គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ និង​កម្រិត​ខ្ពស់​នឹង​បន្ត​ពង្រីក​ខ្លួន​នៅតាម​ផ្លូវជាតិសំខាន់ៗចេញពី​ភ្នំពេញ

0

ដោយ វុត្ថា

ភ្នំពេញៈ គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ និង​កម្រិត​ខ្ពស់​នឹង​បន្ត​ពង្រីក​ខ្លួន​នៅតាម​បណ្តោយ​ផ្លូវជាតិសំខាន់ៗ រហូតដល់​ជាង៣០គីឡូម៉ែត្រ​ចេញពី​ភ្នំពេញ ស្រប​ពេលដែល​តម្រូវកា​រ​លំនៅឋាន​តែ​បន្ត​កើនឡើង ទោះបី​ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ។

អគ្គនាយក​ក្រុមហ៊ុន Premium Group លោក​ម៉ាន់ ចាន់​ឌី បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២០នេះ​ឱ្យដឹងថា នៅតាម​បណ្តោយ​ផ្លូវជាតិសំខាន់ៗ ចេញពី​ភ្នំពេញ​ទៅកាន់​បណ្តា​ខេត្ត​នានា​របស់​កម្ពុជា មាន​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ និង​កម្រិត​ខ្ពស់​នៅតែ​បន្ត​កើនឡើង ជាមួយនឹង​តម្រូវការ និង​ប្រជា​ពល រដ្ឋ​នៅតែ​បន្ត​សម្រុក​មក​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ។

លោក​បន្តថា “ការពង្រីក​របស់​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ននេះ នៅមានកម្រិត​នៅឡើយ​បើ​ធៀប​ជាមួយនឹង​បណ្តា​ទីក្រុង​នានា នៅក្នុង​ប្រទេស​តំបន់​អាស៊ាន ដូច្នេះ​តម្រូវការ​នៃ​ការអភិវឌ្ឍ​ទាំង​គម្រោង​លំនៅឋាន​តម្លៃ​មធ្យម និង​កម្រិត​ខ្ពស់ នឹង​បន្ត​ពង្រីក​បន្ថែមទៀត ដោយ​យ៉ាង​ណាស់៣០គីឡូម៉ែត្រ​ពី​ភ្នំពេញ​បន្ថែមទៀត” ។

លោក​បន្ថែមថា  ជាមួយនឹង​ការអភិវឌ្ឍន៍ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ននេះ កាន់​តែមាន​ភាពប្រសើរ និង​ល្អ​ស្អាត និង​ជួយ​ជំរុញ​ឱ្យ និង​បង្ករ​លក្ខណៈ​ល្អប្រសើរ​សម្រាប់ អ្នក​អភិវឌ្ឍន៍​លំនៅឋាន​គ្រប់​ប្រភេទ ទៅ​អភិវឌ្ឍន៍ គម្រោង​របស់​ពួកគេ នៅតាម​បណ្តោយ​ផ្លូវជាតិសំខាន់ៗចេញពី​ភ្នំពេញ។

លោក​ម៉ាន់ ច័ន្ទ​ឌី​បាន​បន្ថែមថា ការពង្រីក​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន ទាំង​តម្លៃ​សមរម្យ និង​កម្រិត​ខ្ពស់ នៅតាម​ផ្លូវ​សំខាន់​ចេញពី​ភ្នំពេញ​រហូតដល់​ជាង៣០គីឡូម៉ែត្រ​នេះ ស្រប​ពេលដែល​ទីក្រុង​ភ្នំពេញ មាន​ភាព​មមាញឹក​ចរាច​រណ៍ និង​បរិយាកាស​បរិស្ថាន​មិនសូវមាន​អំណោយផល​ផងដែរ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលវត្ថុ​កម្ពុជា​បានឱ្យដឹង​ដែរ​ថា ទោះ​ក្នុង​កាលៈទេសៈ​បែបណា តម្រូវការ​លំនៅឋាន នៅតែ​បន្ត​មាន​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា ទាំង​តម្លៃ​វិញ​ក៏​មិន​ចុះ​ផងដែរ ដើម្បី​ឆ្លើយតប​ទៅ​តម្រូវការ​នេះ អ្នក​អភិវឌ្ឍន៍ បន្ត​អភិវឌ្ឍន៍​គម្រោង​លំនៅឋាន​ទាំង​តម្លៃ​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់។

លោក​បន្តថា តាម​ការមើលឃើញ​ជាក់ស្តែង នៅតាម​បណ្តោយ​ផ្លូវជាតិសំខាន់ៗចេញពី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត មាន​គម្រោង​អភិវឌ្ឍន៍​ទាំង​លំនៅឋាន​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់ ជាច្រើន​មានការ​កើនឡើង​ច្រើន និង​បន្ត​រីកចំរើន​បន្ថែមទៀត​ក្រោយ​ពេលដែល​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ត្រូវបាន​បញ្ចប់​ការសាងសង់។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន ឱ្យដឹងថា តម្រូវការ​លំនៅឋាន​ទាំង​កម្រិត​ធ​ម្យ​ម និង​ខ្ពស់ នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ប្រមាណ៥ម៉ឺន​ខ្នង​នៅក្នុងមួយឆ្នាំៗ ដែល​ភាគច្រើន​ជា​តម្រូវការ​របស់​យុវជន និង​អ្នក​ដែល​ទើប​រៀបការ​រួច៕

LEAVE A REPLY

Please enter your comment!
Please enter your name here