ដោយៈលក្ខិណា
ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនដ៏ធំមួយ មានមូលដ្ឋាននៅប្រទេសចិនបានថ្លែងថា រាជធានីភ្នំពេញកំពុងអភិវឌ្ឍទៅមុខដោយឥតឈប់ឈរ រហូតបានក្លាយទៅជាទីពេញចិត្ត និងពេញនិយមបំផុត ក្នុងចំណោមអ្នកទិញនិងវិនិយោគិននៅលើពិភពលោក។
លោក Ding Yongjun អគ្គនាយកក្រុមហ៊ុន Morgan Group ដែលកំពុងអភិវឌ្ឍន៍គំរោងខុនដូដ៏ធំនៅតំបន់ជ្រោយចង្វារបានថ្លែងបែបនេះ ក្នុងពិធីបើកបង្ហាញគម្រោងវីឡា លើអាកាសសម្រាប់អភិជនកាលពីថ្ងៃម្សិលម៉ិញថា ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៃសេដ្ឋកិច្ចពិភពលោក កម្ពុជាដែលជាតំបន់ខ្ពង់រាបថ្មី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅអាស៊ី ក្នុងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏បានទទួលការចាប់អារម្មណ៍ កាន់តែខ្លាំងឡើងនៅលើពិភពលោក ។
លោកបន្តថា “រាជធានីភ្នំពេញមានសក្តានុពលខ្លាំង ក្នុងការអភិវឌ្ឍជាមួយនឹងការកើនឡើងនូវកម្រិតជីវភាពរបស់ប្រជាជន និងបរិស្ថានលំនៅដ្ឋានប្រណីត តាមបែបប្រពៃណីដែលអាចបំពេញតំរូវការរបស់ប្រជាជន សម្រាប់ការតាំងទីលំនៅនិងការរស់នៅខ្ពស់បូករួមនឹងឧបករណ៍បច្ចេកទេសដ៏ល្អឥតខ្ចោះច្រើនសំបូរបែប” ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាជនលំដាប់ថ្នាក់ខ្ពស់ នៅលើពិភពលោកហើយក៏សម្រាប់ភាពជាម្ចាស់លំនៅឋាន ក្នុងភាពថ្លៃថ្នូរ និងបង្កើតអនាគតនៃការរស់នៅថ្មី ក្រុមហ៊ុន MORGAN GROUP បានសិក្សាអស់រយៈពេលជាច្រើនឆ្នាំ ដោយទទួលបានបទពិសោធន៍ ក្នុងការរស់នៅបែបលំដាប់កំពូលនៅអាស៊ីអាគ្នេយ៍ លើមាត់ទន្លេដ៏ល្បីល្បាញលើពិភពលោក ដែលបានបង្កើតស្នាដៃដល់ MORGAN ENMAISON ។
គម្រោងថ្មី GOLDEN SKY វានឹងអាចត្រូវគេរំពឹងថា នឹងអាចផ្លាស់ប្តូររបៀបរស់នៅបែបប្រពៃណី និងបង្កើតស្នាដៃសិល្បៈស្ថាបត្យកម្ម ដែលអាចបង្ហាញពីគុណតម្លៃគ្មានដែនកំណត់របស់អន្តរជាតិ ។
លោកអគ្គនាយកបន្ថែមថា គម្រោងថ្មីរបស់ Morgan អាចនិយាយបានថា ជាគម្រោងដ៏អស្ចារ្យមួយនៅក្នុងប្រទេសកម្ពុជា ដោយវាមានទីតាំងនៅជាប់មាត់ទឹក នៃដងទន្លេមេគង្គក្នុងតំបន់ជ្រោយចង្វារ ហើយដូចបានដឹងហើយប្រទេសអភិវឌ្ឍន៍ជាច្រើន និយមសាងសង់លំនៅដ្ឋាន និងអាគារខ្ពស់ៗនៅក្បែរមាត់ទឹក។
គម្រោងនេះ មានទីតាំងសម្រាប់ចតឧទ្ទម្ភាគចក្រ មានទីតាំងសម្រាប់ធុរជនក្នុងការជួបជជែកគ្នាពីការងារ មានផ្សារទំនើប និងលក់ផលិតផលល្បីៗលំដាប់ពិភពលោកផងដែរ។
លោកបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការអភិវឌ្ឍអ្វីមួយ អោយតែធ្វើពិតប្រាកដ ច្បាស់លាស់នឹងទទួលបានការគាំទ្រពីអ្នកវិនិយោគ និងសាធារណជន ក៏ប៉ុន្តែសម្រាប់គម្រោង ដែលមិនច្បាស់លាស់ នោះហានិភ័យនៃភាពបរាជ័យនឹងមានខ្ពស់៕