ដោយៈ រ៉ាណេត
ភ្នំពេញៈ ដោយសារតែសម័យកាលកាន់តែរីកចម្រើន និងមានការអភិវឌ្ឍកាន់តែល្អប្រសើរ ដែលនាំឱ្យមានការផ្លាស់ប្ដូរនៃការគិត និងតម្រូវការជាក់ស្ដែងនៃការរស់នៅ ប្រជាជនខ្មែរមួយចំនួន នឹងការប្ដូរនិន្នាកាទិញដីឡូត៍ដោយការបង់រំលោះ មកទិញខុនដូដោយការបង់រំលោះវិញ ជាមួយនឹងការសម្លឹងឃើញពីឱកាស ទទួលបានផលចំណេញផងដែរ។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្នុងពេល៣-៥ ឆ្នាំខាងមុននេះ ប្រជាជនខ្មែរ នឹងមាននិន្នាកាប្រែប្រួលពីការទិញដីឡូត៍ មកទិញខុនដូច្រើនឡើងៗ ហើយអ្នកអភិវឌ្ឍន៍ដីឡូត៍មួយចំនួនក៏នឹងអាចងាកមកចាប់អារម្មណ៍ លើការអភិវឌ្ឍន៍គម្រោងខុនដូតម្លៃសមរម្យ ក្នុងកម្រិតណាមួយដើម្បីស្របតាមតម្រូវការទីផ្សារជាក់ស្ដែង។
អ្នកទំនាញរូបនេះបានពន្យល់ថា “ខ្ញុំសម្លឹងមើលឃើញទីផ្សារខុនដូ នាពេលអនាគតបែបនេះ ហើយវាជាការពិតដែលខ្ញុំត្រូវតែនិយាយ ការនិយាយបែបនេះអាចឱ្យបងប្អូន ដែលជាអ្នកទិញដីឡូត៍នៅឆ្ងាយពីទីក្រុងពេក ឬអ្នកអភិវឌ្ឍន៍គម្រោងដីឡូត៍អាចមានការមិនពេញចិត្ត។ លោកបន្ថែមថា “ប៉ុន្តែវាជារឿងពិត ដែលនិន្នាកាប្រែប្រួលនៃតម្រូវខុនដូរនឹងកើនឡើងដោយសារតែហេតុផលចាំបាច់មួយចំនួន” ។
លោកសំ សុខនឿនបានបញ្ជាក់ថា មានកត្តាជាច្រើនដែលជំរុញឱ្យប្រជាជនខ្មែរដែលរស់នៅក្នុង និងជាយក្រុងងាកមកទិញខុនដូ ដោយសារតែ ទី១ កំណើនប្រជាជនក្នុងក្រុងកាន់តែច្រើនឡើងៗ ដែលបណ្តាលឲ្យចរាចរក្នុងក្រុងកាន់តែមហាញឹក ស្ទះចង្អៀត ពិបាកក្នុងការធ្វើដំណើរពីកន្លែងមួយ ទៅកន្លែងមួយ ដែលធ្វើឲ្យចំណាយពេលវេលាយូរនៃការធ្វើដំណើរ។ ទី២ ការអភិវឌ្ឍដីឡូត៍ និងការអភិវឌ្ឍនបុរីកាន់តែឆ្ងាយពីទីក្រុងលើសពី៤០គីឡូម៉ែត្រ ដែលធ្វើឱ្យអ្នកទិញសម្រាប់ សាងសង់ផ្ទះស្នាក់មានផលពិបាក ដែលក្រៅពីចំណាយថវិកាសាងសង់លំនៅដ្ឋាន ថែមទាំងត្រូវចំណាយពេលវេលាច្រើន ក្នុងការធ្វើដំណើចេញចូលក្រុងដើម្បីបំពេញការងារ និងប្រកបអាជីវកម្មប្រចាំថ្ងៃ។
លោកបន្តថា “គម្រោងអភិវឌ្ឍន៍ដីឡូត៍ អាចជួបបញ្ហាលំបាកនាពេលអនាគត ដែលបញ្ហាលំបាកទាំងនោះ ទាក់ទងនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូ ទឹកភ្លើង -ល-។ ជាមួយគ្នានេះ នៅពេលស្ថេរភាពនយោបាយកាន់តែមានលំនឹង សេដ្ឋកិច្ចប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើងៗ នាពេលអនាគត ចំណូលប្រជាជនខ្មែរកាន់តែកើនឡើង រួមជាមួយចំណេះដឹងនៃការគិតទៅលើផាសុកភាព នៃការរស់នៅកាន់តែខ្ពស់ នឹងធ្វើឱ្យពួកគាត់ចង់រស់នៅខុនដូ ដែលមានបណ្តុំសេវាជាច្រើន ដូចជា កន្លែងហាត់ប្រាណដើម្បីសុខភាព ស្ទីម សូណា មានអាងហែលទឹក ផ្សារទំនើប អាហារដ្ឋាន ដែលបង្កភាពងាយស្រួលក្នុងការរស់នៅ” ។
បច្ចុប្បន្ន សម្រាប់ទីផ្សារ និងតម្រូវការទិញខុនដូតម្លៃសមរម្យ ក្នុងរង្វង់ចាប់ពីជាង៥ម៉ឺនដុល្លារឡើងទៅ មានកើនឡើងបើធៀមទៅនឹងឆ្នាំកន្លងទៅ ដោយសារអ្នកអភិវឌ្ឍ ក៏ដូចជាក្រុមហ៊ុនភ្នាក់ងារទទួលលក់ ផ្តល់នូវលក្ខខណ្ឌងាយស្រួលក្នុងការទិញ និងមានកិច្ចសហការពីធនាគារ ដែលផ្តល់ជូននៃការបង់ប្រាក់រយៈពេលវែង ឬកម្ចីពីធនាគាដែលមានការប្រាក់ទាប និងអនុគ្រោះដល់អតិថិជន ក្នុងការបង់ប្រាក់រំលស់ប្រចាំខែ ក្នុងកម្រិតទាប និងសមរម្យប្រហាក់ប្រហែលទៅនឹងការបង់រំលោះដីឡូតិ៍ផងដែរ៕