ដោយៈ រ៉ាណេត
ភ្នំពេញៈ ចាប់តាំងពីដើមត្រីមាសទី៣ ជាពិសេសនៅដើមត្រីមាសទី៤នេះ ទីផ្សារខុនដូដែលផ្នែកមួយ នៅក្នុងវិស័យអចលនទ្រព្យបានបង្ហាញ ពីភាពពុះកញ្ជ្រោលជាងគេបើប្រៀបធៀបទៅនឹងផ្នែកដទៃទៀត ដូចជា ផ្នែកដីធ្លី និងលំនៅដ្ឋានជាដើម។
ប៉ុន្តែទោះជាយ៉ាងណា អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា បានលើកឡើងថានេះគ្រាន់តែជាចាប់ផ្តើមតែប៉ុណ្ណោះ។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២០នេះថា ភាពពុះកញ្ជ្រោលនៃទីផ្សារខុនដូពេល គឺគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ប៉ុន្តែវាជាសញ្ញាល្អដែលបង្ហាញពីស្ថានភាពវិជ្ជមាននៃវិស័យអចលនទ្រព្យ ងាកមករកភាពល្អប្រសើរវិញជាបណ្តើរ។
លោកបញ្ជាក់ថា “នៅចុងត្រីមាសទី៣នេះ ស្ថានភាពទីផ្សារអចលនទ្រព្យបានបង្ហាញសញ្ញាវិជ្ជមានជាបណ្តើរៗ ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ដែលភាពល្អប្រសើរនឹងបង្ហាញកាន់ច្បាស់នៅដើមឆ្នាំបន្ទាប់” ។ លោកបន្តថា “ភាពកល្អប្រសើរនៃវិស័យអចលនទ្រព្យកម្ពុជានៅពេលនេះ ត្រូវបានចែកដាច់ពីគ្នា ដែលក្នុងនោះផ្នែកទីផ្សារដីធ្លីនៅតែទទួលរងនូវផលប៉ះពាល់ ជាពិសេសគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ បន្ទាប់មកទីផ្សារលំនៅដ្ឋានមានភាពល្អប្រសើរបន្តិច ដែលទាំងសកម្មភាពសាងសង់ និងសកម្មភាពទិញលក់នៅតែបន្តមានតម្រូវការពីអ្នកក្នុងស្រុក។
ដោយឡែកសម្រាប់តែទីផ្សារខុនដូ ឬលំនៅដ្ឋានសហកម្មសិទ្ធិ ហាក់មានភាពល្អប្រសើរ និងលេចធ្លោជាងគេបន្តិច។
លោកបានបន្តទៀតថា “អ្វីដែលជម្រុញឱ្យមានកំណើនតម្រូវការទីផ្សារខុនដូ ក៏ព្រោះតែភាពរីកចម្រើន និងការអភិវឌ្ឍនៅក្នុងក្រុងកាន់តែធំ ចំនួនមនុស្សកាន់តែច្រើន ហើយរុញច្រានផ្នែកទីផ្សារលំនៅដ្ឋាន ចេញទៅក្រៅក្រុង ដូច្នេះចង់មិនចង់ ការទិញខុនដូសម្រាប់រស់នៅរបស់មនុស្សជំនាន់ថ្មី និងទើបតែរៀបការ ជាពិសេសអ្នកដែលបម្រើការងារនៅក្នុងក្រុងត្រូវតែចាប់យកទីផ្សារសម្រាប់ស្នាក់នៅជាក់ស្ដែង ឬជាផ្ទះទី២របស់ខ្លួន” ។
លោកសំ សុខនឿនបានថា ទោះជាកំណើននៃតម្រូវការ ទីផ្សារខុនដូតម្លៃមធ្យមមានភាពពុះកញ្ជ្រោលយ៉ាងណាក៏ដោយ សម្រាប់អតិថិជនដែលជាអ្នកទិញសម្រាប់ស្នាក់នៅ ក៏ដូចជាទិញសម្រាប់វិនិយោគបន្តគួរតែពិចារណា និងសិក្សាពីគម្រោងឱ្យល្អិតល្អន់ ជៀសវាងជួបគម្រោងគាំង ឬគម្រោងពន្យាពេលសាងសង់ ដែលប្រឈមទៅនឹងការខកចិត្ត និងខាតបង់ថវិកា។
នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានទទួលស្គាល់ពីកំណើន នៃទីផ្សារខុនដូក្នុងមួយរយៈពេលខ្លីចុងក្រោយនេះ ដោយលោកស្រីអះអាងថា ភាគច្រើនជាតម្រូវការរបស់យុវជនជំនាន់ក្រោយ។
លោកស្រីបន្តថា “ពួកគាត់ដែលទើបតែរៀបការរួច ហើយមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទិញលំនៅដ្ឋានជាប់ដីដែលមានតម្លៃថ្លៃ ដូច្នេះក្រោយពេលគាត់កកើតជាគ្រួសារថ្មី ពួកគាត់អាចទិញខុនដូដែលមានតម្លៃត្រឹមជាង៥ម៉ឺន ឬជាង៨ម៉ឺនដុល្លារ ដែលជាតម្លៃសមរម្យសម្រាប់ពួកគាត់” ។
ក្រៅពីនេះ ក៏មានតម្រូវការពីអ្នក ដែលមានផ្ទះជាន់ផ្ទាល់ដីរួចហើយ ដែលស្ថិតនៅជាយក្រុងផងដែរ ប៉ុន្តែបម្រើការងារ ឬធ្វើអាជីវកម្មប្រចាំថ្ងៃនៅក្នុងក្រុង ដូច្នេះពួកគាត់អាចជ្រើសរើសខុនដូណានៅទីតាំងណាមួយ ដើម្បីធ្វើជាផ្ទះទី២របស់ពួកគាត់ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរបំពេញការងារ។
លោកស្រី អាន សុធីតាបានបញ្ជាក់់ថា “ខ្ញុំគិតថា ក្នុងរយៈពេលប្រមាណ១០ឆ្នាំទៅមុខទៀត ប្រជាជនខ្មែរអាចផ្លាស់ប្ដូរ ឥរិយាបទនៃការរស់នៅក្នុងខុនដូ អាចចន្លោះពី៣០-៤៥ភាគរយ ខណៈដែលពេលបច្ចុប្បន្ននេះ ទើបតែមានប្រមាណ១០ភាគរយតែប៉ុណ្ណោះ” ៕