ដោយ ៖ ហ្សូលី
ភ្នំពេញ ៖ សម្រាប់ក្រុមគ្រួសារដែលមានចំនួនសមាជិកតិច ឬទើបតែរៀបការរួចថ្មីថ្មោង ដែលកំពុងស្វែងរកលំនៅដ្ឋានសម្រាប់ស្នាក់នៅក្នុងរាធានីភ្នំពេញ ប៉ុន្តែមិនសូវសម្បូរធនធាននោះ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យណែនាំឱ្យពិចារណទៅលើការសម្រេចចិត្តទិញលំនៅដ្ឋានក្នុងអគារសហកម្មសិទ្ធិ ឬហៅថា ខុនដូ ខណៈដែលលំនៅដ្ឋានប្រភេទនេះផ្តល់នូវភាពងាយស្រួលដល់ការរស់នៅ ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត។
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Lucky Realty Co. Ltd លោក ឌឹត ចណ្ណា បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ថា ប្រភេទលំនៅដ្ឋានដែលស្រស់ស្អាត ទំនើបទាន់សម័យ និងមានតម្លៃសមរម្យស័ក្ដិសមទៅនឹងគូស្វាមីដែលទើបរៀបការថ្មីៗ ឬគ្រួសារដែលមានចំនួនសមាជិកតិច និងមានលទ្ធភាពសមរម្យដែលមានអាជីវកម្ម ឬបម្រើការងារនៅរាជធានីភ្នំពេញ គួរពិចារណាទៅលើការទិញខុនដូសម្រាប់រស់នៅ។
លោកបន្តថា “បើសិនជាប្តី ឬប្រពន្ធ អាចមានប្រាក់ចំណូលក្នុងម្នាក់ចន្លោះពី ៣០០-៤០០ ដុល្លារ អាចទិញខុនដូតម្លៃសមរម្យសម្រាប់រស់នៅបាន ប៉ុន្តែមិនមែនស្ថិតនៅចំកណ្តាលក្រុងនោះទេ។ ជាក់ស្ដែងដូចជាគម្រោងខុនដូនៅក្នុងខណ្ឌសែនសុខ ដែលមានតម្លៃប្រមាណត្រឹម ៥០០០០-៦០០០០ដុល្លារ” ។
អ្នកជំនាញរូបនេះរៀបរាប់ថា “សម្រាប់ខុនដូស្ថិតនៅក្នុងក្រុងវិញមានគម្រោងមួយចំនួនស្ថិតនៅតំបន់ទួលទំពូង ទួលគោក ឬស្ទឹងមានជ័យជាដើម តម្លៃអាចមានកម្រិតខ្ពស់ជាងនេះបន្តិច អាស្រ័យទៅតាមទំហំយូនីតនីមួយៗ ឬទីតាំងគម្រោងអភិវឌ្ឍន៍” ។
លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA បានមានប្រសាសន៍ថា សម្រាប់ទីផ្សារខុនដូ នៅមួយរយៈចុងក្រោយនេះ គឺមានសកម្មភាពឡើងវិញគួរឱ្យកត់សម្គាល់ ជាពិសេស ប្រភេទខុនដូតម្លៃមធ្យម ដែលមានតម្លៃចាប់ពី ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េចុះក្រោម គឺមានតម្រូវការខ្ពស់។
លោកថា “អ្នកទិញខុនដូប្រភេទនេះមាន២ ទី១) អ្នកដែលបម្រើការងារ និងមានមុខជំនួញនៅក្នុងក្រុង ដែលមានតម្រូវការជាក់ស្ដែងសម្រាប់រស់នៅ ហើយទី២) គឺអ្នកជំនួញអចលនទ្រព្យ ទិញទុកវិនិយោគបន្តយកចំណេញ ដែលអតិថិជនទាំង២ប្រភេទនេះ ភាគច្រើនជាអ្នកក្នុងស្រុក” ។
យោងតាមឱ្យដឹងពីរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា គិតត្រឹមដើមត្រីមាសទី៤ ឆ្នាំ២០២០នេះ កំណើននៃការផ្គត់ផ្គង់ទីផ្សារខុនដូ មានការកើនឡើងរហូតដល់ប្រមាណ ២០,៧០០យូនីត ក្នុងចំណោមទាំង៦០គម្រោង ដែលត្រូវបានដាក់បញ្ចូលនៅក្នុងទីផ្សាររួម ៕