ដោយ ៖ វុត្ថា
ភ្នំពេញ៖ បើទោះបីភាគីថៃ និងកម្ពុជា បានឯកភាពគ្នាជាគោលការណ៍ក្នុងការបើកច្រកព្រំដែនអន្តរជាតិស្ទឹងបត់ជាបណ្តោះអាសន្ន ដើម្បីជំរុញកំណើននៃការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរ តែរហូតមកដល់ពេលនេះ ភាគីទាំងពីមិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយ។
លោក វ៉ាស៊ីម សូរិយ៉ា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២០ ថា ភាគីទាំងពីរ កម្ពុជា និងថៃ បានយល់ព្រមជាមួយគ្នាទៅវិញទៅមកជាគោលការណ៍ក្នុងការបើកច្រកព្រំដែនអន្តរជាតិស្ទឹងបត់នេះ តែមិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ ខណៈដែលប្រទេសទាំងពីរកំពុងប្រឈមនឹងការទប់ស្កាត់ជំងឺ Covid-19 ។
លោកថ្លែងថា “ យើងមិនទាន់បានជួបភាគីថៃនៅឡើយទេ តែឯកឧត្តមទេសរដ្ឋមន្ត្រីនៅតែខិតខំប្រឹងប្រែងទំនាក់ទំនងជាមួយភាគីថៃ ។ ភាគីទាំងពីរបានដឹងរឿងហើយ និងបង្ហាញពីបំណងរៀងៗខ្លួនក្នុងការបើកច្រកព្រំដែនអន្តរជាតិស្ទឹងបត់នេះខ្លាំងណាស់” ។
លោកបន្តថា “ យើងទាមទារឱ្យមានការជួបជុំគ្នា ដែលកន្លងមកនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់ជួប រដ្ឋមន្ត្រីក្រសួងសាធារណថៃតាំងពីខែ មេសា តែដោយសារតែបញ្ហាជំងឺ Covid-19 យើងមិនអាចជួបគ្នាបាន” ។
លោកបន្ថែមថា និយាយជារួម ខាងភាគីថៃ ស្ទើរតែគ្រប់ផ្នែកដឹងរឿងនេះ សូម្បីតែ គណ:កម្មការក្រុមធុរកិច្ចថៃ ខាងស្ថានទូតក៏បានដឹងពីបញ្ហានេះដែរ តែមិនទាន់បានជួបគ្នា ហើយក៏មិនដឹងថា ពេលណាដែលនឹងត្រូវបើកបណ្តោះអាសន្នដែរ” ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា នៅពេលដែលភាគីទាំងពីរ (ថៃ និងកម្ពុជា) មានការឯកភាពគ្នាក្នុងការបើកច្រកព្រំដែនអន្តរជាតិស្ទឹងបត់បានកាន់តែលឿនកាន់តែល្អប្រសើរក្នុងការជំរុញដល់ការដឹកជញ្ជូនរវាងប្រទេសទាំងពីរ។
លោកថ្លែងថា “ការបើកច្រកអន្តរជាតិថ្មីនេះជាមួយភាគីថៃ គឺជាចំណុចល្អក្នុងការនាំទំនិញចេញ និងចូល និងកំណើនសេដ្ឋកិច្ចទាំងអំឡុងពេល និងក្រោយពេលបញ្ចប់ជំងឺ Covid-19 តែអ្វីដែលសំខាន់នោះ យើងមានទំនិញប៉ុន្មានក្នុងការនាំចេញទៅថៃ ខណៈដែលភាគីថៃមានទំហំទំនិញនាំចូលច្រើនមកកាន់កម្ពុជា” ។
លោកបន្តថា “ច្រកអន្តរជាតិនេះ ជាកន្លែងដែលត្រូវដឹកទំនិញឆ្លងកាត់នៅក្នុងតំបន់អាស៊ានតែម្តង តែអ្វីដែលយើងត្រូវគិត គឺទំនិញរបស់កម្ពុជាប៉ុន្មានភាគរយដែលត្រូវដឹកចេញ យើងត្រូវថ្លឹងថ្លែងឱ្យមានសមតុល្យនឹងគ្នា ដើម្បីឆ្លើយតបទៅនឹងផលចំណេញទៅវិញទៅមក” ៕