំណាក់ប្រជាពលរដ្ឋសរុបប្រមាណ៨០០នាក់មកពីខេត្តកោះកុង ដែលអះអាងថាមានវិវាទដីធ្លីកម្មសិទ្ធិរបស់ពួកគាត់ជាមួយក្រុមហ៊ុនឯកជន ដែលទទួលបានសិទ្ធិវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងភូមិ ឃុំ មួយចំនួន នៃស្រុកស្រែអំបិល ខេត្តកោះកុង។
នៅក្នុងសេចក្ដីប្រកាសដដែលនេះបានបង្ហាញថា សំណើភាគច្រើនត្រូវបានក្រសួងដែនដីបដិសេធមិនទទួលដោះស្រាយនោះឡើយ ដោយហេតុថា ធ្លាប់បានធ្វើការដោះស្រាយចប់រួចរាល់កាលពីពេលកន្លងទៅ ហើយការស្នើសុំពីសំណាក់ប្រជាពលរដ្ឋខ្លះទៀតមិនសមហេតុផល និងមិនមានឯកសារដែលបញ្ជាក់ពីការកាន់កាប់ដីនោះឡើយ។
សេចក្ដីសម្អិតនៃការសម្រេចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទដីធ្លីខាងលើនេះមាននៅខាងក្រោមនេះ ៖