តើ​តម្លៃ​អចលនទ្រព្យ​នៅតាម​ផ្លូវ​ព្រះ​មុនីរ៉េត​កើនឡើង​ខ្ពស់​បែបណា​ហើយ

0

ដោយ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​បាន​ថ្លែងថា តម្លៃ​អចលនទ្រព្យ​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត កំពុងមាន​សក្តានុពល ហើយ​តម្លៃ​បន្ត​កើនឡើង​ប្រចាំឆ្នាំ។

នាយក​ក្រុមហ៊ុន Century21 Fortuna Investment លោក វ៉ា វីរៈ បាន​ប្រាប់ឱ្យដឹង​តាមរយៈ​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា អចលនទ្រព្យ​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត បើ​ប្រៀបធៀប​ជាមួយ​តំបន់​ដទៃទៀត ដូចជា​នៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​ហ្សា​ឌឺ​ហ្គោល ឬ​មហាវិថី​សហព័ន្ធរុស្ស៊ី គឺ​នៅមានកម្រិត​ទាប​នៅឡើយ។

លោក​បន្តថា “យើង​មើលឃើញ​ជាក់ស្ដែង​ស្រាប់ ចំពោះ​សំណង់​អាគារ​ដែល​ស្ថិតនៅ​តាមផ្លូវ​ព្រះ​មុនី​រ៉េត មិនសូវ​ជាមាន​ភាព​ទាក់ទាញ​ខ្លាំង ដូច​តាម​បណ្តា​ផ្លូវ​ដូចដែល​បាន​រៀបរាប់​ខាងលើ​នោះទេ” ។

ផ្លូវ​នេះ ត្រូវបាន​គេ​បែង​ចែកជា២តំបន់ គឺ​តំបន់​ទី១ ចាប់ពី​ផ្សារ​ដើម​គរ​ឆ្ពោះ​មក​អាងទឹក​អូឡាំពិក និង​តំបន់​ទី២ ចាប់ពី​ផ្សារ​ដើម​គរ ឆ្ពោះទៅ​ស្ពាន​ស្ទឹងមានជ័យ។

លោក​វ៉ា វីរៈ បាន​បន្តទៀតថា ចំពោះ​តំបន់​ទី១ មាន​ភាព​ទាក់ទាញ​ជាង ព្រោះ​នៅ​សងខាង​ផ្លូវ​ភាគច្រើន ត្រូវបាន​គេ​បើក​លក់​ជា​អាជីវកម្ម​ចំរុះ​បាន និង​មាន​មនុស្ស​ចរាចរណ៍​ឆ្លងកាត់​ច្រើន ដែល​ដី​នៅ​តំបន់​នេះ​មានតម្លៃ​ចន្លោះ​ពី៣៥០០ ទៅ៤៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ ដោយឡែក​ចំពោះ​តំបន់​ទី២ ហាក់​មិនសូវ​សម្បូរ​ផ្ទះ​អាជីវកម្ម​នោះទេ ហើយ​ប្រភេទ​ផ្ទះនីមួយៗភាគច្រើន​មាន​ប្រវែង​ខ្លី ហើយក៏​មានតែ​មួយ​ជួរ ព្រោះ​នៅ​ទល់​មុខជា​របង​សណ្ឋាគារ និង​របងភូមិ​គ្រឹះ។ ដូច្នេះ​តំបន់​ទី២នេះ មានតម្លៃ​ទាប​ជាង​តំបន់​ទី១ ដែល​អាច​ស្ថិតនៅក្នុង​ចន្លោះ​ពី៣០០០ ទៅ៤០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

យ៉ាងណាក៏ដោយ លោក​វ៉ា វីរៈ ក៏បាន​បញ្ជាក់​បន្ថែមថា តម្លៃ​ខាងលើនេះ​ជា​តម្លៃនៅលើទីផ្សារ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​នៅ​ថ្ងៃ​ខាងមុខនេះ អាច​នឹងមាន​ការកើនឡើង​ខ្ពស់ជាង​នេះ ព្រោះ​ជាទូទៅ​តម្លៃ​ដី​នៅក្នុង​រាជធានី​ភ្នំពេញ តែងមាន​ការកើនឡើង​ក្នុង​រង្វង់​ប្រមាណ១០-១៥ ភាគរយ​ប្រចាំឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here